អង្គការការពារកុមារ៖ មានកុមារ៣៥៧លាននាក់ រស់នៅក្នុងតំបន់សង្រ្គាម
កុមារយ៉ាងតិច ៣៥៧លាននាក់ នៅក្នុងពិភពលោក ឬកុមារម្នាក់ ក្នុងចំណោម ៦នាក់ កំពុងរស់នៅក្នុងតំបន់ដែលកំពុងមានសង្រ្គាម មានជម្លោះប្រដាប់អាវុធ។ នេះ ជាទិន្នន័យរកបាន របស់អង្គការអង់គ្លេស Save the children ដែលបានចេញផ្សាយជាសាធារណៈ របាយការណ៍របស់ខ្លួន នៅថ្ងៃព្រហស្បតិ៍នេះ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:២៤
ចំនួនកុមារដែលរស់នៅក្នុងតំបន់មានជម្លោះប្រដាប់អាវុធ មានច្រើនជាងពេលណាៗទាំងអស់។ របាយការណ៍របស់អង្គការការពារកុមារ Save the children បានបង្ហាញថា នៅក្នុងរយៈពេលជាង២០ឆ្នាំចុងក្រោយនេះ ចំនួនកុមារ ដែលប្រឈម គ្រោះថ្នាក់ជីវិតដោយសារសង្រ្គាម នៅក្នុងពិភពលោក បានកើនឡើង ប្រមាណ ៧៥ភាគរយ គឺកើនឡើងពី២០០លាននាក់ នៅឆ្នាំ ១៩៩៥ មកដល់ ៣៥៧លាននាក់ នៅឆ្នាំ ២០១៧។
សម្រាប់ អង្គការ Save the childrenដែលមានទីស្នាក់ការនៅទីក្រុងឡុងដ៍ចំនួនកុមារដែលរស់នៅក្នុងតំបន់សង្រ្គាមបានកើនឡើង ក៏ដោយសារតែតំបន់ប្រយុទ្ធគ្នាបានរីករាលដាល ចូលទៅដល់ទីក្រុង ដែលជាជំរកចុងក្រោយរបស់អ្នកដែលរត់គេចពីភ្លើងសង្រ្គាម។
សូមអាន៖លោកហ្រ្វង់ស័រ ហូឡង់៖គេត្រូវការពារ និងរំដោះកុមារពីតំបន់ជម្លោះប្រដាប់អាវុធ
តំបន់ដើមបូព៌ា និងដែនដីអាហ្វ្រិកជាកន្លែងដែលមានកុមារច្រើនជាងគេ កំពុងរងគ្រោះដោយសារតែសង្រ្គាម។ ស៊ីរី និងអាហ្វហ្កានីស្ថាន ជាប្រទេសនាំមុខគេ ដែលមានកុមាររស់នៅក្នុងតំបន់សង្រ្គាម។ តាមអង្គការ Save the children កុមារស៊ីរី និងកុមារ អាហ្វហ្កានីស្ថាន ពីរនាក់ ក្នុងចំណោម ៥នាក់ ហើយ រស់នៅផ្ទាល់តែម្តង ក្នុងតំបន់កំពុងមានការប្រយុទ្ធគ្នា ឬនៅចម្ងាយប្រមាណ ៥០គីឡូម៉ែត្រ ពីកន្លែងដែលកំពុងមានជម្លោះប្រដាប់អាវុធ។
ទិន្នន័យនេះបានធ្វើឲ្យអង្គការការពារ កុមារ បែងចែកចំណាត់ថ្នាក់ថា កុមារ ១៦៥លាននាក់ នៅក្នុងពិភពលោក កំពុងរស់នៅក្នុងតំបន់ដែលមានការប្រយុទ្ធគ្នា ខ្លាំង សឹងមិនលោះថ្ងៃ។ រស់នៅក្នុងតំបន់មានសង្រ្គាម កុមារទាំងនោះបានរងគ្រោះធ្ងន់ធ្ងរ ដូចជាការសម្លាប់ ធ្វើឲ្យរបួសដាច់ដៃជើង ការចាប់បង្ខំឲ្យធ្វើជាទាហាន ការរំលោភផ្លូវភេទ ការចាប់ជំរិត ដែលអង្គការសហប្រជាជាតិបានចាត់ទុកជាការរំលោភធ្ងន់ធ្ងរទៅលើកុមារ។ ក្រៅពីនោះ ដោយសារតែសង្រ្គាម កុមារទាំងនោះ គ្មានឱកាសបានទៅសាលារៀន ឬទទួលការព្យាបាលនៅមន្ទីរពេទ្យ ដែលបានរងការវាយប្រហារបំផ្លិចបំផ្លាញ ដោយការប្រយុទ្ធគ្នារបស់ភាគីជម្លោះ។
តាមអង្គការ Save the children ការចាប់ប្រជាជនធ្វើជាចំណាប់ខ្មាំង ឬការរារាំង បិទខ្ទប់មិនឲ្យមានជំនួយស្បៀងអាហារ ដើម្បី បង្អត់ប្រជាជន គឺជាយុទ្ធសាស្រ្តថ្មីរបស់ក្រុមប្រដាប់អាវុធ ជ្រុលនិយម ដើម្បីគ្រប់គ្រង ដោយមានប្រសិទ្ធិភាព មិនឲ្យមានការងើបរើបំរះតវ៉ារបស់ប្រជាជន ក្នុងតំបន់ដែលខ្លួនទើបវាយយកបាន។
របាយការណ៍ដែលមានឈ្មោះថា សង្រ្គាមលើកុមារ ត្រូវបានអង្គការ Save the childrenសហការចងក្រងជាមួយវិទ្យាស្ថានអូស្លូ ដើម្បីសន្តិភាព ក្នុងគោលដៅសិក្សាទៅលើអំពើហិង្សាទៅលើកុមារ ចន្លោះឆ្នាំ ១៩៩៥ដល់ឆ្នាំ ២០១៦។ របាយការណ៍នេះ ត្រូវបានបញ្ចេញជាសាធារណៈ នៅមួយថ្ងៃមុនបើកសន្និសីទ ស្តីពីសន្តិសុខនៅទីក្រុងម៉ុយនិច ប្រទេសអាល្លឺម៉ង់ នៅថ្ងៃសុក្រ ក្នុងក្តីសង្ឃឹមថា នឹងអាចបញ្ចុះបញ្ចូលថ្នាក់ដឹកនាំក្នុងពិភពលោក ពិចារណា ចាត់វិធានការ ការពារកុមារ ដែលជាទំពាំងស្នងឬស្ស៊ី។ ទំពាំងដែលខូចខ្ទាំ ដោយសារសង្រ្គាម នឹងមិនអាចក្លាយជាឬស្ស៊ី ដែលអាចរឹងមាំទាំ ទ្រទ្រង់ប្រទេស ទៅថ្ងៃអនាគតបាននោះទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ