អានតួអត្ថបទ
កម្ពុជា-សង្គម

ជីវ​ប្រវត្តិ​របស់​វេជ្ជ​បណ្ឌិត​ Beat Richner ស្ថាបនិក​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា ដែល​ទទួល​មរណ​ភាព ក្នុង​វ័យ​៧១​ឆ្នាំ​

លោក​វេជ្ជ​បណ្ឌិត Beat Richner ស្ថាប​និក​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​បាន​ទទួល​មរណ​ភាព​ ក្នុង​វ័យ​៧១​ឆ្នាំ ដោយ​រោគា​ពាធ​។ នេះ​បើ​តាម​សេច​ក្ដី​ប្រកាស​ព័ត៌មាន​របស់​មូលនិធិ​គន្ធ​បុប្ផា ដែល​ចុះ​ផ្សាយ​នៅ​លើ​គេហ​ទំព័រ​ផ្លូវ​ការ​ នៅ​ថ្ងៃទី​៩​កញ្ញា​ម្សិលមិញ​។ ​លោក​វេជ្ជបណ្ឌិតជា​ជន​ជាតិ​ស្វីស​រូប​នេះ បាន​ចំណាយ​ពេល​ស្ទើរ​ពេញ​មួយ​ជីវិត​របស់​លោក ​ដើម្បី​ជួយ​សង្រ្គោះ​ជីវិត​កុមារ​កម្ពុជា តាម​រយៈ​ការ​បង្កើត​មូលនិធិ​ទ្រ​ទ្រង់​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​ជិត​៣០ឆ្នាំ​មក​នេះ។ 

លោក Beat Richner ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា
លោក Beat Richner ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា @សហការី
ផ្សាយពាណិជ្ជកម្ម

លោក​វេជ្ជ​បណ្ឌិត Beat Richner ដែល​ទទួល​មរណៈ​ភាព​ក្នុង​វ័យ​៧១​ឆ្នាំ​គាត់​គឺ​ជា​ជន​ជាតិ​ស្វីស​។​លោក​ទទួល​សញ្ញា​បត្រ​វេជ្ជ​សាស្ត្រ​ឯក​ទេស​ថែ​ទាំ​កុមារ​នៅ​មន្ទីរ​ពេទ្យ នៅ​ឆ្នាំ​១៩៧៣។ ​ លោក​ត្រូវ​បាន​បញ្ជូន​មក​ធ្វើ​ការ​នៅ​កម្ពុជា​ចន្លោះ​ឆ្នាំ​ ១៩៧៤​ដល់​ឆ្នាំ​ ១៩៧៥ ក្នុង​តួ​នាទី​ជា​មន្រ្តី​របស់​កាក​បាទ​ក្រហម​ប្រទេស​ស្វីស។ តែ​ក្រោយ​មក ​លោក​ត្រូវ​បង្ខំ​ចិត្ត​វិល​ទៅ​ប្រទេស​កំណើត​វិញ នៅ​គ្រា​ដែល​ពួក​ខ្មែរ​ក្រហម​បាន​ចូល​មក​កាន់​កាប់​ប្រទេស​កម្ពុជា។

លុះ​ដល់​ឆ្នាំ​១៩៩២​ពេល​ដែល​ប្រទេស​ក្រី​ក្រ​មួយ​នេះ​មាន​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​នោះ លោក Beat Richnerក៏​បាន​ត្រឡប់​មក​កាន់​កម្ពុជា​វិញ តាម​ការ​អញ្ជើញ​របស់​សម្តេច​ឪ នរោត្តម សីហនុ ដែល​ស្នើ​ឲ្យ​វេជ្ជ​បណ្ឌិត​រូប​នេះ​ជួយ​សាង​សង់​ឡើង​វិញ​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​ បន្ទាប់​ពី​មន្ទីរ​ពេទ្យ​ដែល​ព្យា​បាល​កុមារ​មួយ​នេះ​រង​ការ​បំផ្លិច​បំផ្លាញ​ដោយ​របប​ខ្មែរ​ក្រហម។

មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​ដែល​ព្យាបាល​កុមារ​ខ្មែរ​រាប់​ម៉ឺន​នាក់​ក្នុង​មួយ​ឆ្នាំៗ​ឥត​ថ្លៃ​នោះ​ គិត​រហូត​មក​ដល់​ពេល​នេះ មាន​អាយុ​កាល​ ២៦​ឆ្នាំ​ហើយ បន្ទាប់​ពី​ដាក់​ឲ្យ​ដំណើរ​ការ​ក្នុង​ឆ្នាំ ១៩៩២។ ​លោក​វេជ្ជបណ្ឌិត Beat Richner គឺ​ជា​អ្នក​សម្ដែង​សិល្បៈ​តាម​រយៈ​ការ​លេង​សូរឡូ​ ឬ​កូដ​វីយូឡុង ដើម្បី​ប្រមែ​ប្រមូល​ថវិកា​ជួយ​ទ្រ​ទ្រង់​មន្ទីរ​ពេទ្យ​គន្ធ​បុប្ឆា។ ​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា បច្ចុប្បន្ន​មាន​៥​ទី​តាំង​គឺ៤​ទី​តាំង​នៅ​ភ្នំពេញនិង​១​ទី​តាំង​នៅ​ខេត្ត​សៀម​រាម។ ក្នុង​មួយ​ថ្ងៃ មន្ទីរ​ពេទ្យ​នេះ​ទទួល​ព្យា​បាល​ជំងឺ​ទូទៅ​ដល់​កុមារ​ចន្លោះ​ពី ២៥០០​ទៅ​៣០០០​នាក់។

​ថវិកា​ទ្រ​ទ្រង់​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា គឺ​បាន​មក​ពី​សប្បុរស​ជន​ រដ្ឋា​ភិ​បាល​ស្វីស​ និង​រដ្ឋា​ភិបាល​កម្ពុជា។ មាន​កុមារ​ចំនួន​ជាង ១៦​លាន​នាក់​ហើយ ត្រូវ​បាន​ព្យា​បាល​ដោយ​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​ក្នុង​រយៈ​ពេល​២៦ឆ្នាំ​មក​នេះ​។

ក្រោយ​ពី​ចំណាយ​ពេល​ស្ទើរ​មួយ​ជីវិត​ដើម្បី​កុមារ​កម្ពុជា ​លោក​វេជ្ជ​បណ្ឌិត Beat Richner បាន​ប្រកាស​លា​លែង​ពី​តំណែង​ជា​ប្រធាន​មន្ទីរ​ពេទ្យ​នេះ នៅ​ថ្ងៃ​ទី ២៨​មីនា ឆ្នាំ​២០១៧ ដោយ​សារ​លោក​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ និង​ត្រូវ​សម្រាក​ព្យាបាល​នៅ​ប្រទេស​ស្វីស​ជា​ទី​កន្លែង​កំណើត។ ក្រោយ​ពី​អវត្ត​មាន​របស់​លោក​បណ្ឌិត Beat Richner រដ្ឋា​ភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​មួល​និធិ​គន្ធ​បុប្ផា ដើម្បី​ផ្គត់​ផ្គង់​ការ​ចំណាយ​នៃ​មន្ទីរ​ពេទ្យ​នេះ​ដោយ​ខ្លួន​ឯង​ តែ​នៅ​រក្សា​មូល​និធិ​ចាស់​ឲ្យ​នៅ​ដដែល ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ