អានតួអត្ថបទ
កម្ពុជា

កម្ពុជា​ប្រកាស​អាសន្ន​ពី​ទឹកជំនន់​ទន្លេមេគង្គ

ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រកាស​អាសន្ន​ពី​កម្រិត​ទឹក​ទន្លេមេគង្គ​នៅ​ខេត្ត​ស្ទឹងត្រែង ក្រចេះ កំពង់ចាម និង​នៅ​ទន្លេបាសាក់ ក្នុង​ខេត្ត​កណ្តាល​។ កម្រិត​ទឹក​នៅ​តាម​ស្ថានីយ៍​ជល​សាស្ត្រ​ទាំងនោះ បាន​ឡើង​លើសពី​កម្រិត​កម្ពស់ ដែល​ត្រូវ ប្រកាស​អោយ​មហាជន​ប្រុងប្រយ័ត្ន​ហើយ​។

ជីវភាព​របស់​ប្រជាជន​ក្រីក្រ នៅ​ភូមិសែន​សុខ ពេល​មាន​ទឹកជំនន់
ជីវភាព​របស់​ប្រជាជន​ក្រីក្រ នៅ​ភូមិសែន​សុខ ពេល​មាន​ទឹកជំនន់ ©សុផល/RFI
ផ្សាយពាណិជ្ជកម្ម

ក្នុង​សេចក្តីជូនដំណឹង​បន្ថែម នៅ​ថ្ងៃ​១០​សីហា ឆ្នាំ​២០១១ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​លើកឡើង​ថា ជំនន់​ទឹក​ទន្លេមេគង្គ​នៅ​ភាគ​ខាងលើ​ក្នុង​ខេត្ត​ស្ទឹងត្រែង ក្រចេះ កំពង់ចាម និង​នៅ​ទន្លេបាសាក់​ក្នុង​ខេត្ត​កណ្តាល នៅតែ​បន្ត​ជន់​ឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​។ ចំណែក​នៅ​តំបន់​អាង​ទន្លេមេគង្គ ក៏​មាន​ភ្លៀង​ធ្លាក់​ច្រើន​ថែម​ទៀត ដោយសារ​ឥទ្ធិពល​ប្រព័ន្ធ​សម្ពាធ​ទាប​មួយ ដែល​កំពុង​ស្ថិតនៅ​ពី​លើ​អាង​ទន្លេមេគង្គ​។ ក្រសួង​ធនធានទឹក បានប្រកាសឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ខេត្ត​ស្ទឹងត្រែង ក្រចេះ កំពង់ចាម និង​នៅ​ស្រុក​ស្អាង​ខេត្ត​កណ្តាល ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​បំផុត​អំពី​គ្រោះទឹកជំនន់​។

សេចក្តីជូនដំណឹង​ដដែល​ក៏​បាន​បង្ហាញថា ប្រព័ន្ធ​សម្ពាធ​ទាប​ថ្មី​មួយ នឹង​ធ្វើអោយ​មាន​ភ្លៀង​ធ្លាក់​ច្រើន​បន្ថែមទៀត នៅ​អាង​ទន្លេមេគង្គ​លើ​ក្នុង​ប្រទេស​ឡាវ និង​ប្រទេស​ថៃ​។ ស្ថានភាព​នេះ នឹង​បណ្តាលអោយ​ទឹកជំនន់​ទន្លេមេគង្គ​ក្នុង​ប្រទេស​ក​កម្ពុជា ទន្លេសាប និង​ទន្លេបាសាក់ បន្ត​កើនឡើង​។ តាម​ការព្យាករណ៍​កម្ពស់​ទឹក​នៅ​តាម​ស្ថានីយ៍​ជល​សាស្ត្រ​មួយចំនួន​គិត​ត្រឹម​ថ្ងៃទី​១០​សីហា ឆ្នាំ​២០១១ គឺ​នៅ​ស្ថាន​នី​យ៍​ខេត្ត​ស្ទឹងត្រែង ក្រចេះ កំពង់ចាម និង​កម្ពស់​ទឹក​ទន្លេបាសាក់ នៅ​កោះ​ខែល កម្ពស់​ទឹកទន្លេ បាន​កើនឡើង​ហួស​ពី​កម្ពស់ ដែល​ត្រូវ​ប្រកាស​អាសន្ន​ហើយ​។

សេចក្តីជូនដំណឹង ក៏​បាន​គូសបញ្ជាក់ថា ស្ថានភាព​ទឹក​ទន្លេបាសាក់ នៅ​កោះ​ខែល ក្នុង​ខេត្ត​កណ្តាល អាច​ធ្វើអោយ​មាន​ទឹកជំនន់ ហូរ​ចេញពី​ទន្លេបាសាក់​នៅ​ត្រើយ​ខាងកើត ហូរ​កាត់​លើ​ផ្លូវជាតិ​លេខ​១១០ ផងដែរ​។ លោក លឹម គានហោ រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​អំពាវនាវ​ក្នុង​សេចក្តីជូនដំណឹង ដើម្បី​ឲ្យ​អាជ្ញាធរ​ដែនដី និង​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ដង​ទន្លេមេគង្គ ទន្លេបាសាក់ និង​ទន្លេសាប បង្កើន​ការយកចិត្តទុកដាក់​ប្រុងប្រយ័ត្ន​ខ្ពស់​បំផុត ចំពោះ​ស្ថានភាព​ទឹក​ជំនន់​នៅ​ឆ្នាំនេះ​។

ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃ​សុក្រ​ចុង​សប្តាហ៍​មុន លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ណែនាំ​ផ្ទាល់មាត់​ឲ្យ​អាជ្ញាធរ​ដែនដី ស្ថិតនៅតាម​បណ្តោយ​ទន្លេមេគង្គ និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​តាមដាន​ពិនិត្យ​ស្ថានភាព​នៃ​ការវិវត្តន៍​នៃ​ទឹកទន្លេ ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន​ជូន និង​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ណា ដែល​មាន​លំនៅដ្ឋាន ដែល​ងាយ​នឹង​រងគ្រោះ​ដោយសារ​ទឹកជំនន់​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ