អានតួអត្ថបទ
កម្ពុជា-ព្រំដែន

សង្គម​ស៊ីវិល​ថា ការ​បិទ​ច្រក​របៀង​នៅ​បន្ទាយមានជ័យ​មាន​ទាំង​គុណ​សម្បត្តិ និង​វិបត្តិ

លោក​ឧបនាយក​រដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​បញ្ជា​ឲ្យ​បិទ​ច្រក​របៀង​ចំនួន ៤៣​កន្លែង​នៅ​បន្ទាយមានជ័យ ដើម្បី​ទប់​ស្កាត់​ពលករ​ចំណាក​ស្រុក និង​ទំនិញ​គេចពន្ធ ។ តែ​មូលហេតុ​នេះ ត្រូវ​បាន​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ប្រចាំ​នៅ​ទីនោះ​មើល​ឃើញ​ថា មាន​ទាំង​គុណ​សម្បត្តិ និង​គុណ​វិបត្តិ។

រូបភាព​តំណាង៖ ប្រជាពលរដ្ឋ​​​រស់​​នៅ​​​តាម​​​បន្ទាត់​​​ព្រំដែន។
រូបភាព​តំណាង៖ ប្រជាពលរដ្ឋ​​​រស់​​នៅ​​​តាម​​​បន្ទាត់​​​ព្រំដែន។
ផ្សាយពាណិជ្ជកម្ម

គុណ​វិបត្តិ​នៃ​ការ​បិទ​ច្រក​របៀង​នេះ គឺ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ពលករ​ខ្មែរ​ដែល​ទៅ​ធ្វើ​ការ នៅ​ថៃ​ចំពោះ​អ្នក​ទៅ​ព្រឹក​វិល​ល្ងាច។ ហើយ​បើ​តាម​សេចក្ដី​រាយការណ៍​ពី​ខេត្ត​បន្ទាយមានជ័យ​នៅ​ថ្ងៃ​ទី​៤​កក្កដា​នេះ បាន​កើត​មាន​ភាព​ប្រទូស្ត​រាយ​គ្នា រវាង​ទាហាន​សឹក​រង និង​ពលរដ្ឋ​រួច​ទៅ​ហើយ​ដោយ​សារ​ករណី​បិទ​ច្រក​របៀង​បឹង​បេង ដែល​ស្ថិត​នៅ​ឃុំ​បឹង​បេង ស្រុក​ម៉ាឡៃ។ បន្ថែម​ពី​លើ​នេះ​ទៀត​បាន​ប៉ះ​ពាល់​ដល់​ការ​ដោះ​ដូរ​ទំនិញ​រវាង​ពលរដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា ថៃ ។

ចំណែក​គុណ​សម្បត្តិ​វិញ គឺ​បាន​ទប់​ស្កាត់​ទំនិញ​គេច​ពន្ធ​រួម​មានៈ ប្រភេទ​សត្វ​ខូច​គុណភាព​ស្ទើរ​តែ​គ្រប់​មុខ និង​បញ្ចៀស​ការ​ធ្វើ​ចំណាក​ស្រុក​របស់​ពលរដ្ឋ​ខ្មែរ។ នេះ​បើ​តាម​ការ​គូស​បញ្ជាក់​របស់​លោក ស៊ុម ចាន់គា មន្ត្រី​អាដហុក​ប្រចាំ​ខេត្ត​បន្ទាយមានជ័យ។

តែ​យ៉ាង​ណា​ក៏​ដោយ លោក ស៊ុម ចាន់គា បាន​ចាត់​ទុក​ការ​បិទ​ច្រក​របៀង​នៅ​ពេល​នេះ​គឺ​ជា​វិធានការណ៍​មួយ​អនុវត្ត​ស្ទើរ​តែ​ហួស​ពេល​ទៅ​ហើយ។ ហួស​ពេល​ដោយសារ​លោក​មើល​ឃើញ​ថា មន្ត្រី​ប៉ូលីស​មួយ​ចំនួន​នៅ​តាម​ព្រំដែន​ពួក​គេ​បាន​ក្លាយ​ជា​អ្នក​មាន​រួច​ទៅ​ហើយ​តាម​រយៈ​ការ​ទទួល​សំណូក​ពុក​រលួយ​ពី​ទំនិញ​គេច​ពន្ធ​នេះ។

ម្យ៉ាង​ទៀត លោក ស៊ុម ចាន់គា មើល​ឃើញ​ថា ការ​បិទ​ច្រក​របៀង​នេះ​គ្មាន​ប្រសិទ្ធភាព​ប៉ុន្មាន​ទេ​ព្រោះ​លំហូរ​នៃ​ការ​ឆ្លង​ទៅ​ឆ្លង​មក​នៅ​តែ​កើត​មាន​ដដែល។ ដូច្នេះ​លោក​ផ្ដល់​យោបល់​ថា រដ្ឋាភិបាល​គួរ​តែ​បង្កើត​ការ​នៅ​ស្រុក​វិញ​ប្រសើរ​ជាង។

គួរ​រម្លឹក​ថា ច្រក​របៀង​ខុស​ច្បាប់​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ក្នុង​ខេត្ត​បន្ទាយមានជ័យ​ជាប់​ព្រំដែន​កម្ពុជា-ថៃ មាន​ប្រមាណ​ជាង​១០០​គីឡូម៉ែត្រ ហើយ​មាន​ច្រក​របៀង​ខុស​ច្បាប់​ជាង​៤០​កន្លែង ។ តាម​រយៈ​ច្រក​របៀង​ខុស​ច្បាប់​នេះ នាំ​ឲ្យ​កើត​មាន​ពលរដ្ឋ​ខ្មែរ​ចំណាក​ស្រុក​ឆ្លង​ដែន​ខុស​តាម​រយៈ​មេ​ខ្យល់​ទៅ​រក​ការងារ​ធ្វើ និង​មាន​រថយន្ត​ចង្កូត​ស្តាំ​គេច​ពន្ធ ម៉ូតូ​គេច​ពន្ធ ជា​ដើម។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់ លោក សួន បវរ អភិបាល​ខេត្ត​បន្ទាយមានជ័យ ។

សូម​បញ្ជាក់​ថា ការ​បញ្ជា​ឲ្យ​បិទ​ច្រក​របៀង​ពី​សំណាក់​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​នៅ​ពេល​នេះ​ស្រប​ពេល​ដែល ​រដ្ឋាភិបាល​ថៃ​បាន​បញ្ជូន​ពលករ​ខ្មែរ​ដែល​ធ្វើ​ការ​មិន​ស្រប​ច្បាប់​ត្រឡប់​មក​វិញ​ច្រើន​ជាង​រាល់​ដង ព្រោះ​ថៃ​ផ្អែក​លើ​ព្រះរាជក្រឹត្យ​កែ​សម្រួល​ថ្មី​ស្តី​ពី​ការ​គ្រប់​គ្រង​ការ​ធ្វើ​ការ​របស់​ពលករ​បទេស ឆ្នាំ​២០១៧៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ