អានតួអត្ថបទ
កម្ពុជា

ប្រវត្តិ​រូបិយ​វត្ថុ​កម្ពុជា​នឹង​លាត​ត្រដាង​នៅ​ដើម​ឆ្នាំ​២០១៦

«សារ​មន្ទីរ​សេដ្ឋកិច្ច​ និង​រូបិយ​វត្ថុ»​ នឹង​បើក​ទ្វារ​ទទួល​សាធារណ​ជន​នៅ​ឆ្នាំ​ដើម​២០១៦​ខាង​មុន​នេះ។ ​គឺ​ជា​គម្រោង​សារ​មន្ទីរ​ដំបូង​បំផុត​របស់​ប្រទេស​កម្ពុជា​ ដែល​ផ្តោត​លើ​ប្រវត្តិ​នៃ​រូបិយ​វត្ថុ​របស់​ខ្មែរ ​តាំង​តែ​សម័យ​នគរ​ភ្នំ​ រហូត​ដល់​មក​ដល់​បច្ចុប្បន្ន។​ សារ​មន្ទីរ​នេះ ​ត្រូវ​បាន​សាង​សង់​ដោយ​ចំណាយ​ថវិកា​ផ្ទាល់​របស់​អាជ្ញាធរ​កម្ពុជា។

សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ
សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ @រូបភាពឯកសារ
ផ្សាយពាណិជ្ជកម្ម

«សារមន្ទីរ​សេដ្ឋកិច្ច និង​រូបិយវត្ថុ» ហៅ​កាត់​ថា ស.ស.រ. ត្រូវបាន​សាងសង់​នៅត្រង់​អគារ​មួយ ដែលជា​អតីត​ទីស្នាក់ការ​របស់​សាលា​រាជធានី​ភ្នំពេញ ស្ថិតនៅ​ចុង​វិថី​លេខ១។ នៅពេលនេះ ការសាងសង់​សម្រេច​ជាង​ពាក់កណ្តាល​ហើយ ក្រោម​កិច្ចសហការ​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហេ​រិញ្ញ​វត្ថុ រួម​ជាមួយនឹង​ធនាគារជាតិ​នៃ​កម្ពុជា។

 
លោក ហ្ស​ង់-ដា​នី​ញ៉ែ​ល ហ្គា​ឌែ​រ (Jean-Daniel GARDÈRE) អភិបាល​ទូទៅ​របស់​សារមន្ទីរ​សេដ្ឋកិច្ច​និង​រូបិយវត្ថុ បាន​បញ្ជាក់ថា៖ «គេ​មិន​វាយកំទេច ឬ​រំលាយ​អគារ​របស់​ទីស្នាក់ការ​សាលាក្រុង​ចាស់ ដើម្បី​សង់​ថ្មី​ទេ តែ​គេ​ជួសជុល តុបតែង​កែលម្អ ដើម្បី​ផ្លាស់​មុខមាត់​ថ្មី ទៅ ជា​សារមន្ទីរ​វិញ»។  

លោក​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​បន្តថា៖ «ចំណុច​ដែល​គួរកត់សម្គាល់​គឺ សារមន្ទីរ​នេះ មិនមាន​ជំនួយ​ពី​ដៃគូ​អភិវឌ្ឍន៍ ឬ​អង្គការ​អន្តរជាតិ​ណា ដើម្បី​រៀបចំ​នោះទេ។ គឺជា​គម្រោង​ថវិកាជាតិ​ដែល​ចំណាយ​ដោយ​ប្រទេស​កម្ពុជា​ផ្ទាល់​តែម្តង»។

សារមន្ទីរ​នេះ នឹងមាន​ការប្រមូលផ្តុំ និង​តាំង​បង្ហាញ​អំពី​រូបិយវត្ថុ ប​ណ្ណា​សារ​ក្រដាសប្រាក់ និង​កាក់​សម័យបុរាណ ឯកសារ​រូបថត និង​ខ្សែភាពយន្ត​ខ្នាត​ខ្លី 3D ដើម្បី​ឲ្យ​សាធារណ​ជនជាតិ​និង​អន្តរជាតិ ជាពិសេស​គឺ​យុវជន​ខ្មែរ​ជំនាន់​ក្រោយ បាន​ស្គា​ល់ពី​ប្រវត្តិសាស្ត្រ​និង​បេតិកភណ្ឌ​​ជាតិ​របស់ខ្លួន។

តាមរយៈ​វីដេអូ​ខ្លី ​3D ដែល​បាន​បង្ហោះ​ក្នុង​គេហទំព័រ​សារមន្ទីរ បង្ហាញថា គេ​បាន​ជីក​កកាយ​ប៉ះ​កំណប់២០គីឡូក្រាម នៅ​អង្គរបុរី ខេត្តតាកែវ ហើយ​មានកា​ក់មាស​និង​ប្រា​ក់ជាង២លាន។ សម្បត្តិ​ទាំងនោះ ក៏​នឹងត្រូវ​យកទៅ​តាំង​បង្ហាញ​ក្នុង​សារមន្ទីរ​នេះ​ផងដែរ។

ចែកជា១២បន្ទប់ធំៗ ប្រដាប់​ដោយ​ម៉ាស៊ីនត្រជាក់ «សារមន្ទីរ​សេដ្ឋកិច្ច​និង​រូបិយវត្ថុ»នឹងត្រូវ​បានរៀបចំ​តាម​ស្តង់ដារ​អន្តរជាតិ អនុលោម​តាម​សម័យកាល​ប្រវត្តិសាស្ត្ររ​បស់​ខ្មែរ តាំងពី​សម័យ​នគរ​ភ្នំ ឬ​ហ្វូណន សម័យ​ចេនឡា សម័យ​អាណាចក្រ​អង្គរ សម័យ​អាណាព្យាបាល​បារាំង និង​សង្គមរាស្ត្រនិយម ហើយ​បន្ត​រហូតដល់​បច្ចុប្បន្ន។

សូមជម្រាបថា «សារមន្ទីរ​សេដ្ឋកិច្ច​និង​រូបិយវត្ថុ» ដែល​ផ្តោ​ល​លើ​ប្រវត្តិ​រូបិយវត្ថុ​ លុយកាក់​ប្រាក់​ខ្មែរ នឹង​បើកទ្វារ​ទទួល​សាធារណជន​គឺ​ដើមឆ្នាំ២០១៦។ បច្ចុប្បន្ន គេ​អាច​ទស្សនា​ឯកសារ​ចំនួន​របស់​សារមន្ទីរ​នេះ នៅក្នុង​គេហទំព័រ www.musee-phnompenh.com

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ