អានតួអត្ថបទ

អ៊ីស្រាអែល​ក្លាយ​ជា​ប្រធាន​គណៈកម្មការច្បាប់​​របស់​អង្គការ​សហប្រជាជាតិ

គិត​ចាប់​ពី​​ចូល​ជា​សមាជិក​អង្គការ​សហប្រជាជាតិមក នេះ​ជា​លើក​ទី​មួយហើយ​ដែល​​អ៊ីស្រាអែល បាន​ក្លាយ​ជា​ប្រធាន​គណៈកម្មការ​មួយ​ ក្នុង​ចំណោម​គណៈកម្មការឯកទេស​​ទាំង​៦​របស់​អង្គការ​សហប្រជាជាតិ។ អ៊ីស្រាអែលដែល​ធ្លាប់​ចង្អុល​មុខ​នៅ​អង្គកា​រសហប្រជាជាតិ​ ក្នុង​សំណុំ​រឿង​អាណានិគមកិច្ច​លើ​ប៉ាឡេស្ទីន និង​នៅ​ហ្កាហ្សា បាន​​ចារ​ជោគជ័យ​ថ្ងៃ​នេះ​ក្នុង​ទំព័រ​ប្រវត្តិសាស្ត្រជាតិ និងមាន​មោទនភាព​ចំពោះ​តួនាទី​ថ្មី តែ​​បណ្តា​​ប្រទេស​អារ៉ាប​និង​ពិសេស​ប៉ាឡេស្ទីន កំពុង​ខក​ចិត្ត​យ៉ាង​ខ្លាំង។

ទិដ្ឋភាព​នៃ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ឆ្នាំ​២០១២
ទិដ្ឋភាព​នៃ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ឆ្នាំ​២០១២ REUTERS/Eduardo Munoz
ផ្សាយពាណិជ្ជកម្ម

 

ជា​ធម្មតា​តួនាទី​ប្រធាន​គណៈកម្មការ​ឯកទេស​អង្គការ​សហប្រជាជាតិ ត្រូវ​បាន​ជ្រើស​តាំង​ប្តូរ​វេន​ជា​រៀង​រាល់​ឆ្នាំ​ ​តាមរ​យៈ​ការ​ស្រុះស្រួល​គ្នា​ទេ ហើយ​ប្រទេស​ណា​ក៏​អាច​ដាក់​បេក្ខភាព​បាន​ដែរ។ តែ​នៅលើក​នេះ ឯកអគ្គរដ្ឋ​ទូត​អ៊ីស្រាអែល ប្រចាំ​អ.ស​.ប​. លោក ដានី ដានុន ​​អាច​​​ក្លាយ​ជា​ប្រធាន​គណៈកម្មការ​ទី​៦សម្រាប់​មហាសន្និបាត​លើក​ទី​៧១បាន​ តាម​រយៈ​ការ​បោះឆ្នោត​ដោយ​សំងាត់ ជា​មួយ​នឹង​​សំឡេង​គាំទ្រ​១០៩​សំឡេង​លើ​១៩៣។

គណៈកម្មការ​ទី​៦ របស់​អង្គការ​សហប្រជាជាតិនេះ​ ​បន្ទុក​គ្រប់​គ្រង​​ផ្នែក​ច្បាប់ ជា​ស្ថាប័ន​ពិគ្រោះ និង​មាន​ភារៈ​រៀបចំ​គម្រោង​សេចក្តី​សម្រេច​ចិត្ត​ផ្សេងៗ មុន​នឹង​ដាក់​ប្រគល់​ទៅ​អង្គ​មហាសន្និបាតអង្គការ​សហប្រជាជាតិ​​បោះឆ្នោត​អនុម័ត។​

ក្រៅ​អំពី​បាន​សម្តែង​មោទនភាព​ក្នុង​នាម​ជា​ឥស្សរជន​ដំបូង​របស់​អ៊ីស្រាអែល​ដែល​បាន​ក្លាយ​ជា​ប្រធាន​គណៈកម្មការ​អចិន្ត្រៃយ៍​មួយ​របស់​​អង្គការ​សហប្រជាជាតិ​មក លោក ដានី ដានុន បាន​សន្យា​ធ្វើ​ការ​ជា​មួយ​គ្រប់​ប្រទេស​ជា​សមាជិក​ដោយ​មិន​រើស​អើង​អ្វី​ឡើយ និង​បាន​សន្យា​ប្រើ​តួនាទី​នេះ សម្រាប់​ទៅ​ពង្រឹង​ច្បាប់​ភេរវកម្ម​របស់​អ.ស.ប. ព្រោះ​អ៊ីស្រាអែល​បទពិសោធន៍​ខ្លាំង​បំផុត​ក្នុង​ផ្នែក​នេះ។

ប៉ុន្តែ​តំណាង​ប៉ាឡេស្ទីន និង​តំណាង​ក្រុម​ប្រទេស​អារ៉ាប​​នៅ​អង្គការ​សហប្រជាជាតិ​មិន​សុខ​ចិត្ត​ទេ ដោយ​យល់​ថា​តួនាទី​របស់​អ៊ីស្រាអែល​ជា​ប្រភព​នៃ​ការ​ប្រេះឆា និង​ជា​សញ្ញា​អវិជ្ជមាន។ អ៊ីស្រាអែល​ដែលមាន​នយោបាយ​ធ្វើ​​អាណានិគមកិច្ច​ រំលោភ​ច្បាប់​អន្តរជាតិ​ ប្រើ​កម្លាំង​យោធា​លើ​អ្នក​ទន់​ខ្សោយ តែ​បែរ​ជា​អាច​ទទួល​បាន​ថានៈ​ជា​ប្រធាន​គណៈកម្មការ​ទី៦ ជា​ស្ថាប័ន​គ្រប់​គ្រង​ច្បាប់​ទៅ​វិញ ?! តំណាង​ប៉ាឡេស្ទីន​បានព្រមាន​ថា​នឹង​បណ្តា​ក្រុម​ប្រទេស​អារ៉ាប​នឹង​ពិគ្រោះ​គ្នា​បញ្ចេញ​ប្រតិកម្ម និង​បាន​រំលឹក​ថា នៅ​ក្នុង​គណៈកម្មការ​ទី​៦​ ដែល​ដឹកនាំ​ដោយ​អ៊ីស្រាអែលនេះ មាន​សមាជិក​ជា​ច្រើន (ដូចជា ប៉ាគីស្ថាន វ៉េណេស៊ុយអេឡា ហុងគ្រី ហ្សំប៊ី) ជា​អ្នក​គាំទ្រ​បុព្វហេតុ​ប៉ាឡេស្ទីន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ