ឆ្លើយតបនឹងគ្រាប់រ៉ូកែតចេញពីតំបន់ហ្គាហ្សា អ៊ីស្រាអែលបាញ់កំទេចគោលដៅ១២កន្លែង
វិវាទនៅតំបន់ហ្គាហ្សា រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន នៅមិនទាន់ស្ងប់នៅឡើយទេ បើទោះបីជាមានបទឈប់បាញ់។ កាលពីយប់ថ្ងៃសៅរ៍ ឈានចូលថ្ងៃអាទិត្យនេះ យោងតាមប្រភពពីកងទ័ពអ៊ីស្រាអែល គឺមានគ្រាប់រ៉ូកែត ជាច្រើនគ្រាប់ ត្រូវបានបាញ់ចេញពីតំបន់ហ្គាហ្សា សំដៅមកភាគខាងត្បូងអ៊ីស្រាអែល។ ជាការឆ្លើយតប កងទ័ពអ៊ីស្រាអែល បានបាញ់កំទេចគោលដៅចំនួន១២ទីតាំង ក្នុងតំបន់ហ្កាហ្សា ដែលអ៊ីស្រាអែល គិតថាជាទីតាំងរបស់ក្រុមភេរវកម្មអ៊ីស្លាមប៉ាឡេស្ទីន។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:០៣
នៅព្រឹកថ្ងៃអាទិត្យទី៣មិថុនានេះ កងទ័ពអ៊ីស្រាអែល បានអះអាងថា ខ្លួនបានបាញ់ចំគោលដៅ កំទេចទីតាំងរបស់ក្រុមហាម៉ាស នៅក្នុងតំបន់ហ្កាហ្សា ចំនួនយ៉ាងហោច១២កន្លែង។ ក្នុងចំណោមគោលដៅ ដែលកងទ័ពអ៊ីស្រាអែល បានបាញ់កំទេច គឺមានជាអាថទិ ទីតាំងផលិត និងស្តុកអាវុធ ព្រមទាំងទីតាំងប្រតិបត្តិការរបស់ក្រុមហាម៉ាសប៉ាឡេស្ទីន។ យ៉ាងណាក៏ដោយ អាជ្ញាធរប៉ាឡេស្ទីន នៅតំបនហ្កាហ្សា មិនបានលើកឡើង អំពីជនរងគ្រោះ ដោយការវាយប្រហារ របស់កងទ័ពអ៊ីស្រាអែល ទៅលើទីតាំងទាំង១២ទីតាំងនោះទេ។
បើតាមលិខិតជូនដំណឹងរបស់ក្រសួងការពារជាតិអ៊ីស្រាអែល ការបាញ់ប្លោងរបស់កងទ័ពអ៊ីស្រាអែលនេះ គឺជាការឆ្លើយតប ទៅនឹងការបាញ់គ្រាប់រ៉ូកែត ជាច្រើនគ្រាប់ កាលពីយប់ថ្ងៃសៅរ៍ រំលងចូលថ្ងៃអាទិត្យ ចេញពីតំបន់ហ្កាហ្សា សំដៅមកភាគខាងត្បូងអ៊ីស្រាអែល។
សូមបញ្ជាក់ថា បើយោងតាមប្រភពពីកងទ័ពអ៊ីស្រាអែល បានឲ្យដឹងថា ក្នុងវេលាយប់ថ្ងៃសៅរ៍ទី ២មិថុនា មានគ្រាប់រ៉ូកែត ២គ្រាប់បានហោះចេញពីតំបន់ហ្គាហ្សា ដែលក្នុងនោះ មួយគ្រាប់ ត្រូវបានប្រព័ន្ធខែលមីស៊ីល របស់អ៊ីស្រាអែល បាញ់កម្ទេចបាន ហើយមួយគ្រាប់ទៀត មិនបានហោះចេញឆ្ងាយចូលដីអ៊ីស្រាអែលទេ ដោយបានធ្លាក់នៅក្នុងតំបន់ហ្កាហ្សា។ ប៉ុន្មានម៉ោងក្រោយមក នៅវេលាទៀបភ្លឺឈានចូលថ្ងៃអាទិត្យទី៣មិថុនា មានគ្រាប់រ៉ូកែតប្រមាណ៤គ្រាប់ផ្សេងទៀត ត្រូវបានបាញ់ចេញពីតំបន់ហ្កាហ្សា ដែលក្នុងនោះមាន៣គ្រាប់ ត្រូវបានកងទ័ពអ៊ីស្រាអែល ស្ទាក់កម្ទេចបាន។
រហូតមកដល់ពេលនេះ មិនទាន់មានក្រុមកងកម្លាំងប៉ាឡេស្ទីន ណាមួយចេញមុខ មកទទួលថាខ្លួនជាអ្នកបាញ់គ្រាប់រ៉ូកែតទាំងនោះឡើយ។ ក៏ប៉ុន្តែជានិច្ចជាកាល កងទ័ពអ៊ីស្រាអែល តែងតែចោទប្រកាន់ថា វាគឺជាស្នាដៃ របស់កងកម្លាំងហាម៉ាសប៉ាឡេស្ទីន។
គួរកត់សម្គាល់ដែរថា ប៉ុន្មានថ្ងៃចុងក្រោយនេះ អ៊ីស្រាអែល បានចោទប្រកាន់ទៀត ទៅលើក្រុមហាម៉ាស ថាបានពន្យុះឲ្យប្រជាជនប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា ធ្វើគ្រប់មធ្យោបាយ ដើម្បីវាយកំទេច ឬបង្កការខូចខាត មកលើស្ថានីយ៍យាមល្បាតតាមព្រំដែន របស់កងទ័ពអ៊ីស្រាអែល។ តួយ៉ាង ដូចជាការគប់ដុំថ្ម គប់ដបសាំងបញ្ឆេះភ្លើង និងការបង្ហោះគោមភ្លើង ឲ្យធ្លាក់ឆេះមកក្នុងដីអ៊ីស្រាអែលជាដើម។
ដោយឡែក កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ នៅតំបន់ហ្កាហ្សា មានប្រជាជនប៉ាឡេស្ទីនរាប់ពាន់នាក់ បានចូលរួមក្នុងពិធិដង្ហែរសព ស្ត្រីអ្នកស្ម័គ្រចិត្តសង្រ្គោះជនជាតិប៉ាឡេស្ទីនម្នាក់ ដែលបានស្លាប់ក្រោមគ្រាប់កាំភ្លើងរបស់កងទ័ពអ៊ីស្រាអែល កាលពីថ្ងៃសុក្រ ភាគខាងត្បូងតំបន់ហ្កាហ្សា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ