ទ័ពជំនួយគួដអ៊ីរ៉ាក់ ទៅដល់តួកគីដើម្បីជួយការពារក្រុងកូបាណេនៅស៊ីរី
កងយុទ្ធជនគួដអ៊ីរ៉ាក់ បានធ្វើដំណើរមកដល់ព្រំដែនប្រទេសតួកគី និងកំពុងរំកិលទៅជិតដល់ក្រុងកូបាណេប្រទេសស៊ីរី ដែលកំពុងប្រយុទ្ធប្រឆាំងនឹងអង្គការរដ្ឋអ៊ីស្លាម។ ក្រុងកូបាណេ ភាគខាងជើងស៊ីរី ជាប់ព្រំប្រទល់តួកគី ត្រូវបានពួកជីហាតរដ្ឋអ៊ីស្លាម រុករានទន្ទានអស់ជាច្រើនសប្តាហ៍មកហើយ។ ក្រោយពីបានទទួលភ្លើងខៀវពីរដ្ឋាភិបាលតួកគី ដំណើរមកដល់របស់កងយុទ្ធជនគួដអ៊ីរ៉ាក់ គឺជាជំនួយដ៏សំខាន់សម្រាប់កម្លាំងគួដនៅស៊ីរី។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០១:៤៧
‘Peshmergas’ ឈ្មោះកងយុទ្ធជនគួដនៅអ៊ីរ៉ាក់ ប្រមាណ១៥០នាក់ ចែកជាពីរក្រុម បានមកដល់ប្រទេសតួកគីនៅយប់មិញ ដើម្បីធ្វើដំណើរសំដៅឆ្ពោះទៅក្រុងកូបាណេ ជួយការពារក្រុងគួដនៅស៊ីរី ដែលរងការវាយសង្គ្រប់ពីសំណាក់អង្គការរដ្ឋអ៊ីស្លាម តាំងពីជាមួយខែមក។
ក្រុមទីមួយ ធ្វើដំណើរពីអ៊ីរ៉ាក់តាមជើងយន្តហោះពិសេសរបស់តួកគី និងបញ្ជូនតានរថយន្តក្រុងរហូតដល់មាត់ច្រកនាំទៅកាន់ក្រុងកូបាណេ ការពារដោយរថពាសដែកជាច្រើនគ្រឿង។ ប៉ុន្តែពុំទាន់មានព័ត៌មានបញ្ជាក់ថាក្រុមយុទ្ធជនគួដនេះជ្រៀតចូលទៅក្នុងក្រុងកូបាណេនៅឡើយទេ។
មួយក្រុមទៀត ធ្វើដំណើរតាមផ្លូវគោក ជាក្បួនរថយន្តពាសដែកជាង៤០គ្រឿង ដឹកជញ្ជូនមកជាមួយនូវអាវុធធុនធ្ងន់ កាណុងសម្រាប់បាញ់ឆ្ងាយ ឧបករណ៍បាញ់រ៉ុកកែតគ្រប់ប្រភេទ បានទទួលការអបអរស្វាគមន៍តាមផ្លូវរហូតមក។
តើដំណើរមកដល់នៃទ័ពជំនួយគួដអ៊ីរ៉ាក់ នៅកូបាណេ អាចជារបត់ថ្មីនៅលើសមរភូមិប្រយុទ្ធឬ? ជាមួយកម្លាំងទ័ព១៥០នាក់ គឺពិតជាពិបាកបន្តិច ប៉ុន្តែអាវុធធុនធ្ងន់ ដែលយុទ្ធជនគួដនៅកូបាណេទទូចសុំតាំងពីយូរមកហើយ ទំនងជាអាចប្តូរស្ថានការណ៍បាន។
ពីមុនមកក្រុមគួដមានតែកាំភ្លើងយន្ត កាំភ្លើងបាញ់រ៉ុកកែតតូចៗ … ដូច្នេះជាមួយជំនួយធុនធ្ងន់ បូកផ្សំនឹងការប្រតិបត្តិការផ្លូវអាកាសទៀត ពួកគួដពិតនឹងអាចរុញច្រានពួកជីហាតរដ្ឋអ៊ីស្លាមបាន។ លើកនេះពួកអង្គការរដ្ឋអ៊ីស្លាមអាចនឹងដកទីតាំងចេញពីក្រុងកូបាណេ ប៉ុន្តែមិនមែនមានន័យថាសង្គ្រាមចប់ទេ។
បើតាមរដ្ឋមន្ត្រីការបរទេសតួកគី ទ័ពជំនួយមួយក្រុមទៀត ជាយុទ្ធជនអារ៉ាបប្រមាណជាងរយមួយនាក់ ក៏នឹងត្រូវបញ្ជូនទៅកូបាណេ ក្នុងពេលប៉ុន្មានថ្ងៃទៀតខាងមុខ ប៉ុន្តែខាងអាជ្ញាធរគួដមិនទាន់ព្រមព្រៀងទាំងស្រុងទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ