អានតួអត្ថបទ
អ៊ីស្រាអែល-ប៉ាឡេស្ទីន

អ៊ីស្រាអែល​ចង់ចាប់​​បង្អក​អាហារដោយ​​បង្ខំ ដល់​អ្នក​ទោស​ប៉ាឡេស្ទីន ដែល​ធ្វើ​កូដកម្ម​អត់​អាហារ

ច្បាប់ថ្មី​របស់​អ៊ីស្រាអែល ​ដែល​អនុញ្ញាត​ឲ្យ​អាជ្ញាធរ​អាច​ធ្វើ​ការ​បង្ខំ​ បញ្ចុក​ចំណី ​ដល់​អ្នក​ទោស​ណា ​ដែល​ធ្វើ​កូដកម្ម​អត់​អាហារ ​អាច​នឹង​ត្រូវ​អនុវត្ត​ជា​លើក​ដំបូង ​ទៅ​លើ​អ្នក​ទោស​ប៉ាឡេស្ទីន​ម្នាក់ ​ដែល​បាន​ធ្វើ​កូដកម្ម​ អត់​អាហារ​អស់​រយៈពេល​ ៥៥​ថ្ងៃ​មក​ហើយ។ អ្នក​ទោស​ប៉ាឡេស្ទីន ​ដែល​ជា​មេធាវី​រូប​នេះ​​ ត្រូវ​បាន​តុលាការ​អ៊ីស្រាអែល ​សម្រេច​ឲ្យ​ជាប់​ឃុំឃាំង​រដ្ឋបាល ​ដើម្បី​រងចាំ​ការ​ជំនំ​ជំរះ​ក្តី​ តាំងតែ​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៤​ម្លេះ។ ការ​អត់​អាហារ​ រយៈពេល​៥៥​ថ្ងៃ ​កំពុង​តែ​ធ្វើឲ្យ​ជន​នេះ​ ប្រឈមមុខ​នឹង​ការ​ស្លាប់ ​ក្នុង​ពេល​ដ៏ខ្លី​ខាង​មុខ។

ប្រជាជន​ប៉ាឡេស្ទីន ធ្វើ​បាតុកម្ម​ទាមទារ ឲ្យអ៊ីស្រាអែល​ដោះលែង​អ្នកទោស​ប៉ាឡេស្ទីន
ប្រជាជន​ប៉ាឡេស្ទីន ធ្វើ​បាតុកម្ម​ទាមទារ ឲ្យអ៊ីស្រាអែល​ដោះលែង​អ្នកទោស​ប៉ាឡេស្ទីន
ផ្សាយពាណិជ្ជកម្ម

បុរស​ជនជាតិ​ប៉ាឡេស្ទីន​ អាយុ​៣០​ឆ្នាំ ​ឈ្មោះ ម៉ូហាមេដ អាឡាន ​ជា​មេធាវី ​ត្រូវ​បាន​តុលាការ​អ៊ីស្រាអែល ​ចោទ​ពី​បទ​ថា​ជាប់​ពាក់ព័ន្ធ​ នឹង​ក្រុម​ភេរវកម្ម​ជីហាដ​រដ្ឋ​អ៊ីស្លាម។ បុរស​នេះ​ត្រូវ​បាន​អាជ្ញាធរ​អ៊ីស្រាអែល ​​ចាប់​ដាក់​ឃុំ ​កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៤ ​ដែល​ជា​ការ​ឃុំឃាំង​រដ្ឋបាល ​ដើម្បី​រងចាំ​ការ​ជុំនំ​ជំរះ​ក្តី។ ដើម្បី​បរិហារ​ពី​ការ​ឃុំឃាំង​ដ៏​យូរ​អន្លាយ ​ដោយ​គ្មាន​សាលដីកា​ច្បាស់លាស់​ ពី​តុលាការ​ បុរស​នេះ ​បាន​ធ្វើ​កូដកម្ម​បង្អត់​អាហារ​ខ្លួន​ឯង​ អស់​រយៈពេល​ ៥៥​ថ្ងៃ​មក​ហើយ។

 
មន្ត្រី​កាកបាទ​ក្រហម ​និង​មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស ​ដែល​បាន​ចូល​ទៅ​ពិនិត្យ​នៅ​ក្នុង​មន្ទីរ​ឃុំឃាំង​ បាន​ធ្វើ​ការ​អំពាវនាវ​ ឲ្យ​គេ​អនុញ្ញាត​ ឲ្យ​ក្រុម​គ្រួសារ​បុរស​នេះ​ បាន​ចូល​ជួប​សួរ​សុខទុក្ខ ​ព្រោះ​ស្ថានភាព​សុខភាព​គាត់​ កាន់តែ​ដុន​ដាប ​អាច​នឹង​ប្រឈមមុខ​ នឹង​ការ​ស្លាប់​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ។ បុរស​ជាប់ឃុំ​រូប​នេះ ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ​ដើម្បី​ទទួល​ការ​ថែរក្សា ​តែ​ទោះ​ជា​យ៉ាងណា​​ សរីរាង្គ​ទាំង​ស្រុង ​លែង​ទទួល​ជាតិ​ទឹក​ទៅ​ហើយ។

តុលាការ​អ៊ីស្រាអែល ​ដែល​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​ការ​ឃុំឃាំង​នេះ ​បាន​ប្រកាស​ពី​ចេតនា​របស់​ខ្លួន ​ថា​នឹង​ធ្វើការ​ផ្តល់​ចំណី​ដោយ​បង្ខំ​ ទៅ​ដល់​អ្នក​ជាប់​ឃុំ ​ដើម្បី​បញ្ចៀស​កុំ​ឲ្យ​ស្លាប់។ បើ​សិន​ជា​ការ​ពិតមែន ​នេះ​នឹង​ជា​លើក​ដំបូង​ហើយ ​ដែល​អាជ្ញាធរ​អ៊ីស្រាអែល​ធ្វើ​បែប​នេះ ​ដោយ​អនុវត្ត​តាម​ច្បាប់​ថ្មី​ ដែល​ទើបតែ​អនុម័ត​ដោយ​សភា​អ៊ីស្រាអែល។

ក្រុម​គ្រូពេទ្យ​អ៊ីស្រាអែល ​ក៏​ដូចជា​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស ​ទាំង​អ៊ីស្រាអែល ​ទាំង​ប៉ាឡេស្ទីន​ បាន​ធ្វើការ​បរិហារ​ច្បាប់​នេះ ​ដោយ​ថា​វា​ពុំ​មាន​លក្ខណៈ​មនុស្សធម៌​ទាល់តែ​សោះ​ ព្រោះ​ការ​បង្អក​អាហារ​ដោយ​បង្ខំ​ អាច​បង្ក​ជា​គ្រោះ​ថ្នាក់​ ដល់​ជីវិត ​ហើយ​ការ​បង្ខំ​បង្អក​ចំណី​ ​ទៅ​លើ​អ្នកទោស ​គឺ​វា​មិន​ខុស​ ពី​ការ​ធ្វើ​ទារុណកម្ម​នោះ​ទេ។ ដោយ​ឡែក ​សមាគមន៍​អ្នក​ទោស​ប៉ាឡេស្ទីន​ ​បាន​ធ្វើការ​បរិហារ​ថា ​នេះ​មិនមែន​ជា​លើក​ទីមួយ​ទេ ​ដែល​អ៊ីស្រាអែល​ បង្ខំ​បង្អក​ចំណី​អ្នក​ទោស​ប៉ាឡេស្ទីន ​ដែល​ធ្វើ​កូដកម្ម​អត់​អាហារ។ កន្លង​មក​មាន​អ្នក​ទោស​ប៉ាឡេស្ទីន​ បាន​ស្លាប់ ​៣​នាក់​រួច​មក​ហើយ​ ដោយសារ​តែ ​ការ​ចាប់​បង្អក​អាហារ​ដោយ​បង្ខំ។

គួរ​បញ្ជាក់​ថា ​ការ​ឃុំឃាំង​តាម​បែប​រដ្ឋបាល ​ត្រូវ​បាន​ច្បាប់​អ៊ីស្រាអែល​អនុញ្ញាត ​ឲ្យ​ធ្វើ​ក្នុង​រយៈពេល​ ៦ខែ ​ហើយ​អាច​បន្ត​ធ្វើ​រហូត ​ដ៏រាប​ណា​មិនទាន់​មាន​ការ​សម្រេច​ពី​តុលាការ ​ថា​ឲ្យ​ដោះ​លែង។ នេះ​គឺ​ជា​មូលហេតុ​ ដែល​បណ្តាល​ឲ្យ​អ្នក​ជាប់ឃុំ​ប៉ាឡេស្ទីន ​ជា​ច្រើន​នាក់​ ធ្វើ​កូដកម្ម​អត់​អាហារ​ ដើម្បី​បរិហារ​ពី​ភាព​អយុត្តិធម៌​ និង​អមនុស្សធម៌​ នៅ​ក្នុង​ប្រព័ន្ធ​តុលាការ​អ៊ីស្រាអែល។ បច្ចុប្បន្ន​នេះ ​មាន ​ជនជាតិ​ប៉ាឡេស្ទីន​ចំនួន ​៥៧០០​នាក់ ​​ដែល​ត្រូវ​អ៊ីស្រាអែល​ ចាប់​ដាក់​ឃុំ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ