អានតួអត្ថបទ
អ៊ីរ៉ាក់

បាតុករ​អ៊ីរ៉ាក់ ប្រកាស​ផ្តួល​រំលំ​រដ្ឋាភិបាល

នៅ​អ៊ីរ៉ាក់ ហ្វូង​បាតុករ​ប្រកាស​ផ្តួល​រំលំ​រដ្ឋាភិបាល។ បាតុកម្ម​ដែល​អូស​បន្លាយ​ជាង​មួយ​ខែ​មកនេះ សម្លាប់មនុស្ស​ចំនួន​២៥៨នាក់។ ពេល​នេះ សាលា​រៀន សហជីព​និស្សិត និង​ស្ថាប័ន​រដ្ឋ​ភាគច្រើន ប្រកាស​បិទ​ទ្វារ​ ឈប់​រៀន និងឈប់​ធ្វើការ«តាម​បញ្ជា​របស់​ប្រជាជនបាតុករ»​។ នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់ ​​អាច​ទំនង​ជាត្រូវ​លាចុះ​ពីតំណែង ហើយ​ប្រធានាធិបតីក៏បាន​ប្រកាសសន្យា​​រៀបចំ​ការ​បោះឆ្នោត​ជាថ្មី​ នៅក្នុង​ពេល​ឆាប់ៗនេះ​។

បាតុកម្ម​ប្រឆាំង​នឹងអំពើ​ពុករលួយ​នៅ​អ៊ីរ៉ាក់ ឈាន​ដល់​ការ​ទាមទារ​ផ្តួល​រំលំ​រដ្ឋាភិបាល។
បាតុកម្ម​ប្រឆាំង​នឹងអំពើ​ពុករលួយ​នៅ​អ៊ីរ៉ាក់ ឈាន​ដល់​ការ​ទាមទារ​ផ្តួល​រំលំ​រដ្ឋាភិបាល។ REUTERS/Thaier Al-Sudani
ផ្សាយពាណិជ្ជកម្ម

បាតុកម្មតាម​ដងផ្លូវ​​​នៅ​អ៊ីរ៉ាក់ ផ្ទុះ​ឡើង​និង​បាន​បន្ត​ធ្វើការតវ៉ា​ជាប់​​ឥត​ដាច់​រយៈ តាំងតែពី​ថ្ងៃទី​១តុលា​រហូត​មក។ ហ្វូង​បាតុករ​ នៅ​ក្នុង​ចុង​សប្តាហ៍​នេះ បា​នប្រមូល​ផ្តុំ​គ្នា​បិទផ្លូវ បិទ​ស្ពានពីរ​សំខាន់ៗ​ ដែល​ច្រក​ធ្វើ​ដំណើរ​ដ៏​ចាំបាច់​សម្រាប់​ចូល​រដ្ឋធានី​ Bagdad។ ចំពោះ​បាតុករ ការ​បិទ​ច្រកផ្លូវនេះ ជា​ការ​ផ្តល់​សារ​ដ៏​ចាំបាច់​ទៅកាន់​រដ្ឋាភិបាលអ៊ីរ៉ាក់​។​

ប្រភពពីអាជ្ញាធរថា ក្នុង​ការ​ប៉ះទង្គិច​គ្នា​ នៅ​យប់​ថ្ងៃ​សុក្រចូលថ្ងៃ​សៅរ៍ មាន​មនុស្ស​ស្លាប់​ម្នាក់, ក្នុង​រាត្រី​ថ្ងៃសៅរ៍​ឈានចូល​ថ្ងៃអាទិត្យ ស្លាប់​ម្នាក់​ទៀត ហើយ​ជាសរុបរួម​ ​តាំងពី​ពេល​ផ្ទុះ​បាតុកម្ម​ជាង​មួយ​ខែ​មកនេះ មានមនុស្ស​ស្លាប់​ ចំនួន​២៥៨នាក់​។​ ក៏ប៉ុន្តែ​បើ​តាម​ប្រភព​ផ្សេង​ៗ​និងបុគ្គលិក​មន្ទីរពេទ្យ បង្ហើប​ថា​មាន​ស្លាប់​ច្រើន​ជាងនេះ។

នៅថ្ងៃ​ចុង​សប្តាហ៍​នេះ បណ្តា​សាលា​រៀន និង​ស្ថាប័ន​រដ្ឋ​ភាគច្រើន ប្រកាស​បិទ​ទ្វារ​ ឈប់​រៀន និងឈប់​ធ្វើការ«តាម​បញ្ជា​របស់​ប្រជាជនបាតុករ»​ ហើយ​សហជីព​និស្សិត ចូលរួម​សកម្ម​ក្នុង​ការ​ដឹកនាំ​ការ​តវ៉ា​ធ្វើ​បាតុកម្ម​​។ សូម្បី​តែ​ជន​ពិការ ក៏​បាន​ចូលរួម​ធ្វើ​បាតុកម្ម​ដែរ។ នៅក្នុង​ការ​ប្រមូលផ្តុំគ្នា​ពី​​​ថ្ងៃ​សៅរ៍ ជន​ពិការ​ជាង​២០០នាក់ បាន​ប្រកាស​ចូលរួមជាមួយ​ចលនា​​បាតុកម្ម​។​

នៅ​អ៊ីរ៉ាក់ មនុស្ស​​មាន​ពិការភាព​ មាន​ជាង​៤លាន​នាក់ ដែល​រងគ្រោះ​ដោយ​សង្គ្រា​ម។ ពលរដ្ឋ​រស់នៅ​ឈឺ​ចុកចាប់ទាំង​ផ្លូវ​ការ​ផ្លូវ​ចិត្ត ដ្បិត​ខ្លួន​ឬ​សមាជិក​របស់​ខ្លួន មាន​ពិភារភាព ព្រោះ​តែ​ប្រទេស​ជាតិ​ទទួល​រង​ជម្លោះ​រ៉ាំរ៉ៃ​ជាច្រើន​ឆ្នាំ។ ដូ​ចជា​សង្គ្រាម​អ៊ីរ៉ាក់​និង​អ៊ីរ៉ង់ ក្នុង​ទសវត្សរ៍​១៩៨០ និង​ការ​វាយ​ប្រហារយោធា​​ពី​សំណាក់​កង​ទ័ព​អាមេរិក​ នៅ​អ៊ីរ៉ាក់​ ឆ្នាំ២០០៣ ហើយ​បន្តមកទៀត ប្រទេស​អ៊ីរាក់​ត្រូវ​ញ៉ាំញី​ដោយ​អំពើហិង្សា​បង្ហូរឈាម​និង​ឃាតកម្ម​ ព្រ​មទាំងត្រូវ​​ដឹកនាំ​ដោយ​ប្រព័ន្ធនយោ​បាយ​​​មួយ​ដែល​ពុករលួយ​ស៊ីរូង​។ កត្តា​ទាំងអស់​នេះហើយ​ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​អ៊ីរ៉ាក់​អួល​ណែន​ឆ្អែត​ឆ្អន់ចិត្ត​​ ហើយ​ពួក​ចង់​ក្រោកឈរ​ងើប​រើ​បម្រះ​​ពី​ប្រព័​ន្ធ​ដឹកនាំ​​ដែល​ពុក​រលួយ​ និងអយុត្តិធម៌​។

ប្រឈម​មុខ​នឹង​វិបត្តិ​ធំនៃ​បាតុកម្ម​កាន់តែ​ច្រើន​! ​ប្រធានាធិបតីអ៊ីរ៉ាក់​ ប្រកាសសន្យា​​រៀបចំ​ការ​បោះឆ្នោត​ជាថ្មី​នៅពេល​ឆាប់ៗ។ ក៏ប៉ុន្តែ​ បាតុករ​ខ្លះ បាន​ប្រាប់​អ្ន​កសារព័ត៌មាន​បារាំង​AFP ដែល​ឈរជើង​នៅ​ក្រុង​បាកដាដថា «បើទោះបី​ជា​រៀបចំ​ការ​ឆ្នោត​ជាថ្មីក៏ដោយ​ ក៏គេ​​ទំនង​ជាមិនសូវ​ជឿ ថា​​​អាច​បណ្តេ​ញ​ពួក​ជន​ពុក​រលួយ​ក្នុង​ជួរ​រដ្ឋាភិបាល​និង​ក្នុង​ជួរ​រដ្ឋអំណាច​ ចេញពី​កៅអី​បាន​ដែរ»៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ