បាតុកម្មប្រឆាំងរដ្ឋាភិបាលអ៊ីរ៉ង់ កាន់តែរីកធំ
នៅអ៊ីរ៉ង់ បាតុកម្មប្រឆាំងរដ្ឋាភិបាល បានធ្វើឡើងពីរបីថ្ងៃជាប់ៗគ្នា ហើយកាន់រីកធំឡើងៗ។ ជាចម្លើយតប នៅថ្ងៃសៅរ៍ ទី៣០ធ្នូ រដ្ឋាភិបាលរបស់លោក ហាស់សាន រូហានី បានរៀបចំឲ្យមានបាតុកម្មគាំទ្ររដ្ឋាភិបាលវិញ និងមានការចាប់ឃាត់ខ្លួនបាតុករប្រឆាំងជាច្រើននាក់ផង។ ចំណែករដ្ឋាភិបាលភិបាលអាមេរិក បានចេញមុខថ្កោលទោសការចាប់ខ្លួនបាតុការប្រឆាំងនេះ និងដោយចាត់ទុកថា ជាការបំបិទសិទ្ធិនៃបាតុកម្មអហិង្សា។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ជាបឋម គួរយល់ថា ដើមហេតុដំបូងដែលនាំឲ្យមានការធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលអ៊ីរ៉ង់ គឺដោយសារតែការរឿងអត់ការងារធ្វើ និងបញ្ហាវិបត្តិសេដ្ឋកិច្ចនៅក្នុងស្រុក ហើយនៅទីបំផុត វាបានរាលដល់ដាលរឿងនយោបាយ។ ក្រុមបាតុករប្រឆាំងរដ្ឋាភិបាល បានសរសេរបដា និងស្រែកទាមទារឲ្យប្រមុខរដ្ឋចុះចេញពីតំណែង។ សូមបញ្ជាក់ថា អ៊ីរ៉ង មានប្រជាជន ប្រមាណ៨០លាននាក់ ហើយពលរដ្ឋ ជាង៣លាន២សែននាក់ គ្មានការងារធ្វើ។
មហាបាតុកម្មប្រឆាំងរដ្ឋាភិបាល បានរីកធំឡើងៗ ដោយមានមនុស្សរាប់ម៉ឺននាក់ចូលរួម នៅតាមបណ្តាទីក្រុងធំៗ នៅភាគខាងលិចនិងខាងជើងប្រទេស ហើយក៏បានហូរចូលមករដ្ឋធានី តេអេរ៉ង់។ ក៏ប៉ុន្តែ ត្រូវរដ្ឋាភិបាល បង្ក្រាប និងចាប់ឃាត់ខ្លួនមនុស្សជាច្រើនផង កាលពីល្ងាចថ្ងៃសុក្រ ទី២៩ធ្នូ ព្រមទាំងបានបន្ទោសទៅលើអ្នកនយោបាយប្រឆាំង ដែលនៅពីក្រោយការធ្វើបាតុកម្មនេះ។ នៅថ្ងៃសៅរ៍ ទី៣០ធ្នូនេះ អាជ្ញាធរអ៊ីរ៉ង់ ក៏បានរៀបចំឲ្យមានបាតុកម្មគាំទ្ររដ្ឋាភិបាលវិញម្តង ដែលប្រព្រឹត្តទៅនៅទូទាំងប្រទេសតែម្តង។
ភ្លាមៗ វិមានប្រធានាធិបតីសហរដ្ឋអាមេរិក បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោស ហើយលោក ដូណាល់ ត្រាំ ក៏បានសរសេរសារ Twitter ក្នុងន័យស្រដៀងគ្នាថា មានព័ត៌មានជាច្រើនណាស់ ដែលអាចស្តែងពីបាតុកម្មអហិង្សារបស់ពលរដ្ឋអ៊ីរ៉ង់ ដែលពលរដ្ឋទាំងនោះធុញទ្រាន់ដល់កមែនទែន ហើយ ចំពោះអំពើពុករលួយ និងការខ្ជះខ្ជាយថវិកាជាតិ ដោយយកទៅជួយភេរវជន នៅក្រៅប្រទេស។ នេះបើតាមការមន្ទីរបញ្ចកោណអាមេរិក។
សូមជម្រាបដែរថា ក្នុងចំណោមបាតុករប្រឆាំង មានអ្នកខ្លះ គឺបានស្រែកទាមទារ មិនចង់ឲ្យអ៊ីរ៉ង់ លូកដៃក្នុងជម្លោះក្រៅប្រទេស ជាពិសេសនៅសំណុំរឿង អ៊ីស្រាអែលនិងប៉ាឡេស្ទីន បញ្ហានៅតំបន់កាហ្សា និងនៅលីបង់ជាដើម ហើយពួកគេគេចង់ផ្ញើជីវិត សម្រាប់តែបុព្វហេតុប្រទេសអ៊ីរ៉ងរបស់គេមួយគត់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ