អានតួអត្ថបទ

​​អឺរ៉ុប នឹង​ជួប​អាកាសធាតុ​ក្តៅ​ខ្លាំងញឹកញយ បើ​មិន​ទប់​ស្កាត់​ការ​បញ្ចេញ​ឧស្មូ័ន​ផ្ទះកញ្ចក់

នៅរដូវ​ក្តៅ​ឆ្នាំ​២០១៧​នេះ សីតុណ្ហភាពបាន​ឡើង​ដល់​កំរិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន នៅ​តាម​ ​ បណ្តា​ប្រទេស និង​ភូមិឃុំ​​នាភាគខាង​ត្បូង​នៃ​ទ្វីប​អឺរ៉ុប។ បើ​តាម​របាយការណ៍ របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ “មជ្ឈមណ្ឌល​​វិទ្យាសាស្ត្រ​អាកាសធាតុ” រលក​កម្តៅ​ និង​រយៈ​ពេល​នៃ​ការរង​អាកាសធាតុ​​ក្តៅ​ខ្លាំង នៅ​អឺរ៉ុបឆ្នាំ​​នេះ គឺ​ជា​សញ្ញា​បញ្ជាក់​អំពី​ការ​ប្រែប្រួល​អាកាសធាតុ​។ ​

ផែនការ​បញ្ចេញ​សកម្មភាព​​ក្នុង​ករណី​មាន​អាកាសធាតុ​ឡើង​ក្តៅខ្លាំង របស់​បារាំង
ផែនការ​បញ្ចេញ​សកម្មភាព​​ក្នុង​ករណី​មាន​អាកាសធាតុ​ឡើង​ក្តៅខ្លាំង របស់​បារាំង Reuters
ផ្សាយពាណិជ្ជកម្ម

នេះជា​​របាយការណ៍​ ដែល​អ្នក​ស្រាវជ្រាវ​ធ្វើ​ឡើង​ក្នុង​គម្រោងនិង​ក្របខ័ណ្ឌ​​​វិទ្យាសាស្ត្រ​អន្តរជាតិ Worldwide Weather Attribution ដើម្បី​កំណត់​ថា​តើ​រលក​កម្តៅ​និង​អាកាសធាតុក្តៅ ​​ជ្រុល​ហួស​ហេតុមាន​ពាក់ព័ន្ធ​នឹង​ការ​ឡើង​កម្តៅ​នៃ​ភពផែនដី​ឬអត់។

ជា​លទ្ធផល ដោយ​​មាន​គំរូ​ប្រព័ន្ធព័ត៌មាន​វិទ្យា​ជា​សំអាង ការ​ប្រែប្រួល​អាកាសធាតុ បង្ក​ឡើង​ដោយ​សា្នដៃ​មនុស្ស ងាយ​នឹង​ធ្វើ​សីតុណ្ហភាព​ នៅ​រដូវ​ក្តៅ​ឡើង​ខ្ពស់​និង​ក្តៅ​ខ្លាំង​ដូច​ឆ្នាំ ២០១៧​ កើត​ឡើងជា​ថ្មី​​ទៀត​ដល់​​១០​ដង។ មាន​ន័យ​ថា ប្រសិន​បើ​មនុស្ស​លោក​ពុំ​ព្រម​នាំ​គ្នា​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ ក្នុង​បរិយាកាស​ទេ នោះ​ភាគ​ខាង​ត្បូង​អឺរ៉ុប​នឹង​មាន​អាកាសធាតុ​ក្តៅ​ខ្លាំងដូចរដូវ​ក្តៅ​​ឆ្នាំ​២០១៧ នៅ​ឆ្នាំ​២០៥០។ បើ​តាម​ការ​អះអាង​របស់​ក្រុម​អ្នក​ស្រាវជ្រាវ​ដដែល ដែល​បញ្ជាក់​ថា បាន​រក​ឃើញ​ភស្តុតាង​ជាក់​ស្តែង​បញ្ជាក់​អំពី​ឥទ្ធិពល​របស់​មនុស្ស​​ចំពោះ​ការ​​ឡើងកម្តៅ​អាកាសធាតុ​ជ្រុល ទៅ​លើ​សីតុណ្ហភាព​បើ​និយាយ​ជា​ទូទៅ​ និងពិសេស​ទៅ​លើ​រលក​កម្តៅ​ខ្លាំង​កាលពី​ដើម​ខែ​សីហា ២០១៧ តែ​ម្តង។

សូម​បញ្ជាក់​ថា នា​រដូវ​ក្តៅ​ឆ្នាំ​២០១៧​នេះ ភាគ​ខាង​ត្បូងអឺរ៉ុប​​ មាន​ជាអាទិ៍​ ប្រទេស​អ៊ីតាលី ក្រូអាស៊ី បារាំង​ បាន​ជួប​ប្រទះ​បាតុភូត​ធម្មជាតិ​​ក្តៅហែង​ខ្លាំង ដែល​គេ​ប្រសិទ្ធិនាម​ថា Lucifer។ បាតុភូត​នេះ កម្រ​កើត​មាន​ឡើងខ្លាំង​ណាស់កាលពី​ដើម​សតវត្សរ៍​ទី២០ តែ​បច្ចុប្បន្ន​នេះ​ អឺរ៉ុប​ងា​យនឹង​ជួប​​​បាតុភូត​នេះ ដល់​ទៅ​បួន​ដង​ច្រើន​ បើ​ប្រៀប​ទៅ​នឹង​ឆ្នាំ​១៩០០។

ភូមិឋាន​អឺរ៉ុប​​នៅ​ប៉ែក​ខាង​ត្បូង​ជា​ច្រើន ត្រូវ​ត្រៀម​ខ្លួន​រស់​ប្រឈម​នឹងអាកាសធាតុ​ក្តៅ​ខ្លាំង​​ ដូច​ឆ្នាំនេះ ជា​រៀង​រាល់​ឆ្នាំ។ ហេតុដូច្នេះ​ហើយ​បាន​ជា​អ្នក​ស្រាវជ្រាវ​ សុំ​អំពាវនាវ​ឱ្យ​ក្រុង​នីមួយៗ​សហការ​ជាមួយ​អ្នក​វិទ្យាសាស្ត្រ​និង​អ្នក​ជំនាញ​សុខភាព​សាធារណៈ​ ដើម្បី​អភិវឌ្ឍ​​ផែនការ​សកម្ម​ ព្រោះ​កម្តៅ​សីតុណ្ហភាព​ក្តៅ​ខ្លាំង នឹង​ក្លាយ​ជាប្រភេទ​​អាកាសធាតុ​ថ្មី​របស់អឺរ៉ុប នៅ​ពាក់កណ្តាល​សតវត្សរ៍​ទី​២១​នេះ​ហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ