អានតួអត្ថបទ
កាតា-អ៊ីរ៉ង់

អ៊ីរ៉ង់ បញ្ជូន​យន្តហោះ​៥គ្រឿង​ ដឹក​ស្បៀង​ទៅ​ជួយ​កាតា

មួយ​​សប្តាហ៍​ក្រោយ​ពេល​ដែល​អារ៉ាប៊ីសាអូឌីត ​និង​ប្រទេស​អារ៉ាប់​៤​ផ្សេងទៀត ​បាន​នាំ​គ្នា​ផ្តាច់​ទំនាក់ទំនង​ការទូត​ ជាមួយ​កាតា ​ព្រមទាំង​បាន​បិទ​ព្រំដែន​ទាំង​ផ្លូវគោក ​ផ្លូវទឹក​ និង​ផ្លូវអាកាស​នោះ ​កាតា​កំពុង​ស្ថិត​ក្នុង​ភាព​ឯកោ ​និង​ប្រឈមមុខ​នឹង​ការ​ខ្វះខាត​ទំនិញ​សព្វ​សារពើ។ នៅថ្ងៃ​អាទិត្យ​ទី​ ១១ ​មិថុនា​នេះ​ អាជ្ញាធរ​អ៊ីរ៉ង់​ បាន​បញ្ជាក់​ថា​ គេ​បញ្ជូន​យន្តហោះ​៥គ្រឿង ​ដែល​មាន​ដឹក​ស្បៀង​រាប់​សិប​តោន ​ ទៅ​ជួយ​ដល់​កាតា។

ទិដ្ឋភាព​ក្រុងដូហា មើលពីសមុទ្រពែក្ស
ទិដ្ឋភាព​ក្រុងដូហា មើលពីសមុទ្រពែក្ស REUTERS/Stringer
ផ្សាយពាណិជ្ជកម្ម

អ្នកនាំពាក្យ​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​អ៊ីរ៉ង់​ បាន​បញ្ជាក់​ប្រាប់ ​នៅ​ថ្ងៃ​ទី១១​ មិថុនា​នេះ​ថា ​រហូត​មក​ត្រឹម​ពេល​នេះ ​ អ៊ីរ៉ង់ ​បាន​បញ្ជូន​យន្តហោះ​ដឹកស្បៀង ​មាន​បន្លែ​ចំណី​អាហារ ​ចំនួន​៥គ្រឿង​រួច​មក​ហើយ ​ដែល​មួយ​គ្រឿងៗ ​មាន​ផ្ទុក​ទំនិញ​ចំនួន​៩០​តោន។ យន្តហោះ​ទី​៦ ​និង​ត្រៀមខ្លួន​ចេញ​ទៅ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ បន្ថែម​ទៀត។ អ្នកនាំពាក្យ​ដដែល​នេះ ​បន្តថា​ អ៊ីរ៉ង់​ នឹង​បន្ត​បញ្ជូន​ទំនិញ ​និង​ស្បៀង​គ្រប់មុខ ​ទៅ​កាតា ​ដរាប​ណា​កាតា ​នៅ​តែ​សំណូមពរ។ ​តែ​យ៉ាងណា ​មន្ត្រី​អ៊ីរ៉ង់​រូបនេះ ​មិន​បាន​បញ្ជាក់​ទេ​ថា ​នេះ​គឺ​ជា​ជំនួយ​របស់​អ៊ីរ៉ង់​ ឬក៏​ជា​ទំនិញ ​ដែល​អ៊ីរ៉ង់​លក់​ទៅ​ឲ្យ​កាតា។

 
ក្រៅពី​ទំនិញ​បញ្ជូន​ទៅ​តាម​ជើង​យន្តហោះ ​អ៊ីរ៉ង់​ ក៏បាន​បញ្ជូន​ទំនិញ​៣៥០​តោន ​តាម​នាវា​ចំនួន​៣ ​ ឆ្ពោះទៅ​កាន់​កាតា ​ដែល​ស្ថិត​នៅ​ជ្រោយ​ម្ខាង​ទៀត​នៃ​សមុទ្រ ​ទល់មុខ​នឹង​អ៊ីរ៉ង់។ នេះ​បើ​តាម​ការ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន ​Tasnim ។ ដោយឡែក ​អ៊ីរ៉ង់ ​ក៏បាន​បើក​ផ្លូវ​អាកាស​របស់​ខ្លួន​ អនុញ្ញាត​ឲ្យ​ជើង​យន្តហោះ​របស់​កាតា ​អាច​ហោះកាត់​ប្រទេស​ខ្លួន​ដែរ​។ បើតាម​តួលេខ ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ​ជើង​ហោះហើរ​អន្តរជាតិ​កាត់​អ៊ីរ៉ង់ ​បាន​កើនឡើង​ដល់​១៧%។

សូម​រំលឹក​ថា ​កាល​ពី​ថ្ងៃចន្ទ ​ដើម​សប្តាហ៍​នេះ ​សង្រ្គាម​ការទូត​បាន​ផ្ទុះឡើង​ រវាង​កាតា ​ជាមួយ​និង​ ក្រុម​ប្រទេស​៥​ មាន​​អារ៉ាប៊ីសាអូឌីត ​អេហ្ស៊ីប ​បារ៉ែន​ យេមែន ​និង​អេមៀរ៉ាត់​អារ៉ាប់រួម។ ប្រទេស​ទាំង៥​ ដឹកនាំ​ដោយ​អារ៉ាប៊ីសាអូឌីត​ និង​មាន​លោក​ដូណាល់ ត្រាំ​ ជា​អ្នក​រុញ​ពី​ក្រោយ​នោះ ​បាន​ចោទ​កាតា ​ថាបាន​ទំនុក​បំរុង​គាំទ្រ​ចលនា​ភេរវកម្ម​ មានដូច​ជា​ក្រុម​ជីហាត​អង្គការរ​ដ្ឋ​អ៊ីស្លាម ​ក្រុម​អាល់កៃដា ​និង​ក្រុម​ចលនា​បងប្អូន​អ៊ីស្លាម ​ជាដើម។ បន្ថែមពី​នេះ ​គេ​បាន​នាំគ្នា​ចោទ​កាតា​ ថាមាន​ទំនោរ​កាន់ជើង​អ៊ីរ៉ង់។ ប្រទេស​ទាំង​៥ ​ដែល​នៅ​ព័ទ្ធ​ជុំវិញ​កាតានេះ​ បាន​បិទ​ព្រំដែន​គ្រប់​ច្រក ​ដើម្បី​បំបាក់​កាតា។ បើទោះ​បី​ ប្រទេស​ទាំង​៥​ខាង​លើ​បាន​បណ្តេញ​មន្ត្រី​ទូត ​ក៏ដូច​ជា​ប្រជាជន​កាតា ​ចេញ​ពី​ប្រទេស​គេ​ តែ​អាជ្ញាធរ​កាតា ​បាន​បញ្ជាក់​ថា ​កាតា ​នឹង​មិន​ឆ្លើយតប​ទៅវិញ ​ដោយ​ការ​បណ្តេញ​ប្រជាជន​នៃ​ប្រទេស​ទាំង​៥​នោះ​ទេ។

សូមបញ្ជាក់ដែរ​ថា​​ ​នៅ​ពី​ក្រោយ​ជំលោះ​ដ៏​ធំនេះ ​ គឺ​មាន​បំបាំង​នូវ​ជម្លោះ​មួយ​ទៀត​ រវាង​អារ៉ាប៊ីសាអូឌីត​ និង​អ៊ីរ៉ង់។ ប្រទេស​តំណាង​ឲ្យ​និកាយ​អ៊ីស្លាម​ ពីរខុស​គ្នា​នេះ ​ បាន​ប្រឈម​មុខ​ដាក់​គ្នា ​នៅ​គ្រប់​សមរភូមិ​ទាំងអស់ ​មិនថា​ ​នៅ​ស៊ីរី ​យេមែន ​ឬ​អ៊ីរ៉ាក់។ អារ៉ាប៊ីសាអូឌីត​ ត្រូវការ​ឲ្យ​កូនចៅ​ក្នុង​តំបន់​ឈូង​សមុទ្រ​ពែក្ស ​មក​នៅ​ក្រោម​បង្គាប់​ខ្លួន​ ហើយ​ស្អប់​អ៊ីរ៉ង់​ដូច​ខ្លួន។ ទាំង​តួកគី​ ទាំង​រុស្ស៊ី ​ក៏ដូច​ជា​អ៊ីរ៉ង់​ បាន​អំពាវនាវ ​ឲ្យ​ប្រទេស​ទាំង​៥ ​រួមគ្នា ​បន្ទន់​ឥរិយាបថ ​ហើយ​ស្វែង​រក​ការ​ចរចា​ជាមួយ​កាតា ​ដោយ​សន្តិវិធី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ