នាយករដ្ឋមន្រ្តីលីបង់ ប្រកាសលាលែងពីតំណែង ដោយសារខ្លាចគេធ្វើឃាត
នាយករដ្ឋមន្រ្តីលីបង់ នៅថ្ងៃសៅរ៍ទី ៤វិច្ឆិកាបានប្រកាសលាលែងពីមុខតំណែង។ នៅក្នុងការប្រកាសតាមទូរទស្សន៍ តាំងពីប្រទេសអារ៉ាប៊ី សាអូឌីត លោកសាអាដ ហារីរី ( Saad Hariri) បាននិយាយចោទប្រកាន់ក្រុមទាហានអេស្បូឡា នៅលីបង់ និង ប្រទេសអ៊ីរ៉ង់ថា បានចូលក្តោបក្តាប់ជីវិតនយោបាយលីបង់ និងគំរាមកំហែងអាយុជីវិតផ្ទាល់ខ្លួនរបស់លោក។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
តាមកញ្ចក់ទូរទស្សន៍អារ៉ាប៊ី សាអូឌីត លោកសាអាដ ហារីរី ដែលអានលិខិតសុំលាលែងពីមុខតំណែងនាយករដ្ឋមន្រ្តីលីបង់ បានលើកឡើងថា លោកមានអារម្មណ៍ថា កំពុងមានការប៉ុនប៉ងដោយសម្ងាត់ណាមួយ សំដៅធ្វើឃាតរូបលោក។ លោកសាអាដ ហារីរី បានប្រៀបធៀបបរិយាកាសនយោបាយនៅលីបង់ សព្វថ្ងៃ ទៅនឹងលីបង់ កាលពី១២ឆ្នាំ គឺឆ្នាំ ២០០៥ នៅពេលលោកនាយករដ្ឋមន្រ្តី រ៉ាហ្វីក ហារីរី ជាឪពុករបស់លោក ត្រូវគេលួចធ្វើឃាត ដោយការបំផ្ទុះរថយន្ត។ សមាជិករបស់ក្រុមហេស្បូឡា៥នាក់ត្រូវបានចោទប្រកាន់ថា ជាអ្នកនៅពីក្រោយឃាតកម្មទៅលើលោករ៉ាហ្វីក ហារីរី។
ការប្រកាសលាលែងពីតំណែង របស់លោកហារីរី បានធ្វើឲ្យមានការភ្ញាក់ផ្អើលជាទូទៅ នៅលីបង់ ព្រោះថា លោកសាអាដ ហារីរី (អាយុ ៤៧ឆ្នាំ) ទើបតែចូលកាន់តំណែងនេះ នៅឆ្នាំ ២០១៦តែប៉ុណ្ណោះ។ ការិយាល័យប្រធានាធិបតីលីបង់ នៅថ្ងៃសៅរ៍បានប្រកាសថា លោកប្រធានាធិបតី Michel Aoun បានទទួលរួចហើយ លិខិតសុំលាលែងរបស់លោកនាយករដ្ឋមន្រ្តី ហារីរី ប៉ុន្តែ លោកនៅរង់ចាំការបកស្រាយ នៅពេលលោកហារីរីត្រឡប់មកពីប្រទេសអារ៉ាប៊ី សាអូឌីត មុននឹងសម្រេចចាត់វិធានការបន្ទាប់ពីនេះ។
លីបង់ ប្រទេសដ៏តូចមួយ ចន្លោះ អ៊ីស្រាអែល និងស៊ីរី ត្រូវហែកហួរ បំផ្លាញ ដោយសារសង្រ្គាមស៊ីវិល និងការវាយប្រហាររបស់អ៊ីស្រាអែល នៅឆ្នាំ ២០០៦។ ស្ថិរភាពនយោបាយសឹងតែគ្មាន នៅប្រទេសលីបង់ ជាទី ដែលមានការប្រជែងដណ្តើមឥទ្ធិពល គ្នារវាងថ្នាក់ដឹកនាំ នយោបាយ ដែលមាននិន្នាការនយោបាយ និងសាសនាប្រឆាំងគ្នា។ លោកនាយករដ្ឋមន្រ្តី សាអាដ ហារីរី មកពីនិកាយស៊ុននីត និងគាំទ្រអារ៉ាប៊ី សាអូឌីត។ នៅឆ្នាំ ២០១៦ ឆ្នាំមុន លោកហារីរីត្រូវបង្ខំចិត្ត ចាប់ដៃបង្កើតរដ្ឋាភិបាល ជាមួយលោកប្រធានាធិបតីលីបង់ Michel Aoun ដែលជាសម្ព័ន្ធមិត្តរបស់ពួកទាហានអេស្បូឡា ដែលជាសត្រូវរបស់លោកហារីរី។
នៅក្នុងសារលាលែងចេញពីតំណែងនាយករដ្ឋមន្រ្តី លោកសាអាដ ហារីរី បានចោទប្រកាន់ក្រុមអេស្បូឡា ថា កំពុងប្រើសព្វាវុធ ដែលក្រុមនេះ នៅរក្សាទុក ក្រោយពីចប់សង្រ្គាមស៊ីវិល ឆ្នាំ ១៩៩០ ដើម្បីដណ្តើមអំណាច ចូលត្រួតត្រាទាំងស្រុងកងទ័ពលីបង់។ ក្រុមអេស្បូឡា ដែលកំពុងមានមុខប្រយុទ្ធ ក្នុងសង្រ្គាមស៊ីរី និងយេម៉ែន ជាក្រុមដែលគាំទ្រ ហិរញ្ញវត្ថុ និងយោធា ដោយប្រទេសអ៊ីរ៉ង់ ដែលជាគូប្រជែងរបស់អារ៉ាប៊ី សាអូឌីត។
លោកសាអាដ ហារីរី ដែលមាននិន្នាការទៅរកអារ៉ាប៊ី សាអូឌីត (ជាទីដែលលោកកើតធំដឹងក្តី) បានចង្អុរមុខអ៊ីរ៉ង់ ចំៗផងដែរថា កំពុងលូកដៃ ចូលក្តោបក្តាប់នយោបាយលីបង់ តាមរយៈ សាបព្រួសមនោគមវិជ្ជា ទៅក្នុងខួរក្បាលកុមារលីបង់។ សម្រាប់អ្នកជំនាញមួយចំនួន លោក ហារីរី លាលែងពីតំណែងនៅពេលនេះ គឺជាលទ្ធផលនៃភាពតានតឹងដាក់គ្នាកាន់តែខ្លាំងរវាងអ៊ីរ៉ង់ និងអារ៉ាប៊ី សាអូឌីត នៅក្នុងតំបន់។ លីបង់ ដែលកំពុងមាននយោបាយ និងសេដ្ឋកិច្ចដើរអូសជើងហើយនោះ រឹតតែធ្លាក់ទៅក្នុងអស្ថិរភាពមួយកម្រិតទៀត នៅក្រោយ ការប្រកាសលាលែងពីតំណែងរបស់ នាយករដ្ឋមន្រ្តី៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ