អានតួអត្ថបទ
ប៉ាឡេស្ទីន-អ៊ីស្រាអែល

ហាម៉ា​ស​ព្រម​​ឱ្យ​​ប៉ាឡេស្ទីន​​​ចូល​តុលាការ​ព្រហ្មទណ្ឌ​​អន្តរជាតិ​ដើម្បី​បាន​ប្តឹង​អ៊ីស្រាអែល​

នាវានិង​យន្តហោះ​ចម្បាំង​អ៊ីស្រាអែល​បាន​បញ្ចេញ​សកម្មភាព ផ្លោង​និង​ទម្លាក់​គ្រាប់ លើ​ចំណុច​ដៅ​សំខាន់​ក្នុង​តំបន់ហ្កាហ្សា​ ​យ៉ាង​ខ្លាំង​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ ! មាន​ស្លាប់​ជា​ច្រើន​នាក់ ខ្លះ​ជា​គ្រួសារ​ទាំង​មូល​តែ​ម្តង ! ហាម៉ាស​ត្រូវ​បង់​ខាត​នូវ​អ្វី​ដែល​បាន​ធ្វើ​ការ​ពីយប់ ! នេះ​ជា​ប្រសាសន៍​ព្រមាន​របស់​លោក​នេតាន់យ៉ាហ៊ូ នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល ពេល​ឃើញ​គ្រាប់​រ៉ុកកែត​ហាម៉ាស​សម្លាប់​កុមារ​អ៊ីស្រាអែល។ ​អ៊ីស្រាអែល​-ប៉ាឡេស្ទីន វិល​វល់​ដោយ​ការ​សង​សឹក និង​ចោទ​ប្រកាន់ទម្លាក់​កំហុស​ដាក់​គ្នា​ទៅ​វិញ​ទៅមក។ សំណុំ​រឿង​ដែល​នឹង​អាច​ឈាន​ដល់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នា​ពេល​ខាង​មុខ​ ព្រោះ​ចលនា​ហាម៉ាស​ទើប​បាន​ចុះ​ហត្ថលេខា​ព្រមព្រៀង​ឱ្យ​ប៉ាឡេស្ទីន​ភ្ជាប់​ខ្លួន​នឹង​តុលាការ​ព្រហ្មទណ្ឌ​ក្រុង​ឡាអេ។

ទាហាន​អ៊ីស្រាអែល​នៅ​ព្រំ​ប្រទល់​ហ្កាហ្សា ថ្ងៃ​ទី ២១ សីហា ២០១៤
ទាហាន​អ៊ីស្រាអែល​នៅ​ព្រំ​ប្រទល់​ហ្កាហ្សា ថ្ងៃ​ទី ២១ សីហា ២០១៤ REUTERS/Baz Ratner
ផ្សាយពាណិជ្ជកម្ម

ការ​ព្រម​ព្រៀង​ចុះ​ហត្ថលេខា​របស់​ចលនា​ហាម៉ាស​​​​លើ​សំណើ​របស់​ប្រធាន​រដ្ឋ​អំណាច​ប៉ាឡេស្ទីន ម៉ាមូត អាបាស  គឺ​ជា​ការ​បើក​ផ្លូវ​ឱ្យ​ប៉ាឡេស្ទីន​​អាច​សុំ​ចុះ​ឈ្មោះ​ចូល​ជារដ្ឋ​​សមាជិក​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ដែល​មាន​ទីស្នាក់ការ​នៅទីក្រុង​ឡាអេ ស្រប​តាម​អនុសញ្ញាក្រុង​រ៉ូមបាន។

 
សេចក្តី​ជូន​ដំណឹង​របស់​ប៉ាឡេស្ទីន​នេះ​ធ្វើ​ឡើង ពីរ​ថ្ងៃ​ក្រោយ​ជំនួប​នៅ​ប្រទេស​កាតា រវាង​លោក​ប្រមុខ​ដឹកនាំ​ដែន​ដី​ប៉ាឡេស្ទីន​ម៉ាមូត អាប៉ាស និង​ប្រមុខ​ដឹកនាំ​ចលនា​ហាម៉ាស Khaled Mechaal។ សម្រាប់​​លោក​ម៉ាមូត អាប៉ាស វា​គឺ​ជា​ចាំ​បាច់​តែ​គ្រប់​ភាគី​ គ្រប់​ចលនា​នៅ​ប៉ាឡេស្ទីន​ទាំង​អស់ ត្រូវ​ព្រម​ព្រៀង​គ្នា​ចុះ​ហត្ថលេខា​ទទួល​ស្គាល់​សន្ធិសញ្ញា​ក្រុង​រ៉ូម ព្រោះ​ជា​លទ្ធភាព​តែ​មួយ​គត់​ដែល​អាច​នាំ​ប៉ាឡេស្ទីន​ឱ្យ​ភ្ជាប់​ខ្លួន​ជា​សមាជិក​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​CPI បាន។ បើ​តាម​អន្តរការី នៅ​សល់​តែ​ចលនា​ជីហាត​អ៊ីស្លាម​ ​ចលនា​ធំ​ទីពីរ​នៅ​តំបន់​ហ្កាហ្សា​មួយ​គត់ ដែល​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ពិចារណា​នៅ​ឡើយ ពុំ​ទាន់​ចុះ​ហត្ថលេខាទទួល​យក​សំណើ​របស់​លោក​អាប៉ាស។

សូម​អាន ៖ តើ​បុគ្គល​ឯកជន​អាច​ប្តឹង​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិក្រុង​ឡាអេ​ដែរ​ឬទេ ?

តាំង​ពី​ថ្ងៃ​ទី ៨ កក្កដា​មក​ សង្គ្រាម​រវាង​អ៊ីស្រាអែល និង​ហាម៉ាស​បាន​ផ្ទុះ​ឡើង​ជា​ថ្មី​នៅ​តំបន់​ហ្កាហ្សា។ ភាគី​បក្ខដិបក្ខ​ទាំង​ពីរ​ ចោទ​និង​ទម្លាក់​កំហុស​ដាក់គ្នា​ទៅ​វិញ​មក​​ថា​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម។ ដូច្នេះ​ប្រសិន​បើ​ប៉ាឡេស្ទីនបាន​ក្លាយ​ជារដ្ឋ​សមាជិក​ នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​មែន ចលនា​នៅ​ប៉ាឡេស្ទីន​ទាំង​អម្បាល​ម៉ាន មាន​ជាអាទិ៍​ចលនា​ហាម៉ាស​ ក៏​អាច​នឹង​ត្រូវ​​ប្រឈម​មុខ​នឹង​ការ​ចោទ​ប្រកាន់​ពី​តុលាការ​វិញ​ដែរ។ ហេតុដូច្នេះ​ហើយ​បាន​ជា​នៅ​ក្នុង​ឯកសារ​ព្រមព្រៀង​របស់​លោក​មាម៉ូត​អាប៉ាស មាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​គ្រប់​ភាគី​ហត្ថលេខី ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​ការ​ចូល​ជា​សមាជិក​អនុសញ្ញា​ក្រុង​រ៉ូម។

ហេតុអ្វី​បាន​ជា​ប៉ាឡេស្ទីន​ចង់​ចូល​ជា​សមាជិក​តុលាការ ?! អាជ្ញាធរ​ប៉ាឡេស្ទីន​ធា្លប់​បាន​ដាក់​ពាក្យ​បណ្តឹង​ម្តង​ជា​ពីរ​ដង ទៅ​តុលាការ​ក្រុង​ឡាអេ ប្រឆាំង​នឹង​អ៊ីស្រាអែល​ពីបទ​ប្រព្រឹត្តឧក្រិដ្ឋកម្ម​​សង្គ្រាម ប៉ុន្តែ​រដ្ឋអាជ្ញា​បាន​ច្រាន​ចោល​មិន​ទទួល​ពាក្យ​បណ្តឹង​ ដោយ​សំអាង​ថា​ប៉ាឡេស្ទីន​មិនមែន​ជា​រដ្ឋ​សមាជិក ឬ​ជា​រដ្ឋ​​ទទួល​​សមត្ថកិច្ច​របស់​តុលាការ។ ដូច្នេះ​ជាមួយ​នឹង​ការ​ទទួល​បាន​ឋានៈ​ជា​រដ្ឋ​សង្កេត​ការណ៍​នៅ​អង្គការ​សហប្រជាជាតិ​ កាលពី​ខែ​វិច្ឆិកា ២០១២ ប៉ាឡេស្ទីន​ពេល​នេះ​ក៏​ ​មាន​សិទ្ធិ​ចូល​ជា​សមាជិក​អង្គការ​  ឬ​អនុសញ្ញា​អន្តរជាតិ​ផ្សេងៗបាន។ ចំណែក​អ៊ីស្រាអែល​វិញ បាន​ចុះ​ហត្ថលេខា​ទទួល​ស្គាល់​អនុសញ្ញាក្រុង​រ៉ូម​ហើយ ប៉ុន្តែ​មិន​ទាន់ផ្តល់​សច្ចាប័ន​នៅ​ឡើយ​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ