អានតួអត្ថបទ
អ៊ីស្រាអែល-ប៉ាឡេស្ទីន

ការប្រយុទ្ធគ្នា នៅ​ហ្កាហ្សា សម្លាប់​មន្រ្តីយោធា​អ៊ីស្រាអែល​ម្នាក់ និង​ជនជាតិ​ប៉ាឡេស្ទីន ៦នាក់។

ការផ្ទុះ​អាវុធ​ដាក់​គ្នា កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ នៅ​ក្នុង​ទឹកដី​ហ្កាហ្សា បាន​សម្លាប់​ទាហាន​អ៊ីស្រាអែល​ម្នាក់ ហើយ​និង​ជនជាតិ​ប៉ាឡេស្ទីន ៦នាក់ ដែល​នៅ​ក្នុង​នោះ ម្នាក់ ជា​មេបញ្ជាការ​កង​ប្រដាប់អាវុធ​អ៊ីស្លាម ដែល​ជា​គ្នីគ្នា​របស់​ក្រុមហាម៉ាស ប៉ាឡេស្ទីន។ ស្ថានការណ៍​នេះ​បាន​ធ្វើ​ឲ្យ​នាយករដ្ឋមន្រ្តី អ៊ីស្រាអែល បិនចាមីន នេតាន់យ៉ាហ៊ូ ដែល​ត្រូវ​ជួបទ្វេភាគី ជាមួយ ប្រធានាធិបតី បារាំង នៅទីក្រុង​ប៉ារីស នៅថ្ងៃចន្ទទី ១២ វិច្ឆិកា ត្រូវ​ត្រលប់ចូល​ប្រទេស​វិញ ជា​បន្ទាន់។ 

ប្រជាជន​ប៉ាឡេស្ទីន​នៅ​ក្បែរ​ថយន្ត​ដែល​ដុតឆេះ ដោយសារ​ការបាញ់​ប្រហារ​របស់​យន្តហោះចម្បាំង​អ៊ីស្រាអែល កាលពីថ្ងៃទី​១១​វិច្ឆិកា ២០១៨
ប្រជាជន​ប៉ាឡេស្ទីន​នៅ​ក្បែរ​ថយន្ត​ដែល​ដុតឆេះ ដោយសារ​ការបាញ់​ប្រហារ​របស់​យន្តហោះចម្បាំង​អ៊ីស្រាអែល កាលពីថ្ងៃទី​១១​វិច្ឆិកា ២០១៨ ©REUTERS/Suhaib Salem
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ពីទីក្រុង​ហ្ស៊េរុយសាឡិម កងទ័ព​អ៊ីស្រាអែល​បាន​បញ្ជាក់​ថា ទាហាន​អ៊ីស្រាអែល​ម្នាក់ ដែល​បាន​ស្លាប់​ក្នុង​ហេតុការណ៍​ប្រយុទ្ធគ្នា នៅថ្ងៃ​អាទិត្យ​ម្សិលមិញ មាន​ឋានន្តរសក្តិ​ជា​វីរសេនីយ៍ទោ ក្នុង​កងកម្លាំង​ពិសេស​របស់អ៊ីស្រាអែល។

តាម​កងទ័ព​អ៊ីស្រាអែល ការប៉ះទង្គិច​អាវុធ ជាមួយ សកម្មជន​ប៉ាឡេស្ទីន បាន​កើតមាន​ឡើង នៅក្នុង​ពេល​ដែល​ទាហាន​អ៊ីស្រាអែល​បើក​ប្រតិបត្តិការ​របស់ខ្លួន ក្នុង​ទឹកដី​ហ្កាហ្សា។ នៅក្នុង​សេចក្តីថ្លែងការណ៍​ចេញផ្សាយ​មុន​កងទ័ព​អ៊ីស្រាអែល ទៅទៀត កងពល​Ezzedine al Qassam សាខា​មួយ​របស់​ចលនា​ហាម៉ាស ដែល​គ្រប់គ្រង​តំបន់​ហ្កាហ្សា បាន​ចាត់ទុក ការវាយប្រហារ​របស់​អ៊ីស្រាអែល​ថា "កំសាក​បំផុត"។ តាម​សកម្មជនប្រដាប់​អាវុធ​អ៊ីស្លាម​al Qassam កង​កម្លាំងទ័ព​ពិសេស​របស់​អ៊ីស្រាអែល បាន​បន្លំខ្លួន ចូល​ក្នុង​ទឹកដី​ហ្កាហ្សា តាមរយៈ​រថយន្ត​ស៊ីវិល​មួយ កាលពី​ថ្ងៃ​អាទិត្យ។ នៅអំឡុង​ពេល​ផ្ទុះអាវុធ​ដាក់គ្នា កងកម្លាំង​ពិសេស​អ៊ីស្រាអែល​បាន​ទទួល​ជំនួយ​បន្ថែម​ពី​យន្តហោះ​ចម្បាំង​របស់​អ៊ីស្រាអែល ដែល​បាន​បាញ់​បំផ្លាញ​ផ្ទះ និង​សម្លាប់​ជនជាតិ​ប៉ាឡេស្ទីន ៦នាក់ ដែលនៅក្នុង​នោះ ៤នាក់​ជា​សមាជិក​របស់​កងពល​អ៊ីស្លាម សាខា​របស់​ក្រុមហាម៉ាស។

ភាគី​អ៊ីស្រាអែល​វិញ​មិន​បាន​បញ្ជាក់​តប​ទៅនឹង​ការចោទប្រកាន់​របស់​ហាម៉ាសនោះទេ ប៉ុន្តែ គ្រាន់តែ​អះអាង​ថា នៅក្រោយ​ការប្រយុទ្ធគ្នា នៅ​ថ្ងៃអាទិត្យ មាន​គ្រាប់​រ៉ុកកែត ១៦គ្រាប់ត្រូវ​បាន​បាញ់​ចេញពី​ទឹកដី​ភាគខាងត្បូង​ហ្កាហ្សា​សំដៅ​ទឹកដី​អ៊ីស្រាអែល។ ការប៉ះទង្គិច​លើកនេះ កើតមាន នៅ​កាលៈទេសៈ ដែល​ការប្រឈមមុខ​ដាក់គ្នា​ផ្នែកអាវុធ​រវាង​ក្រុមហាម៉ាស​ប៉ាឡេស្ទីន និង​អ៊ីស្រាអែល​ទើបតែ​បាន​ស្ងាត់ ថមថយ​ចុះ នៅ​មួយ​រយៈ​ចុងក្រោយនេះ។ កាលពី​ថ្ងៃ សៅរ៍ នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល លោក​បិនចាមីន នេតាន់យ៉ាហ៊ូ ទើប​តែ​បាន​អនុញ្ញាត បើកភ្លើង​ខៀវ ឲ្យ​ប្រទេស​កាតា​ផ្តល់​ជំនួយ ១៥​លាន​ដុល្លារ សម្រាប់ការបើក​ប្រាក់ខែ​ឲ្យ​មន្រី្តរដ្ឋការ នៅក្នុង​តំបន់​ហ្កាហ្សា។ នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​ធ្លាប់​បាន​លើក​ឡើង​ថា លោក​សម្រេចចិត្ត​យ៉ាងដូច្នេះ ដើម្បី ធានា​ភាពស្ងៀមស្ងាត់ ហើយ​និង​ជៀសវាង​វិបត្តិ​មនុស្សធម៌ ក្នុង​ទឹកដី​កាហ្សា​របស់​ប៉ាឡេស្ទីន។

ប៉ុន្តែ គេ​ព្រួយបារម្ភថា ការផ្ទុះអាវុធ រហូត ដល់​សម្លាប់​មន្រ្តី​ជាន់ខ្ពស់​អ៊ីស្រាអែល នៅ​ថ្ងៃ​អាទិត្យ​ម្សិលមិញ នឹង​ជំរុញ​ឲ្យ​អ៊ីស្រាអែល​បើក​ប្រតិបត្តិការ យោធា ទ្រង់ទ្រាយធំ ដើម្បី​វាយប្រហារ​ទៅលើ​ចលនា​ហាម៉ាស ក្នុង​ទឹកដី​ហ្កាហ្សា។ សូមបញ្ជាក់ថា តាំង​ពី​ខែ​មីនា​ឆ្នាំនេះ ការបាញ់ប្រហារ​របស់​អ៊ីស្រាអែល ទាំងជើងគោក និង​តាមយន្តហោះចម្បាំង​បាន​សម្លាប់​ប្រជាជន​ប៉ាឡេស្ទីន យ៉ាងតិច ២២៧នាក់។ អ៊ីស្រាអែល​ដែល​មាន​ទាហាន​ពីរនាក់​ស្លាប់​នៅក្នុង​ការប្រឈមមុខ​ដាក់​គ្នា​ជាមួយ ប៉ាឡេស្ទីន បាន​និយាយ​ការពារ​ប្រតិបត្តិការ​យោធា​របស់ខ្លួនថា ធ្វើឡើង​ដើម្បី​ប្រឆាំងតប​នឹង​ក្រុមហាម៉ាស​ប៉ាឡេស្ទីន ដែល​បាន​បាញ់បំផ្លោង​គ្រាប់​រ៉ុកកែត​សំដៅ​ទឹកដី​អ៊ីស្រាអែល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ