អានតួអត្ថបទ
កម្ពុជា

បក្ស​សង្គ្រោះជាតិ​សុំ​យោបល់​ក្រសួង​មហាផ្ទៃ​ដើម្បី​រៀបចំ​ឲ្យ​តម្រូវ​​ចិត្ត​របស់​ក្រសួង!

នៅថ្ងៃនេះ ក្រសួង​មហាផ្ទៃ  បាន​​បដិសេធបេក្ខភាព​​អនុប្រធាន​ថ្មី​ទាំង​បីនាក់​របស់​បក្ស​សង្គ្រោះ​ជាតិ​! ភ្លាម​ៗ លោក អេង ឆៃអ៊ាង​ មន្ត្រី​ជាន់​ខ្ពស់​និង​ជា​អនុប្រធានរបស់​​បក្ស​សង្គ្រោះ​ជាតិ​​​ផង បាន​ប្រតិកម្ម​ថា បើ​ទោះបី​អ្ន​កជំនាញ​ច្បាប់​របស់​បក្ស​សង្គ្រោះជាតិ ​ខំ​ប្រឹង​ធ្វើ​​យ៉ាង​ណា​ក៏ដោយ​ ក៏​មិន​ត្រូវ​ចិត្ត​របស់​ក្រសួង​មហាផ្ទៃ​ដែរ​។ ដូច្នេះលោក សុំ​ឲ្យ​ក្រសួងមហាផ្ទៃ​​ឲ្យ​យោបល់​តែ​ម្តង​មក ថា​តើ​បក្ស​ប្រឆាំង គួរ​តែ​ធ្វើ​ដូច​ម្តេច​បាន​ត្រូវ​? 

រូប​ថត​តំណាង៖ លោកកឹម​ សុខា ថ្លែង​ក្នុង​ទី​ស្នាក់​ការ​កណ្ដាល​គណបក្ស​សង្គ្រោះជាតិ​ក្នុង​វគ្គបណ្ដុះបណ្ដាលថ្នាក់​ដឹកនាំ​ខេត្ត​កណ្ដាលកាលពីថ្ងៃទី០៩ ខែកក្កដា
រូប​ថត​តំណាង៖ លោកកឹម​ សុខា ថ្លែង​ក្នុង​ទី​ស្នាក់​ការ​កណ្ដាល​គណបក្ស​សង្គ្រោះជាតិ​ក្នុង​វគ្គបណ្ដុះបណ្ដាលថ្នាក់​ដឹកនាំ​ខេត្ត​កណ្ដាលកាលពីថ្ងៃទី០៩ ខែកក្កដា @Kem Sokha
ផ្សាយពាណិជ្ជកម្ម

ក្រៅពី​ទទួលយកការ​លុប​ពាក្យ​ស្លោក និង​យល់ព្រម​ទទួលស្គាល់លោក កឹម សុខា ជា​ប្រធាន​​ថ្មី របស់​បក្ស​សង្គ្រោះ​ជាតិ, ប៉ុន្តែ​ក្រសួង​មហាផ្ទៃ បាន​បញ្ជាក់ច្បាស់ៗថា មិន​ទទួល​ស្គាល់​បេក្ខភាព​​អនុប្រធាន​ថ្មី​ទាំង​បីនាក់​របស់​បក្សសង្គ្រោះជាតិ​នោះទេ។​ ព្រោះ​ថា ការ​ជ្រើស​​តាំង​លោក ប៉ុល ហំម លោកស្រី មួរ សុខហួរ និង​លោក អេង ឆៃអ៊ាង តាមរយៈ​សមាជវិសាមញ្ញ នៅថ្ងៃទី២មីនានោះ​​ គឺវា​មិន​ស្រប​ទៅ​តាមប្រការ​៤៧ថ្មី នៃ​​លក្ខន្តិកៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដោយសារតែការ​ជ្រើស​តាំង​នេះ ហួស​រយៈ​ពេល​៣០ថ្ងៃ គិត​ចាប់​ពី​ថ្ងៃ ដែល​លោក សម រង្ស៊ី បាន​លាលែងចេញ​​ពី​ប្រធាន​បក្ស។

ភ្លាមៗក្នុង​បទ​សម្ភាស​ជាមួយ​វិទ្យុ​បារាំងអន្តរជាតិ​ RFI  លោក អេង ឆៃអ៊ាង​ មន្ត្រី​ជាន់​ខ្ពស់​និង​ជា​អនុប្រធាន​ថ្មី​ម្នាក់​របស់​បក្ស​សង្គ្រោះជាតិ ហាក់​ដូច​ជា​ទល់​តម្រិះ និង​បាន​និយាយ​ចាក់​បណ្តោយ​តែម្តង​ថា បើ​ទោះបី​អ្ន​កជំនាញចេះ​​ច្បាប់ជ្រៅជ្រះ​​របស់​បក្ស​សង្គ្រោះជាតិ​ ខិត​ខំ​ប្រឹង​ធ្វើ​ត្រឹមត្រូវ​​យ៉ាងណាក៏ដោយ ក៏​មិន​ត្រូវ​ចិត្ត​របស​ក្រសួង​មហាផ្ទៃនោះ​ដែរ។ ហេតុ​ដូច្នេះហើយ លោក អេង ឆៃអ៊ាង ​សុំ​ឲ្យយោបល់​ពី​ក្រសួង​មហាផ្ទៃ​មកតែម្តង ថាតើ​បក្ស​ប្រឆាំង គួរ​តែ​ត្រូវ​យ៉ាង​ដូចម្តេច​បាន​ត្រូវ​?

ទន្ទឹម​នេះ លោក អេង ឆៃ​អ៊ាង បានអះអាង​​ឡើង​វិញ ថា ការ​ជ្រើស​រើស​ក្បាល​ម៉ាស៊ីន​របស់​បក្ស​ខ្លួន គឺ ត្រឹម​ត្រូវ​ហើយ ពោលគឺ​មុន​រយៈ​ពេល​៣០ថ្ងៃ ដែល​លោក សម រង្ស៊ី លាលែងពី​តំណែង​។ ក៏ប៉ុន្តែ រួច​បន្តិច​មក​ លោក អេង ឆៃ​អ៊ាង​ ហាក់​ដូចជា​ខ្ជិល​ចង់​ពន្យល់​អ្វី​ច្រើន​ទៀត ដោយលោក​​លើកឡើង​ថា កុំឲ្យ​ស្មុគស្មាញ​អ្វី​តទៅទៀត សុំ​ឲ្យ​ក្រសួង​មហាផ្ទៃ​ប្រាប់​តែម្តង​ទៅ ថា​តើ​បក្ស​សង្គ្រោះជាតិ ត្រូវ​ធ្វើ​យ៉ាង​ណា ដើម្បីឲ្យ​ត្រឹម​ត្រូវ។ ព្រោះ​លោក​ដឹង​ថា បើ​បក្ស​ប្រឆាំង​ធ្វើ​យ៉ាងម៉េច​ ក៏គង់​តែ​ខុស​ដែរ​។​

សូម​រម្លឹក​ជូន​ថា នៅថ្ងៃអាទិត្យ​ទី​២មេសា​កន្លងទៅនេះ គណបក្ស​សង្រ្គោះ​ជាតិ​ បាន​កោះ​ប្រជុំ​គណកម្មាធិការ​នាយក​ និងបាន​សម្រេច​​ ជា​បន្ទាន់ លុប​ចោល​ពាក្យ​ស្លោក “ដូរ​មេឃុំ​បម្រើ​បក្ស ដាក់​មេ​ឃុំបម្រើ​រាស្ត្រ​” តែ​បក្ស​ប្រឆាំង ​នៅតែ​​​រក្សាចំនួន​អ្នក​ដឹក​នាំ​​ក្បាល​ម៉ាស៊ីនទាំង​បួន​​រូប​របស់​ខ្លួន​ឲ្យ​នៅ​ដដែល។

ការ​កោះប្រជុំ​និង​សម្រេច​ដូច្នេះ គឺក្រោយ​ពី​ក្រសួង​មហាផ្ទៃ​ នៅ​​ថ្ងៃ​ទី​២២ ខែ​មីនា បាន​ស្នើ​ឲ្យ​គណបក្ស​ប្រឆាំង ដកចេញ​នូវ​ចំណង​ជើង “ដូរ​មេឃុំ​បម្រើ​បក្ស ដាក់​មេឃុំ​បម្រើ​រាស្ត្រ” ដែល​មាន​ចែង​នៅ​ក្នុង​គោល​នយោបាយ​អាទិភាព​៥ចំណុច​របស់​បក្ស​ សម្រាប់​យុទ្ធនាការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​នេះ។ ក្រសួង​មហាផ្ទៃ​ចាត់​ទុក​ថា​ចំណង​ជើង​នេះ​មាន​ខ្លឹម​សារ​ផ្ទុយ​នឹងច្បាប់​ស្តី​ពី​គណបក្សនយោបាយ រួម​ទាំង​ច្បាប់​មួយ​ចំនួន​ទៀត​។ ក៏​ប៉ុន្តែ​​ នៅ​ទីបំផុត ក្រសួង​មហាផ្ទៃ បែរ​ជានៅតែ​​ពុំ​ព្រម​ទទួល​ស្គាល់​បេក្ខភាពអនុប្រធាន​ទាំង​៣​​នាក់​របស់​បក្ស​ប្រឆាំងដដែល​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ