អានតួអត្ថបទ
ភេរវកម្ម​នៅអ៊ីរ៉ង់

អ៊ីរ៉ង់​ចោទ​អារ៉ាប៊ីសាអ៊ូឌីត​និង​អាមេរិក​ថា​ជាអ្នក​នៅពីក្រោយ​ភេរវកម្ម​នៅ​តេហេរ៉ង់

ភេរវកម្ម​ពីរកន្លែងផ្ទួនៗគ្នា នៅ​ក្នុង​ទីក្រុង​តេហេរ៉ង់ ប្រទេស​អ៊ីរ៉ង់ កាល​ពីថ្ងៃ​ពុធ​ម្សិលមិញ បាន​បណ្តាល​ឲ្យ​មាន​អ្នក​ស្លាប់ ១៣នាក់ និង​របួស​យ៉ាងតិច ៤៦នាក់។ អាជ្ញាធរ​អ៊ីរ៉ង់​បាន​ទទួលស្គាល់​ថា ភេរវជន​គឺ​ជា​ពលរដ្ឋ​អ៊ីរ៉ង់ តែ​ធ្វើការ​ឲ្យ​ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាម។ អ៊ីរ៉ង់​ក៏​បាន​ធ្វើការ​ចោទប្រកាន់​ផងដែរ​ថា អារ៉ាប៊ីសាអ៊ូឌីត និង​សហរដ្ឋ​អាមេរិក​​ គឺ​ជា​អ្នក​នៅ​ពីក្រោយ​​ការវាយប្រហារ​ភេរវកម្ម​នេះ។

កម្លាំងប្រដាប់អាវុធ​អ៊ីរ៉ង់​ នៅ​ឯ​វិមាន​សភា ដែល​រងការ​វាយប្រហារ​ភេរវកម្ម កាល​ពីថ្ងៃ​ពុធ ៧មិថុនា ២០១៧
កម្លាំងប្រដាប់អាវុធ​អ៊ីរ៉ង់​ នៅ​ឯ​វិមាន​សភា ដែល​រងការ​វាយប្រហារ​ភេរវកម្ម កាល​ពីថ្ងៃ​ពុធ ៧មិថុនា ២០១៧ Tasnim News Agency/Handout via REUTERS
ផ្សាយពាណិជ្ជកម្ម

ការចោទប្រកាន់​ពី​ការ​ជាប់ពាក់ព័ន្ធ​របស់​អារ៉ាប៊ីសាអ៊ូឌីត និង​សហរដ្ឋ​អាមេរិក នៅ​ក្នុង​ការ​វាយប្រហារ​ភេរវកម្ម​កាល​ពីថ្ងៃ​ពុធ ត្រូវបាន​ធ្វើឡើង​ដោយ​ “ឆ្មាំបដិវត្តន៍” ដែល​ជា​កងកម្លាំង​ប្រដាប់អាវុធ​ដ៏​មាន​ឥទ្ធិពល និង​ដែល​ស្និទ្ធ​នឹង​ប្រមុខដឹកនាំ​កំពូល​អ៊ីរ៉ង់។ នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​​ចេញផ្សាយ កាលពីថ្ងៃពុធ “ឆ្មាំបដិវត្តន៍” បាន​ធ្វើការ​កត់សម្គាល់​ជាពិសេស​ថា ការវាយប្រហារ​ភេរវកម្ម​នៅ​អ៊ីរ៉ង់​នេះ​បាន​កើតឡើង​តែ​ប៉ុន្មានថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ពី​ជំនួប រវាង​លោក​ដូណាល់ត្រាំ និង​ប្រមុខដឹកនាំ​ប្រទេស​អារ៉ាប់​នៅ​ឈូងសមុទ្រ​ពែក្ស។

ពីខាង​សហរដ្ឋ​អាមេរិកវិញ ក្រសួង​ការបរទេស ក៏​ដូចជា​​លោក​ដូណាល់ត្រាំ​ផ្ទាល់​បាន​ថ្លែង​ចូលរួម​មរណទុក្ខ​ជាមួយ​អ៊ីរ៉ង់ ក៏ប៉ុន្តែ ព្រមជាមួយ​នឹង​ការ​ចូលរួម​មរណទុក្ខ លោក​ដូណាល់ត្រាំ​ក៏​បាន​ថ្លែងបែបព្រមាន​ចំពោះ​អ៊ីរ៉ង់​ផងដែរ​ថា “ប្រទេសដែល​គាំទ្រ​ភេរវកម្ម​ គឺ​អាច​នឹ​ងក្លាយ​ជា​អ្នក​រងគ្រោះ​ដោយ​ភេរវកម្ម​វិញ​ដោយ​ខ្លួនឯង”។ ឆ្លើយតបមកវិញ រដ្ឋមន្រ្តី​ការបរទេស​អ៊ីរ៉ង់​បានចាត់ទុក​ការ​ចូលរួម​មរណទុក្ខ​ដែល​ធ្វើឡើង​ដោយ​លោក​ដូណាល់ត្រាំ​ថា​ជា​រឿង “ដ៏គួរឲ្យ​ឆ្អើម”។

គួរបញ្ជាក់ថា នេះ​គឺ​ជា​លើកទី១ហើយ ដែល​ការវាយប្រហារ​ភេរវកម្ម​ដោយ​ក្រុម​ជីហាត​រដ្ឋអ៊ីស្លាម បាន​កើតមានឡើង នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់។ អ៊ីរ៉ង់​គឺ​ជា​ប្រទេស​អ៊ីស្លាម​និកាយ​ស្ហ៊ីអ៊ីត ចំណែក​ឯ​ក្រុម​ជីហាត​រដ្ឋអ៊ីស្លាម គឺ​ជា​ក្រុម​ស៊ុននីត​ជ្រុលនិយម ដែល​អ៊ីរ៉ង់​តែងតែ​ចោទថា​ជា​កូនអុក​ ដែល​អារ៉ាប៊ីសាអ៊ូឌីត​យក​មក​ប្រើ ដើម្បី​កម្ចាត់​អ៊ីរ៉ង់។ ចំណែក​អារ៉ាប៊ីសាអ៊ូឌីត និង​សហរដ្ឋអាមេរិក​វិញ តែងតែ​ចោទប្រកាន់​អ៊ីរ៉ង់​ថា​ជា​ប្រទេស​គាំទ្រ​ភេរវកម្ម​នៅ​ក្នុង​តំបន់ ជាពិសេស គឺ​គាំទ្រ​ក្រុម​ហាម៉ាស់​នៅ​ប៉ាឡេស្ទីន និង​ក្រុម​ហេសបូឡា​នៅ​លីបង់។

គេសង្កេតឃើញ​ថា ប្រទេស​ជាច្រើន​បាន​ធ្វើការ​ថ្កោលទោស​ការ​វាយប្រហារ​ភេរវកម្ម​នៅ​តេហេរ៉ង់ កាល​ពីថ្ងៃ​ពុធ​ម្សិលមិញ។ ក្រៅពី​ស៊ីរី អ៊ីរ៉ាក់ និង​រុស្ស៊ី ដែល​ជា​សម្ព័ន្ធមិត្ត​អ៊ីរ៉ង់ បណ្តា​ប្រទេស​លោកខាងលិច​ខ្លះ រួមមាន​ដូចជា បារាំង និង​អាល្លឺម៉ង់ ជាដើម សុទ្ធតែ​​បាន​ថ្កោលទោស​ភេរវកម្ម​នេះ។ សូម្បីតែ​ប្រទេស​អារ៉ាប់រួម ដែល​ជា​សម្ព័ន្ធមិត្ត​របស់​អារ៉ាប៊ីសាអ៊ូឌីត ហើយ​ដែល​បច្ចុប្បន្ន​កំពុង​ប្រឈមមុខ​យ៉ាងតានតឹង​ជាមួយ​អ៊ីរ៉ង់ ក៏​បាន​ចេញមុខ​ថ្កោលទោស​ការវាយប្រហារ​ភេរវកម្ម​លើ​អ៊ីរ៉ង់​នេះដែរ។

គួររំឭកឡើងវិញ​ថា អារ៉ាប់រួម​ស្ថិត​ក្នុង​ចំណោម​បណ្តា​ប្រទេស​អារ៉ាប់ នាំមុខ​ដោយ​អារ៉ាប៊ីសាអ៊ូឌីត ដែល​បាន​កាត់ផ្តាច់ទំនាក់ទំនង​ជាមួយកាតារ ដោយ​ចោទកាតារ​ថា​ផ្តល់​លុយកាក់​ជួយ​ក្រុម​ភេរវជនផង និង​កំពុងតែ​ព្យាយាម​បង្កើន​ទំនាក់ទំនង​ជាមួយ​នឹង​អ៊ីរ៉ង់ ដែល​ជា​គូសត្រូវ​របស់​អារ៉ាប៊ីសាអ៊ូឌីត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ