ភេរវកម្មផ្ទួនៗគ្នាសម្លាប់មនុស្សយ៉ាងតិច ៣៨នាក់ នៅអេហ្ស៊ីប
វិហារគ្រឹស្តសាសនាពីរកន្លែង នៅអេហ្ស៊ីប នៅថ្ងៃអាទិត្យម្សិលមិញ បានរងការវាយប្រហារភេរវកម្ម ដែលបានសម្លាប់មនុស្សយ៉ាងតិច ៣៨នាក់។ ក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម អង្គការរដ្ឋអ៊ីស្លាមដែលមានទីតាំងនៅប្រទេសស៊ីរីបានចេញមុខ ទទួលខុសត្រូវលើអំពើភេរវកម្ម នៅអេហ្ស៊ីប នៅថ្ងៃម្សិលមិញ។ ភេរវកម្មវាយប្រហារវិហារគ្រឹះស្តសាសនាធ្វើឡើងនៅពីរសប្តាហ៍មុនដំណើរទស្សនកិច្ចរបស់សម្តេចសង្ឃកាតូលិក ហ្វ្រង់ស័រ នៅអេហ្ស៊ីប។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០១:៥៥
យោងតាមក្រសួងមហាផ្ទៃអេហ្ស៊ីប នៅទីក្រុងអាឡិចសង់ឌ្រី ដែលស្ថិតនៅ ប៉ែកខាងជើង អេហ្ស៊ីប ភេរវជនអត្តឃាតម្នាក់ បានចុចបំផ្ទុះគ្រាប់បែក នៅលើខ្លួន បន្ទាប់ពីប៉ូលិសបានរារាំងមិនឲ្យចូលទៅក្នុងវិហារគ្រឹស្តសាសនា នៅក្នុងពេលពិធីសូត្រធម៌ ដឹកនាំដោយសម្តេចសង្ឃអ័រតូដុកអេហ្ស៊ីប Tawadros ទី២។
ភេរវកម្មអត្តឃាតនៅអាឡិចសង់ឌ្រី ដែលបានសម្លាប់មនុស្ស ១១នាក់ កើតឡើងនៅប៉ុន្មានម៉ោងក្រោយភេរវកម្ម បំផ្ទុះគ្រាប់មួយទៀត នៅភាគខាងជើងទីក្រុងគែរ។ ក្រសួងសុខាភិបាលអេហ្ស៊ីប បង្ហាញថា មនុស្ស២៧នាក់បានសម្លាប់ និងរបួស ៧៨នាក់ នៅក្នុងអំពើភេរវកម្ម ក្នុងទីក្រុងTanta។
នៅរសៀលថ្ងៃអាទិត្យ ទីភ្នាក់ងារឃោសនារបស់ក្រុមជីហាត អង្គការរដ្ឋអ៊ីស្លាមបានអះអាងថា សមាជិករបស់ខ្លួនជាអ្នកធ្វើភេរវកម្ម វាយប្រហារទៅលើវិហារសាសនាគ្រឹស្តនៅអាឡិចសង់ឌ្រី និងនៅទីក្រុងTanta របស់អេហ្ស៊ីប។
នៅអេហ្ស៊ីប ជាទីដែលប្រជាជនភាគច្រើនកាន់សាសនាអ៊ីស្លាម អ្នកគោរពជឿគ្រឹស្តសាសនាអ័រតូដុក តំណាងឲ្យ១០ភាគរយនៃប្រជាជនអេហ្ស៊ីបសរុប ៩០លាននាក់។ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ គ្រឹស្តសាសនិកនៅអេហ្ស៊ីបបានក្លាយជាផ្ទាំងស៊ីបនៃការរើសអើង ពីសហគមន៍អ្នកកាន់សាសនាអ៊ីស្លាម ហើយនិងរងការវាយប្រហារពីក្រុមភេរវនិយម។ នៅខែធ្នូកន្លងទៅ ភេរវកម្ម របស់ក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម ប្រឆាំងវិហារគ្រឹស្តសាសនា នៅទីក្រុងគែរបានសម្លាប់មនុស្ស២៥នាក់ និងរបួស ៤៩នាក់។ ការវាយប្រហារ ជាបន្តបន្ទាប់ ដោយចេតនា របស់ក្រុមជីហាត នៅអេហ្ស៊ីប ដែលជាសាខារបស់អង្គការរដ្ឋអ៊ីស្លាម បានជំរុញឲ្យគ្រឹស្តសាសនិកអេហ្ស៊ីបបង្ខំចិត្តរត់ចោល ផ្ទះសម្បែង នៅជ្រោយស៊ីណៃ។ ស៊ីណៃជាសំបុកតាំងទីរបស់ក្រុមអ៊ីស្លាមជ្រុលនិយមអេហ្ស៊ីប ដែលបានភ្ជាប់ខ្លួនទៅនឹងក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម។ កងទ័ពអេហ្ស៊ីបបានបើកការវាយប្រហារបំបែកសំបុកក្រុមនេះជាច្រើនលើក ប៉ុន្តែ នៅតែមិនអាចទប់ស្កាត់ មិនឲ្យក្រុមនេះធ្វើភេរវកម្មនៅក្នុងទឹកដីអេហ្ស៊ីប៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ