អេហ្ស៊ីបរិះគន់អាមេរិកដែលអំពាវនាវអោយពលរដ្ឋខ្លួនប្រយ័ត្នសុវត្ថិភាព នៅក្រុងគែរ
កាលពីថ្ងៃសុក្រ ស្ថានទូតអាមេរិកប្រចាំនៅទីក្រុងគែរ ប្រទេសអេហ្ស៊ីប បានចេញសេចក្តីប្រកាសអោយពលរដ្ឋអាមេរិកចៀសវាងដើរកំសាន្ត នៅសារមន្ទីរ ទីផ្សារ រឺទីប្រជុំជនផ្សេងៗ ក្នុងទីក្រុងគែរ នៅថ្ងៃសម្រាកចុងសប្តាហ៍៨-៩តុលានេះ ដើម្បីសុវត្ថិភាពសន្តិសុខរបស់ពួកគេ។ ក្រសួងការបរទេសអេហ្ស៊ីបបានប្រតិកម្មរិះគន់ទង្វើរបស់ស្ថានទូតអាមេរិក ដែលអាចផ្តល់ផលប៉ះពាល់ដល់សេដ្ឋកិច្ចអេហ្ស៊ីប។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ក្រសួងការបរទេសអេហ្ស៊ីបមិនយល់សោះថា ហេតុអ្វីបានជាស្ថានទូតអាមេរិកប្រចាំទីក្រុងគែរ អំពាវនាវអោយពលរដ្ឋអាមេរិក ចៀសវាងចេញទៅកំសាន្តតាមទីប្រជុំជននានា នៅទីក្រុងគែរ នៅថ្ងៃសម្រាកចុងសប្តាហ៍៨-៩តុលានេះ។ ដោយសាររឿងនេះ កាណាដា អូស្ត្រាលី និងអង់គ្លេសក៏បានជូនដំណឹងដល់ពលរដ្ឋពួកគេអោយប្រុងប្រយ័ត្នដូចគ្នា ដោយសំអាងលើសេចក្តីប្រកាសរបស់ស្ថានទូតអាមេរិក។
ក្រសួងមហាផ្ទៃអេហ្ស៊ីបលើកឡើងថា មិនបានទទួលដំណឹងអ្វីពាក់ព័ន្ធការគំរាមកំហែងសន្តិសុខនៅទីក្រុងគែរទាល់តែសោះ។ យោងតាមអ្នកនាំពាក្យក្រសួងការបរទេសអេហ្ស៊ីប ស្ថានទូតអាមេរិកបានឆ្លើយថា សេចក្តីប្រកាសអោយពលរដ្ឋខ្លួនប្រុងប្រយ័ត្នបែបនេះ គ្រាន់តែជាសេចក្តីប្រកាសធម្មតា ដែលស្ថានទូតតែងធ្វើជាប្រចាំ សម្រាប់ថ្ងៃសម្រាកចុងសប្តាហ៍ប៉ុណ្ណោះ។ អេហ្ស៊ីបរិះគន់ទង្វើស្ថានទូតអាមេរិកថា គ្មានប្រយោជន៍ តែថែមទាំងអាចប៉ះពាល់ដល់សេដ្ឋកិច្ចអេហ្ស៊ីបទៀតផង។
ថ្ងៃអាទិត្យនេះ ជាថ្ងៃខួបនៃការធ្វើដំណើររបស់លោក គ្រីស្តុហ្វ កូឡុំ ទៅដល់ទ្វីបអាមេរិក កាលពីចុងសតវត្សទី១៥។ ប្រហែលអាមេរិកខ្លាចមានអ្វីកើតឡើង ចំពោះសុវត្ថិភាពពលរដ្ឋខ្លួននៅអេហ្ស៊ីប ទើបបានជាធ្វើសេចក្តីប្រកាសនេះឡើង។
តាំងពិខែកក្កដាឆ្នាំ២០១៣ ក្រោយកងទ័ពអេហ្ស៊ីបទំលាក់ប្រធានាធិបតីម៉ូហាមេត មរស៊ី មានភេរវកម្មជាច្រើនបានកើតឡើងនៅអេហ្ស៊ីប វាយប្រហារលើកងកម្លាំងសន្តិសុខ។ ប៉ូលិសនិងទាហានរាប់រយនាក់បានស្លាប់ក្នុងភេរវកម្ម ពិសេសនៅតំបន់ស៊ីណៃ ដែលជាជង្រុកក្រុមភេរវជនជីហាតរដ្ឋអ៊ីស្លាម។
កាលពីចុងខែតុលា ឆ្នាំ២០១៥ យន្តហោះដឹកអ្នកទេសចររុស្ស៊ីមួយគ្រឿង បានធ្លាក់ក្រោយហោះចេញព្រលានតំបន់ទេសចរអេហ្ស៊ីប ឆាំ អែល ឆេក ឆ្ពោះទៅក្រុងសាំង ភីតថឺស្បួរ។ មនុស្ស២២៤នាក់ក្នុងយន្តហោះបានស្លាប់។ កាលនោះ ក្រុមជីហាតរដ្ឋអ៊ីស្លាមប្រកាសថា ខ្លួនជាអ្នកបានដាក់គ្រាប់បែកបង្កភេរវកម្មប្រឆាំងយន្តហោះរុស្ស៊ី៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ