អានតួអត្ថបទ
អ៊ីរ៉ង់

រងទណ្ឌកម្ម​សេដ្ឋកិច្ច​ពីអាមេរិក ប្រធានាធិបតី​អ៊ីរ៉ង់​អំពាវនាវ​ឲ្យ​មាន​ការរួបរួម​ជាតិ

ប្រធានាធិបតី​អ៊ីរ៉ង់ លោក​ហាសាន់ រ៉ូហានី កាលពី​ថ្ងៃ​សៅរ៍ម្សិលមិញ​បានអំពាវនាវ​ឲ្យ​មាន​ប្រជាជន​អ៊ីរ៉ង់ រួបរួម​គ្នា​ជាធ្លុង​មួយ នៅក្នុង​កាលៈទេសៈ ដែល​អ៊ីរ៉ង់​កំពុង​រង​ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ពីអាមេរិក ហើយ​និង​វិបត្តិ​សេដ្ឋកិច្ច​ដែល​គ្របដណ្តប់​លើ​អ៊ីរ៉ង់ សព្វថ្ងៃ។ មេដឹកនាំ​​អ៊ីស្លាម​កណ្តាល​និយម លោក​ហាសាន់ រ៉ូហានី កំពុង​រងការរិះគន់​ពី​ក្រុមអភិរក្សនិយម​អ៊ីរ៉ង់​ថា ថ្លោះធ្លោយ គ្រប់គ្រង​មិនបាន​ល្អ វិបត្តិ​ដ៏​តានតឹង​ជាមួយ អាមេរិក ដែល​ទើប​ដកខ្លួន​ចេញពីកិច្ចព្រមព្រៀង​អន្តរជាតិ​ស្តីពី​នុយក្លេអ៊ែរ​អ៊ីរ៉ង់ និង​ត្រលប់​ទៅ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​អ៊ីរ៉ង់ ចាប់តាំង​ពី​ដើម​ខែ​សីហា​នេះ។ 

ប្រធានាធិបតី​អ៊ីរ៉ង់ លោក Hassan Rouhaniនៅក្នុង​សន្និសីទ​កាសែត​នៅប្រទេស​អូទ្រីស ថ្ងៃទី ១៤​កក្កដា ២០១៨(បណ្ណសា)
ប្រធានាធិបតី​អ៊ីរ៉ង់ លោក Hassan Rouhaniនៅក្នុង​សន្និសីទ​កាសែត​នៅប្រទេស​អូទ្រីស ថ្ងៃទី ១៤​កក្កដា ២០១៨(បណ្ណសា) © REUTERS/Lisi Niesner/File Photo
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​​សុន្ទរកថា ដែល​ចាក់ផ្សាយ​ផ្ទាល់​តាមកញ្ចក់​ទូរទស្សន៍​ជាតិ ប្រធានាធិបតី​អ៊ីរ៉ង់ លោក​ហាសាន់ រ៉ូហានី បាន​បញ្ជាក់ថា ដើម្បី​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច ហើយ​ទប់ទល់​រាល់​ការឃុបឃិត​ពី​បរទេស គេ​ទាមទារ​ឲ្យ​មាន​​ការទទួល​ខុសត្រូវ ពី​ប្រជាពលរដ្ឋ​អ៊ីរ៉ង់ គ្រប់រូប។ សម្រាប់​មេដឹកនាំ​អ៊ីរ៉ង់ នេះ​មិនមែន​ជា​ពេលវេលា​ដែល​គេ​ត្រូវ​ទម្លាក់​បន្ទុក កំហុស​ដាក់​គ្នា​ទៅវិញ ទៅមកនោះ​ទេ។ “យើង​ត្រូវ​ជួយ​គ្នា​ទៅវិញ ទៅមក” នេះ​ជា​ប្រសាសន៍​របស់​លោក​ហាសាន់ រ៉ូហានី នៅ​ក្នុង​មតចេតិយ របស់​មេដឹកនាំ​សាសនា ខមេនី ដែល​ជា​ស្ថាបនិក​សាធារណរដ្ឋ​អ៊ីស្លាម​អ៊ីរ៉ង់។

មក​ពីក្រុម​អ៊ីស្លាម​កណ្តាល​និយម លោក​ប្រធានាធិបតី​អ៊ីរ៉ង់ ហាសាន់ រ៉ូហានី​កំពុង​រងការរិះគន់​ខ្លាំង ពី​ក្រុមសាសនា​អ៊ីស្លាម​អភិរក្ស​និយម ដែល​តែងតែ​ប្រឆាំង​មិន​ចង់​ឲ្យ​អ៊ីរ៉ង់ ចូល ស្និទ្ធស្នាល​ជាមួយ​ប្រទេស​លោកខាងលិច។ ការដកខ្លួន​របស់​អាមេរិក ចេញពី​កិច្ចព្រមព្រៀង​អន្តរជាតិ​ស្តីពី​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ហើយ​និង​ការត្រលប់​មក​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​សាជាថ្មី ពី​សំណាក់​រដ្ឋបាល​លោកដូណាល់ ត្រាំ រឹតតែធ្វើ​ឲ្យ​ក្រុមអភិរក្ស​និយម​អ៊ីរ៉ង់ ដែល​ជា​ក្រុមប្រឆាំង​រដ្ឋាភិបាល មាន​ចោទ​ទម្លាក់​កំហុស​លើ​រដ្ឋាភិបាល​របស់លោក​ហាសាន់ រ៉ូហានី។

ប្រធានាធិបតី​អ៊ីរ៉ង់​ធ្លាប់​បាន​ចេញមុខ បញ្ជាក់ថា គ្មានការបែកបាក់​គ្នា រវាង​រដ្ឋាភិបាល ហើយ​និង​ស្ថាប័ន​សាសនា​អ៊ីស្លាម ដែល​ដើរតួនាទី​សំខាន់​មួយដែរ នៅក្នុងសង្គម​អ៊ីរ៉ង់​នោះទេ។ កាលពី​ថ្ងៃ​ពុធ ប្រមុខដឹកនាំ​សាសនា​កំពូល​របស់​អ៊ីរ៉ង់ លោក​អាលី ខាមេណី​បាន​វាយតម្លៃថា អ្នកដែល​ចង់​ឲ្យ​ប្រធានាធិបតី អ៊ីរ៉ង់​ចុះចេញ​ពីអំណាច គឺសុទ្ធតែ​ជាអ្នកដែល​បាន​ចូលរួម​ដៃ​ជាមួយ​ក្រុមបរទេស។ ប្រមុខសាសនា​អ៊ីស្លាម លោក​អាលី ខាមេណី គាំទ្រ ការពារ ប្រធានាធិបតី​អ៊ីរ៉ង់ ប៉ុន្តែ ជាមួយ​គ្នានោះ លោក​ក៏​បាន​រិះគន់​ផងដែរ រដ្ឋាភិបាល ដែល​ធ្វេសប្រហែស គ្រប់គ្រង​មិន​បាន​ល្អ​បញ្ហា​សព្វថ្ងៃ​របស់អ៊ីរ៉ង់។

ទោះ​ជា​ចិន រុស្ស៊ី និង​សហភាព​អឺរ៉ុប​នៅ​បន្ត​គាំទ្រ​កិច្ចព្រមព្រៀង នុយក្លេអ៊ែរ​អ៊ីរ៉ង់ ប៉ុន្តែ ការដកខ្លួន និង​ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​សាជាថ្មី​របស់​អាមេរិក​បាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន​បរទេស​ជាច្រើន បាន​ដកខ្លួន ឈប់វិនិយោគ និង​ចាកចេញ​ពី​អ៊ីរ៉ង់ ដោយសារ​ខ្លាច រង​ជាប់​ទណ្ឌកម្ម និងការពិន័យ​របស់​តុលាការ​អាមេរិក។

ទណ្ឌកម្ម​សេដ្ឋកិច្ច​សាជាថ្មី របស់​អាមេរិក ដែល​ចូល​ជាធរមាន តាំង​ពី​ដើម​ខែ​សីហានេះ បាន​ទៅ​ដាក់​សម្ពាធ​បន្ថែម​លើ​សេដ្ឋកិច្ច​របស់​អ៊ីរ៉ង់ ដែល​បាន​ធ្លាក់​ចុះ​អាក្រក់ តាំង​ពី​ប៉ុន្មានខែមកហើយ។ លុយ​Rials របស់​អ៊ីរ៉ង់​ធ្លាក់ចុះ​បើប្រៀបធៀប​នឹង​លុយដុល្លារ​របស់អាមេរិក ចំណែក​ទំនិញ ចំណីអាហារ​កាន់តែ​ឡើងថ្លៃ​មិនឈប់។ ប្រជាជន​អ៊ីរ៉ង់ ដែល​ធ្លាប់​តែ​បោះឆ្នោត គាំទ្រ​នយោបាយ​កែទម្រង់​របស់​លោក​រ៉ូហានី កាលពី​ឆ្នាំមុន នៅពេលនេះ បាន​បែរខ្នង លែង​ជឿទុកចិត្ត​លើ​នយោបាយ​របស់​រដ្ឋាភិបាល​តទៅទៀត។ សហភាព​អឺរ៉ុប នៅថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍នេះ​បាន​បោះឆ្នោត ផ្តល់​ថវិកា​១៨​លាន​អឺរ៉ូ​ទៅ​ឲ្យ​អ៊ីរ៉ង់។ ១៨លាន​អឺរ៉ូ​ចា​ផ្នែកមួយ​នៃ​គម្រោង​ថវិកា​សរុប ៥០​លាន​អឺរ៉ូ ដែល​សហភាព​អឺរ៉ុប​សន្យាផ្តល់​ទៅ​ឲ្យ​អ៊ីរ៉ង់​សម្រាប់​ជួយ​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច និង​សង្គម​អ៊ីរ៉ង់។ ប៉ុន្តែ នៅថ្ងៃ​ម្សិលមិញ អ្នកតំណាង​អាមេរិក​នៅ​អ៊ីរ៉ង់​បាន​រិះគន់​បរិហារ​ផែនការ​ជំនួយ​របស់​សហភាព​អឺរ៉ុប​ថា ជា​ការផ្ញើសារ​មួយ​មិនល្អ ក្នុង​កាលៈទេសៈ​ដ៏អាក្រក់មួយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ