កាតាថា ការទាមទារទាំង១៣ចំណុច ដែលគេដាក់គំនៀបលើខ្លួន គឺជារឿងហួសហេតុ
វិបត្តិរវាងកាតា និងក្រុមប្រទេសអារ៉ាប់តំបន់ឈូងសមុទ្រ នៅមិនទាន់មានពន្លឺរកច្រកចេញនៅឡើយទេ។ ក្រុមប្រទេស៤ ដែលមានអារ៉ាប៊ីសាអូឌីត ជាអ្នកដឹកនាំនោះ បានដាក់គំនៀបទៅលើប្រទេសកាតា ដោយបានផ្ញើរលិខិតមួយ កាលពីថ្ងៃព្រហស្បតិ៍ ដែលក្នុងលិខិតនោះ មានរាយរាប់អំពីកាតព្វកិច្ច១៣ចំណុច ដែលកាតា ត្រូវតែធ្វើដើម្បីបញ្ចប់វិបត្តិ។ ប៉ុន្តែ កាលពីសៅរ៍ តំណាងរដ្ឋាភិបាលកាតា បានឆ្លើយតបវិញថា វាជាការដាក់កំហិត ដែលមិនសមហេតុផល និងហួសហេតុបំផុត មកលើកាតា ដែលជាប្រទេសឯករាជ្យ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:១២
លិខិតរាយរាប់លក្ខខណ្ឌទាំង១៣ចំណុច ត្រូវបានគេធ្វើឲ្យបែកធ្លាយ ចែកចាយពេញបណ្តាញសង្គម កាលពីថ្ងៃសុក្រ។ កូវ៉េត ដែលជាអ្នកចេញមុខ ធ្វើអាជ្ញាកណ្តាល និងធ្វើលិខិតនេះនោះ បានសម្តែងការសោកស្តាយជាខ្លាំង បើទោះបីជាមិនបាននិយាយដោយចំៗ ថាកាតាមានចេតនា ធ្វើឲ្យបែកធ្លាយលិខិតនេះជាសាធារណៈ ក៏ដោយ។
នៅក្នុងចំណោមលក្ខខណ្ឌ ទាំង១៣ចំណុច ដែលអារ៉ាប៊ីសាអូឌីត បារ៉ែន អេហ្ស៊ីប និងអេមៀរ៉ាត់ អារ៉ាប់រួម ទាមទារពីកាតានោះ មានជាអាថទិ៍ ដូចជាការទាមទារឲ្យកាតាបិទបញ្ចប់ទំនាក់ទំនងជាមួយអ៊ីរ៉ង់ ហើយនិងបិទស្ថានីយ៍ទូរទស្សន៍ Al Jazeera ។ ប្រទេសទាំង៤នេះ ក៏បានទាមទារឲ្យកាតា ធ្វើការប្រគល់សកម្មជនអ៊ីស្លាម មកពីក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម ក្រុមហេសបូឡាលីបង់ និងក្រុមភាតរអ៊ីស្លាម ដែលកំពុងសំងំលាក់ខ្លួននៅកាតា។
លក្ខខណ្ឌទាំងអស់នោះ គឺកាតាត្រូវតែធ្វើឲ្យបាន ក្នុងរយៈពេល១០ថ្ងៃ ពុំនោះទេ អ្វីៗ នឹងចប់គ្នាត្រឹមនេះ។ នេះគឺជាការអះអាងរបស់រដ្ឋមន្ត្រីក្រសួងការបរទេស អេមៀរ៉ាត់អារ៉ាប់រួម។ រដ្ឋមន្ត្រីដដែល ក៏បានទាមទារ ឲ្យសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ជួបរៀបចំយន្តការ ដើម្បីឃ្លាំមើលសកម្មភាពរបស់កាតា ក្នុងករណីមានកិច្ចព្រមព្រៀងជានាគ្នាឡើងវិញ។
ស្រាប់តែនៅថ្ងៃសៅរ៍ទី២៤ មិថុនា លោក Saif Ben Ahmed Al-Thani អ្នកនាំពាក្យរដ្ឋាភិបាលកាតា បានឆ្លើយតបវិញថា លក្ខខណ្ឌដែលគេដាក់កំហិតមកលើកាតានោះ មិនមែនសំដៅប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មទេ តែជាលក្ខខណ្ឌ ដែលគេដាក់ ដើម្បីត្រួតត្រាលើអធិបតេយ្យភាពរបស់កាតា។ អ្នកនាំពាក្យដដែល បានបន្តថា ការទាមទារចាប់បង្ខំកាតា ទាំង១៣ចំណុចនេះ គឺជារឿងហួសហេតុបំផុត។
ដូចគ្នាដែរ ឯកអគ្គរដ្ឋទូតកាតា ប្រចាំនៅសហរដ្ឋអាមេរិក បានថ្លែងថា គេព្រួតគ្នាធ្វើបាប ដាក់កំហិត ដាក់លក្ខខណ្ឌលើកាតា ដោយសារតែគេចង់ដាក់ទោសកាតា ព្រោះកាតា ហ៊ានតាំងខ្លួន ជាប្រទេសឯករាជ្យម្ចាស់ការ។ ដោយឡែក ស្ថានីយ៍ទូរទស្សន៍ Al Jazeera បានចេញលិខិតផ្លូវការមួយ ថ្កោលទោសការទាមទារ របស់ប្រទេសទាំង៤ដែល បង្ខំកាតាឲ្យបិទស្ថានីយ៍នេះ ថា ជាការទាមទារ ដែលបំពានលើសិទ្ធិសេរីភាពសារព័ត៌មាន និងសិទ្ធិក្នុងការបញ្ចេញមតិ។ ស្ថានីយ៍ទូរទស្សន៍ Al Jazeera បានលើកឡើងថា គេចង់បំបិតមាត់ បំបិតសម្លេងតវ៉ាប្រឆាំង នៅក្នុងតំបន់អារ៉ាប់ តាមរយៈការបិទស្ថានីយ៍ទូរទស្សន៍ នេះ ដែលជាបណ្តាញព័ត៌មានធំបំផុតក្នុងតំបន់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ