អានតួអត្ថបទ

ចំនួន​អ្នក​​រងគ្រោះ​ពី​ការ​វាយប្រហារ​អ៊ីនធ័រនែត​ដោយ​កម្មវិធី​ជំរិត អាច​កើនខ្លាំង​នៅ​ថ្ងៃ​ចន្ទ

តើ​អ្នក​នរណា​ជា​អ្នក​នៅ​ពីក្រោយ​ខ្នង​នៃ​ការ​វាយប្រហារ​អ៊ីនធ័រនែត​​តាម​កម្មវិធី​ចាប់ជំរិត ? ពុំទាន់​មាន​ចម្លើយ​ទេ ប៉ុន្តែ​អ្នក​ជំនាញ​ជឿ​ថា​ជា​ស្នាដៃ​របស់​ពួក​ឧក្រិដ្ឋជន​អ៊ីនធ័រនែត។ ក្រុម​អ្នក​អង្កេត​និង​ក្រុម​អ្នកឯកទេស កំពុងប្រញឹក​ស្វែង​រក​ប្រភព​ដើម​របស់​ពួក​ចោរ ដែល​បាន​វាយប្រហារ​ ធ្វើ​មាន​ជនរងគ្រោះ​ជាង​២០​ម៉ឺន​នាក់ ក្នុង​យ៉ាងហោច​​១៥០​ប្រទេស​។ ជាង​នេះ​ទៅ​ទៀត ប៉ូលិស​អឺរ៉ុប Europol កំពុង​ព្រួយ​បារម្ភ​ថា​ចំនួន​អ្នក​រងគ្រោះ​អាច​នឹង​កើន​ឡើង​នៅ​ថ្ងៃចន្ទ នៅពេល​ក្រុមហ៊ុន​សហគ្រាប​ចាប់​ចូល​ធ្វើ​ការ​វិញ ក្រោយ​បាន​សម្រាក​ថ្ងៃ​ចុង​សប្តាហ៍។

រូបភាព​សប្បនិម្មិត​បង្ហាញ​ពីការ​វាយប្រហារ​តាម​អ៊ីនធ័រនែត
រូបភាព​សប្បនិម្មិត​បង្ហាញ​ពីការ​វាយប្រហារ​តាម​អ៊ីនធ័រនែត REUTERS/Kacper Pempel/Illustration
ផ្សាយពាណិជ្ជកម្ម

ក្នុង​រយៈ​ពេល​តែ​២៤​ម៉ោង ចំនួន​ជន​រងគ្រោះ​ក្នុង​ការ​វាយប្រហារ​អ៊ីនធ័រនែត​ដោយកម្មវិធី​ចាប់​ជំរិត​កុំព្យូទ័រ មាន​មិន​តិច​ជាង​២០​ម៉ឺននាក់​ទេ ! ពួកគេ​ភាគ​ច្រើន​ជា​ក្រុមហ៊ុន​សហគ្រាស នៅ​ក្នុង​ប្រទេស​ចំនួន​ប្រមាណ​១៥០​ផ្សេង​គ្នា។ គឺ​ពិត​ជា​ពុំ​ធ្លាប់​មាន​ឡើយ​ការ​វាយប្រហារ​ទ្រង់ទ្រាយ​ធំ​កំរិត​ពិភពលោក​យ៉ាង​ដូច្នេះ ព្រោះ​ធម្មតា​ការ​វាយប្រហារ​អ៊ីនធ័រនែត​មាន​កំរិត​ត្រឹម ២០០​ ក្នុង​មូួយឆ្នាំ ! នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់នាយក​ទី​​ភ្នាក់ងារ​​Europol ដែល​ព្យាករ​ថា​ចំនួន​អ្នក​រងគ្រោះ​អាច​នឹង​កើន​ឡើង​ខ្លាំង នៅ​ថ្ងៃ​ចន្ទ នៅ​ពេល​គ្រប់សេវា​ ស្ថាប័ន​ បើក​កុំព្យូទ័រ​ធ្វើការ ព្រោះ​​ការ​វាយប្រហារ​​ដោយ​មិន​រើស​មុខ​ និង​រាតត្បាត​យ៉ាង​លឿន​បំផុត។

រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​អង់គ្លេស​ ក៏​បាន​ថ្លែង​ទៅ​កាន់​សារព័ត៌មាន​នៅ​ថ្ងៃអាទិត្យ​នេះ ដូច​គ្នា ថា​ការ​វាយប្រហារ​នឹង​មាន​កើត​ឡើង​​ជា​បន្ត​បន្ទាប់​ទៀត ហើយ​គេ​ទំនង​ជា​មិន​អាច​វែក​រក​មុខ​ចោរ​អ៊ីនធ័រនែត​ឃើញ​រហូត​ផង​ក៏​ថា​បាន។

សូម​បញ្ជាក់​ថា ការ​វាយប្រហារ​អ៊ីនធ័រនែត ដោយ​កម្មវិធី​ជំរិត​កុំព្យូទ័រ បង្កឡើង​ដោយ​វីរ៉ុស Wannacry បាន​ផ្ទុះ​ឡើង​នៅ​យប់​ថ្ងៃ​សុក្រ​ទី ១២​ឧសភា ក្នុង​ប្រមាណ​ជិត​១០០ រាប់​តាំង​រុស្ស៊ី​ឆ្លង​ដល់​អេស្ប៉ាញ ធ្លាយ​ដល់​ម៉ិចស៊ិក​ ឬ​វៀតណាម ឥណ្ឌា ចិន ជប៉ុន កូរ៉េខាង​ត្បូង ... និង​ធ្ងន់ធ្ងរ​ខ្លាំង​នៅ​អង់គ្លេស ដោយ​កុំព្យូទ័រ​រាប់សិប​ពាន់​គ្រឿង ត្រូវ​គាំង។ សារ​ទារ​ប្រាក់​ថ្នូរ មាន​តម្លៃ​ ៣០០​ដុល្លារ និងគុណជាពីរ​បើ​យឺតយ៉ាវ​លើស​បី​ថ្ងៃ។ ដើម្បី​ប្រឈម​នឹង​ការ​វាយប្រហារ​ដ៏​ធំធេង​នេះ ក្រុមហ៊ុន​Microsoft បាន​សម្រេច​ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី​Windows​ខ្លះ។ ការ​វាយប្រហារ​ប៉ះពាល់​ខ្លាំង​លើកុំព្យូទ័រណា​ដែល​បំពាក់​Windows XP។ Windows១០​មាន​សំណាង​ជាង​គេ បាន​គេច​រួច​ពី​ការ​វាយប្រហារ​នេះ។
 

រហូត​មក​ទល់​ពេល​នេះអឺរ៉ុប៉ូល ក៏ដូច​ជា​ភ្នាក់ងារ​អង់គ្លេស បាន​បង្កើត​ក្រុម​ការងារ​ពិសេ​សមួយ​សម្រាប់​ជួយ​អង្កេត​។ ប៉ុន្តែ​ថ្វី​បើ​ខាង​អង់គ្លេស បាន​អះអាង​បង្អាក់​ការ​ចម្លង​វីរ៉ុស​ទៅ​វាយប្រហារ​អ៊ីនធ័រនែត​បាន ដោយ​សារ​ជំនួយ​របស់​​យុវជន​ក្មេង​វ័យ​២២ឆ្នាំ​ម្នាក់មែន​ តែ​ពួក​ចោរ​អាច​ប្តូរ​លេខ​កូដ ហើយ​បក​មក​ធ្វើ​ការ​វាយប្រហារ​ជា​ថ្មី​ទៀត​បាន​គ្រប់ពេល ហើយ​ពេល​នោះ​គឺ​គេ​ពិត​ជា​មិន​អាច​បញ្ឈប់​សកម្មភាព​ពួក​ចោរ​អ៊ីនធ័រនែត​បាន​ឡើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ