អានតួអត្ថបទ
ចិន-ជប៉ុន

រដ្ឋមន្រ្តី​ការបរទេស​ជប៉ុន​និង​ចិន​ជួប​ជជែកគ្នា​រឿង​ជម្លោះ​ដណ្តើម​កោះ

រដ្ឋមន្រ្តី​ការបរទេស​ចិន និង​ជប៉ុន​​បាន​ជួបគ្នា កាល​ពី​យប់ថ្ងៃ​អង្គារ ម្សិលមិញ នៅ​ក្រៅ​មហាសន្និបាត​អ.ស.ប. នៅ​ទីក្រុង​ញូវយ៉ក ដើម្បី​ជជែក​គ្នា​អំពី​ជម្លោះ​ដណ្តើម​ប្រជុំកោះ ដែល​កំពុង​តែ​បំពុល​ទំនាក់ទំនង​ទាំង​ផ្នែក​ការទូត និង​ផ្នែក​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំងពីរ។ ក៏ប៉ុន្តែ នៅ​ចុង​បញ្ចប់​នៃ​ជំនួប​នេះ ចិន និង​ជប៉ុន នៅតែមិនអាច​រកដំណោះស្រាយ​រួមណាមួយ​ ដើម្បី​បន្ធូរបន្ថយ​ជម្លោះ​នេះទេ។

លោក​កូអ៊ីឈីរ៉ូ ហ្កេមបា (Koichiro Gemba) រដ្ឋមន្រ្តី​ការបរទេស​ជប៉ុន ដែល​ជា​អ្នក​ស្នើ​សុំ​ឲ្យ​មាន​ជំនួប​ជាមួយ​​រដ្ឋមន្រ្តីការបរទេស​ចិន
លោក​កូអ៊ីឈីរ៉ូ ហ្កេមបា (Koichiro Gemba) រដ្ឋមន្រ្តី​ការបរទេស​ជប៉ុន ដែល​ជា​អ្នក​ស្នើ​សុំ​ឲ្យ​មាន​ជំនួប​ជាមួយ​​រដ្ឋមន្រ្តីការបរទេស​ចិន REUTERS/Yuriko Nakao
ផ្សាយពាណិជ្ជកម្ម

ជំនួបកាល​ពី​យប់ម្សិលមិញ​នេះ ត្រូវ​បាន​ធ្វើ​ឡើង ទៅតាម​សំណើ​របស់​​លោក​កូអ៊ីឈីរ៉ូ ហ្កេមបា (Koichiro Gemba) រដ្ឋមន្រ្តី​ការបរទេស​ជប៉ុន ដោយ​ឆ្លៀត​ក្នុងពេល​ដែល​រូបលោក និង​សមភាគីចិន គឺ​​លោក​យ៉ាង ជៀឈី (Yang Jiechi) កំពុង​ស្ថិត​នៅ​ក្នុង​ទីក្រុង​ញូវយ៉ក​ដូចគ្នា ដើម្បី​ចូលរួម​មហាសន្និបាត​អ.ស.ប.។

មន្រ្តី​ទូត​ជប៉ុន​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​បង្ហើប​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP ថា ជំនួប​នេះ​ប្រព្រឹត្តទៅ​ក្នុង​បរិយាកាស​តានតឹង ដោយ​ភាគី​ម្ខាងៗ​​នៅតែ​ប្រកាន់​ជំហរ​ដើម​រៀងៗខ្លួន។

យោងតាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួង​ការបរទេស​ចិន នៅ​ក្នុង​ជំនួប​ជាមួយ​រដ្ឋមន្រ្តី​ការបរទេស​ជប៉ុន លោក​យ៉ាង ជៀឈី បាន​លើកឡើង​ថា ការ​ដែល​រដ្ឋាភិបាល​ជប៉ុន​ប្រមូលទិញ​ដីលើ​កោះ​ជាប់ជម្លោះ គឺ​ជាការ​រំលោភយ៉ាងធ្ងន់ធ្ងរ​ទៅលើ​បូរណភាព​ទឹកដី​របស់​ចិន ហើយ​ថា ដរាបណា​រដ្ឋាភិបាល​ជប៉ុន​មិន​កែប្រែជំហរ​របស់ខ្លួនទេ ទំនាក់ទំនង​រវាង​ចិន និង​ជប៉ុន នឹង​មិន​អាច​ត្រឡប់​មក​រក​ភាព​ប្រក្រតី​វិញ​បានទេ ហើយ​ទាំងនេះ គឺ​ជា​កំហុស​របស់​ជប៉ុន។

ខាងភាគី​ជប៉ុនវិញ គេ​មិន​ឃើញ​មាន​សេចក្តីថ្លែងការណ៍​ជាផ្លូវការ​ណាមួយ​​របស់​រដ្ឋាភិបាល ជុំវិញ​ជំនួប​ជាមួយ​ចិននេះទេ ក៏ប៉ុន្តែ មន្រ្តី​ជាន់ខ្ពស់ជប៉ុន​បាន​បង្ហើបឲ្យដឹងថា លោក​កូអ៊ីឈីរ៉ូ ហ្កេមបា ​បាន​​​ស្នើ​​ឲ្យ​ចិន​មាន​ការ​អត់ធ្មត់​ជាអតិបរមា ដើម្បី​ធ្វើ​យ៉ាងណា​កុំ​ឲ្យ​មាន​ការ​ប្រើ​អំពើ​ហិង្សា ដែលនាំ​ឲ្យ​ខូចខាត​ដល់​រោងចក្រ និង​សហគ្រាស​ជប៉ុន នៅ​ចិន។

ទាក់ទង​នឹង​កម្មសិទ្ធិ​លើ​ប្រជុំកោះ​ជាប់ជម្លោះវិញ នៅ​មុនជំនួប​រវាង​រដ្ឋមន្រ្តី​ការបរទេស​ទាំងពីរ គណៈប្រតិភូ​ជប៉ុន​បាន​ធ្វើការ​​ចែកចាយដល់​អ្នក​សារព័ត៌មាន​ នូវ​សំណុំឯកសារ​មួយ​ចំនួន ដែល​ជប៉ុន​អះអាង​ថា ជា​មូលដ្ឋាន​បញ្ជាក់ច្បាស់​ថា ប្រជុំកោះ​សេនកាគូ គឺ​ជា​កម្មសិទ្ធិ​របស់​ជប៉ុន។ ក្នុង​ចំណោម​ឯកសារ​ទាំងនេះ រួមមាន ​ផែនទី​ដែល​ចិន​ខ្លួនឯង​ជា​អ្នក​គូស នៅ​ចន្លោះ​ពី​ឆ្នាំ​១៩៣០ ដល់​ឆ្នាំ​១៩៦០ ដោយ​ដាក់​ប្រជុំកោះ​ជាប់ជម្លោះ ទៅក្នុង​ទឹកដី​របស់​ជប៉ុន។

និយាយជារួម នៅ​ក្នុង​ជំនួប​ កាល​ពី​យប់ម្សិលមិញ​នេះ ​ ​រដ្ឋមន្រ្តីការបរទេស​ចិន និង​ជប៉ុន​មិនបាន​រកឃើញ​ដំណោះស្រាយ​​ណាមួយ ដើម្បី​បន្ធូរបន្ថយ​ភាពតានតឹង​នឹង​គ្នា​នោះទេ។ ក៏ប៉ុន្តែ ទោះជាយ៉ាងណា ភាគីទាំងពីរ​បាន​ព្រមព្រៀង​គ្នា​ថា​នឹង​ទុក​ទ្វារ​ឲ្យ​នៅ​ចំហ សម្រាប់​ការ​ចរចា​គ្នាបន្ត​ទៅទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ