អានតួអត្ថបទ
អេហ្ស៊ីប-អង់គ្លេស

នៅ​អេហ្ស៊ីប យន្តហោះ​ដឹក​អ្នកដំណើរ​អង់គ្លេស​វិះ​​នឹង​រងគ្រោះ​ដោយ​​គ្រាប់​មីស៊ីល

យន្តហោះ​ដឹក​អ្នកដំណើរ​អង់គ្លេស​មួយ បាន​គេចចេញ​យ៉ាង​ប្រថុចញ៉ុច​បំផុត ចេញ​ពី​គ្រាប់​មីស៊ីល នៅ​ក្នុង​តំបន់​ស៊ីណៃ។ ព្រឹត្តិការណ៍​នេះបាន​កើត​មាន កាលពី​ខែ​សីហា កន្លងទៅ ប៉ុន្តែ កាសែត​អង់គ្លេស Daily Mail ទើប​តែ​ចុះផ្សាយ​វា កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ គឺ​នៅ​មួយ​សប្តាហ៍ក្រោយ យន្តហោះ​រុស្ស៊ី ទើប​បាន​ជួប​គ្រោះថ្នាក់ ផ្ទុះធ្លាក់ និង​សម្លាប់​មនុស្ស​ជាង ២០០​នាក់ នៅ​តំបន់​ស៊ីណៃ ដដែល​នោះ។ 

យន្តហោះ​របស់​ក្រុមហ៊ុន​ហោះហើរ​Thomson របស់​អង់គ្លេស
យន្តហោះ​របស់​ក្រុមហ៊ុន​ហោះហើរ​Thomson របស់​អង់គ្លេស AFP PHOTO / DPA / JULIAN STRATENSCHULTE
ផ្សាយពាណិជ្ជកម្ម

អ្នកបើកបរ​យន្តហោះ​អង់គ្លេស ធ្លាប់បាន​​បញ្ជៀស​មិន​ឲ្យ​មាន​​​សោកនាដកម្ម។ កាលពី​​រដូវក្តៅ​កន្លងទៅ យន្តហោះ​អង់គ្លេស​របស់​ក្រុមហ៊ុន​Thomson ដែល​ដឹក​អ្នកទេសចរ​អង់គ្លេស ប្រមាណ ១៨៩ នាក់ បាន​គេច​ផុត ទាន់​ពេលវេលា ពី​គ្រាប់​មីស៊ីល។ ដំណឹង​នេះ​ទើប​ចុះផ្សាយ​ដោយ​កាសែត​អង់គ្លេស Daily Mail​ដែល​បានសរសេរ​ថា អ្នកបើកបរ​យន្តហោះ ដែល​កំពុង​ត្រៀម​ចុះចត នៅ​ព្រលាន​យន្តហោះ នៅ ស្ហាម អ៊ែលស្ហែក បាន​ចាត់វិធានការ​យ៉ាង​ទាន់ហន់​បំផុត ​ដើម្បី​គេច​ចេញ ពី​គ្រាប់​មីស៊ីល ដែល​ហោះ​នៅ​ចម្ងាយ​ប្រមាណ​តែ ៣០០​ម៉ែត្រ​ប៉ុណ្ណោះ ពីតួ​យន្តហោះ។

 
យន្តហោះ​អង់គ្លេស​អាច​ចុះចត ដោយ​គ្មាន​បញ្ហា ប៉ុន្តែ អ្នកដំណើរ​អង់គ្លេស ទាំង ១៨៩ នាក់ មិន​ត្រូវ​បាន​គេ​ផ្តល់​ព័ត៌មាន​ពីរឿង​នេះទេ។ រដ្ឋាភិបាល​អង់គ្លេស របស់​លោក​ដាវីដ កាមឺរ៉ូន​បាន​បញ្ជាក់​ដំណឹង​ចុះផ្សាយ​របស់​កាសែត ប៉ុន្តែ អះអាងថា ឧប្បត្តិហេតុ​កាលពី​ខែ​សីហា គ្មាន​ជាប់​ពាក់ព័ន្ធ​នឹង​គ្រោះថ្នាក់​យន្តហោះ​រុស្ស៊ី នៅ​ស្ហាម អ៊ែលស្ហែក កាលពី​សប្តាហ៍​មុន​ឡើយ។ តាម​សេចក្តីថ្លែងការណ៍​របស់​រដ្ឋាភិបាល​អង់គ្លេស នៅ​ក្រោយ​ឧប្បត្តិហេតុ កាលពី​ខែ​សីហា គេ​បាន​ស៊ើបអង្កេត និង​រកឃើញថា យន្តហោះ​អង់គ្លេស​មិនមែន​ជាផ្ទាំង​ស៊ីប​នៃការវាយប្រហារ​ណាមួយទេ ប៉ុន្តែ មីស៊ីល​ដែល​​យន្តហោះ​ដឹកអ្នកដំណើរ​អង់គ្លេស អាច​ត្រូវ​រង គឺ​ជាមីស៊ីល​របស់​យោធា​អេហ្ស៊ីប​ដែល​ធ្វើ​សមយុទ្ធ​ជាប្រចាំ នៅ​តំបន់​នោះ។ ទីក្រុង​ឡុងដ៍​បាន​បដិសេធ​ផងដែរ ដំណឹង​ដែល​ថា មីស៊ីល​ហោះ​នៅ​ចម្ងាយ​៣០០​ម៉ែត្រ​ពី​យន្តហោះ​ដឹក​អ្នកដំណើរ​អង់គ្លេស។

អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​អេហ្ស៊ីប​វិញ បាន​រុញច្រាន​ចោល​ការចោទប្រកាន់​ដ៏​រាក់កំភែល ព្រោះថា សមយុទ្ធ​ដែល​យោធា​អេហ្ស៊ីប​បាន​ធ្វើ​គឺ​នៅ​លើ​ដី។ លើសពីនោះ ទាំង​រដ្ឋាភិបាល​អេហ្ស៊ីប និង​អង់គ្លេស​ត្រូវ​បាន​ជូនដំណឹង​រួចហើយ​ថា យន្តហោះ​ដែល​ហោះ​នៅ​ស្ហាម អ៊ែលស្ហែក នឹង​គ្មាន​រងគ្រោះថ្នាក់​នៅក្នុង​ពេល​យោធា​អេហ្ស៊ីប​ធ្វើ​សមយុទ្ធ​នោះទេ។

ការបកស្រាយ​របស់​ក្រុងឡុងដ៍ និង​ក្រុង​គែរ​នៅ​តែ​មិនទាន់​អាច​ធ្វើ​ឲ្យ អ្នកជំនាញ​ជឿទុកចិត្ត​បាន ព្រោះ​គេ​ឆ្ងល់​ថា ហេតុអ្វី បាន​ជា​សមយុទ្ធ​ដែល​មាន​បាញ់​គ្រាប់កាំភ្លើង ដ៏​គ្រោះថ្នាក់ ត្រូវ​ធ្វើ​នៅ​ក្បែរ​អាកាសយានដ្ឋាន ដែល​សំបូរ​យន្តហោះ ហោះ​ចេញចូល​ទៅវិញ? សម្រាប់​ក្រុមអ្នកជំនាញ អាជ្ញាធរ​អេហ្ស៊ីប​លើក​យក​ឧប្បត្តិហេតុ​នៅក្នុង​សមយុទ្ធ​យោធា ក៏​ព្រោះតែ​ចង់​បិទបាំង មិន​ចង់​ឲ្យ​គេ​ដឹង​ពី​សកម្មភាព​ភេរវនិយម ដែល​អាច​គំរាមកំហែង តំបន់​ទេសចរណ៍ ស្ហាម អ៊ែលស្ហែក (ច្រកដង្ហើម​សេដ្ឋកិច្ច​មួយ​របស់​អេហ្ស៊ីប)។

លោក​នាយករដ្ឋមន្រ្តី អង់គ្លេស នៅ​សប្តាហ៍​នេះ​បាន​បញ្ជារ​ឲ្យ​គេ​ផ្អាក​ការហោះហើរ​ពី​អង់គ្លេស ទៅ​អេហ្ស៊ីប នៅក្រោយ​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​រុស្ស៊ី ដែល​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អង់គ្លេស​វាយតម្លៃ​ថា ផ្ទុះធ្លាក់ ដោយសារ​ភេរវកម្ម​បំផ្ទុះគ្រាប់បែក។ កាលពី​ថ្ងៃ​សុក្រ អង់គ្លេស​បាន​បញ្ជូន​យន្តហោះ ទៅ​ដឹកជនជាតិ​របស់ខ្លួន ប្រមាណ ២​ម៉ឺននាក់ ដែល​កំពុង​មាន​វត្តមាន​នៅ​តំបន់​ស៊ីណៃ។
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ