អានតួអត្ថបទ
កម្ពុជា-នយោបាយ

ប្រតិកម្ម​ធ្លាក់​មក​ជា​បន្ត​បន្ទាប់​ជុំវិញ​ការ​ភ្នាល់​គ្នា​រវាង លោក សម រង្ស៊ី និង លោក ហ៊ុន សែន

ប្រតិកម្ម​នានាបាន​ធ្លាក់​មក​ជា​បន្ត​បន្ទាប់​ក្រោយ លោក សម រង្ស៊ី ចេញ​មុ​​ខ​បបួល​លោក ហ៊ុន សែន ភ្នាល់​លើ​​ការ​ដោះលែង​លោ​ក កឹម ​សុខា។ ជា​ប្រតិកម្ម​ដែល​ចាត់​ទុក ការភ្នាល់​គ្នា​រវាង​អ្នក​នយោបាយ​ជើង​ចាស់​ទាំង​ពីរ​រូប​នេះ​ថា មិន​បាន​ផល​ចំណេញ​អ្វី​ដល់ជាតិ​នោះ​ឡើយ។

លោក សម រង្ស៊ី និងលោក កឹម សុខា នៅ​ក្នុង​សន្និសីទ​រួម​គ្នា​កាល​ពី​កន្លង។
លោក សម រង្ស៊ី និងលោក កឹម សុខា នៅ​ក្នុង​សន្និសីទ​រួម​គ្នា​កាល​ពី​កន្លង។ Sam Rainsy/ FB Page
ផ្សាយពាណិជ្ជកម្ម

លោកស្រី​ម៉េង សុភារី មេធាវី​ការ​ពារ​ក្ដី​លោក កឹម សុខា លើក​ឡើង​ថា មិន​គួរ​យក​លោក កឹម សុខា ជា​កម្ម​វត្ថុ​នៃ​ការ​ភ្នាល់​គ្នា​នោះ​ទេ​ពី​ព្រោះ​សេរីភាព​របស់​លោក កឹម សុខា មិនមែន​ជា​ហ្គេម ឡើយ។ ប៉ុន្តែ​សេរីភាព​របស់ លោក កឹម សុខា មាន​តម្លៃ​អាច​កំណត់​វាស​នា​ជាតិ ដែល​អ្នក​ស្នេហាជាតិ​ទាំងអស់​គួរ​ស្វែង​រក​ដំណោះស្រាយ​ដែល​ប្រសើរ។

ចំណែក លោក មុត ចន្ថា អតីត​នាយក​ខុទ្ទកាល័យ លោក កឹម សុខា បាន​ហៅ​ការ​ភ្នាល់​របស់​អ្នកនយោបាយ​ជើង​ចាស់​ទាំង​ពីរ​រូប​នេះ​ថា អ្នក​ចាញ់ គឺ លោក កឹម សុខា និង​ពលរដ្ឋ​ខ្មែរ។

រីឯ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក លោក កឹម សុខា បាន​សរសេរ​ថា បើ​ទោះ​បី​រូប​លោក​មិន​មាន​សេរី​មែន តែ​លោក​ដឹង​ថា អ្នក​ណា​កំពុង​ធ្វើអ្វី​មក​លើ​រូប​លោក​និង​ប្រទេស​ជាតិ។

បន្ថែម​លើ​នេះ​ សេចក្ដី​ថ្លែង​ការណ៍​របស់ក្រុមអ្នកគាំទ្រដែល​បន្ត​ហៅ​ខ្លួន​ឯង​ជា​គណបក្ស​សង្គ្រោះជាតិ​ប្រចាំសហរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​ទី​៩​វិច្ឆិកា បាន​សម្ដែង​ការ​ខក​ចិត្ត​បន្ទាប់​ពី​បាន​ឃើញ​លោក សម រង្ស៊ី ​ផ្ដួច​ផ្ដើម​គំនិត​បបួល​លោក ហ៊ុន សែន ភ្នាល់​គ្នា​លើ​ករណី​ដោះ​លែង​ឬ​មិន​ដោះលែង​លោក កឹម សុខា ។ ក្រុម​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ​អំពាវនាវ​ដល់​អ្នក​នយោបាយ​ខ្មែរ​គ្រប់​រូប​បញ្ឈប់​នូវ​ចរឹក​នយោបាយ ដែល​ប្រាស​ចាក​នូវ​គុណធម៌ ហើយ​ងាក​មក​ប្រកាន់​នូវ​ក្រម​សីលធម៌​និង​ធ្វើអ្វីៗ​ដោយ​តម្កល់​ប្រយោជន៍​ជាតិ​និង​ប្រជាពលរដ្ឋ​ជា​ធំ។

ក្រៅ​ពី​ប្រតិកម្ម​រិះ​គន់ ក៏​មាន​ដែរ​ការ​គាំទ្រ។ លោកគង់ សភា អតីត​តំណាងរាស្ត្រ​នៃ​អតី​ត​គណបក្ស​សង្គ្រោះជាតិ បាន​លើក​ឡើង​ថា បើ​លោក សម​ រង្ស៊ី​ ចាញ់​ក្នុង​ការភ្នាល់នេះ​ ហើយត្រូវ​ដើរចូល​គុក​ រូបលោកផ្ទាល់ ​ក៏​ស័្មគ្រ​ចិត្ត​កំដ លោក សម រង្ស៊ី​ ដែរ។ ព្រោះ​បើ​តាម​​លោក គង់ សភាការ​ភ្នាល់​នេះ​គឺ​ដើម្បី​សេរីភាព​ខ្មែរ​ទាំង​មូល។

សូម​រំឭក​ថា លោក សម រង្ស៊ី តាមរយៈ​ហ្វេសប៊ុក​បាន​សរសេរ​ថា ក្រោម​សម្ពាធ​អន្តរជាតិ លោក ហ៊ុន សែន នឹង​ត្រូវ​បង្ខំ​ចិត្ត​ដោះលែង​លោក កឹម សុខា នៅថ្ងៃទី ២៩ ធ្នូ ចុងឆ្នាំនេះ ឬ​យ៉ាង​យូរ​ថ្ងៃ ០៣ មីនា ២០១៩។

លក្ខខណ្ឌ​នៃ​ការ​ភ្នាល់ លោក សម រង្ស៊ី ថា បើ​ឈ្នះ​ការ​ភ្នាល់ លោក​សុំ​ឲ្យ​លោក ហ៊ុន សែន ចុះ​ចេញ​ពី​តំណែង។ តែ​បើ​ខ្លួន​លោក​ចាញ់​វិញ លោក​សុខ​ចិត្ត​ឲ្យ​លោក ហ៊ុន សែន ចាប់​ខ្លួន យក​ទៅ​ឃុំ​ទន្ទឹម​នឹង​លោក កឹម សុខា។

មិន​បង្អង់​យូរ​តាម​រយៈ​ហ្វ្រេសញូវ លោក ហ៊ុន សែន យល់​ព្រម​នឹង​ការ​ភ្នាល់​របស់​លោក សម រង្ស៊ី ដោយ​ឯកភាព​នឹង​លក្ខខណ្ឌ​ចុះ​ចេញ​ពី​តំណែង ប្រសិន​បើ​លោក​ចាញ់​ការភ្នាល់​នេះ។ តែថា លោក សម រង្ស៊ី ក៏​ដូច​គ្នា បើ​ចាញ់​ការ​ភ្នាល់ លោក សម រង្ស៊ី នឹង​ត្រូវចូល​ឲ្យ​លោក ហ៊ុន សែន ចាប់ខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ