អានតួអត្ថបទ
អ៊ីស្រាអែល

អ៊ីស្រាអែល៖​លោកនេតាន់យ៉ាហ៊ូ​អាច​នឹង​ចោទប្រកាន់​ក្នុង​រឿង​ពុករលួយ​នា​សម័យ​ឃោសនា​បោះឆ្នោត​សភា

នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល លោក​នាយករដ្ឋមន្រ្តី​នេតាន់យ៉ាហ៊ូ​ដែល​កំពុង​ជាប់អង្កេត​ក្នុង​រឿង​ពុករលួយ​ចំនួន ៣ករណី​អាច​នឹង​រង​ការ​ចោទប្រកាន់​នៅ​ក្នុង​សម័យ​ឃោសនា​បោះឆ្នោត​សភា​ដែល​គ្រោង​រៀប​ចំ​នៅ​ថ្ងៃទី៩ មេសា​ខាង​មុខ។ ព័ត៌មាន​មួយ​នេះ​កំពុង​ធ្វើ​ឲ្យ​លោក​នេតាន់យ៉ាហ៊ូ​ដែល​បាន​ឈរ​ឈ្មោះ​ជា​ថ្មី​មាន​ការ​បារម្ភ​ជា​ពន់ពេក ហើយ​ក្រុម​មេធាវី​របស់​លោក​បាន​ស្នើ​រដ្ឋអាជ្ញា​ឲ្យ​ពន្យារ​ការ​សម្រេចចិត្ត​រហូត​ដល់​ថ្ងៃ​រៀបចំ​បោះឆ្នោត។ តែ​សំណើ​មួយ​នេះ​ត្រូវ​បាន​តុលាការ​ច្រានចោល។

លោក​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល នេតាន់យ៉ាហ៊ូ
លោក​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល នេតាន់យ៉ាហ៊ូ REUTERS/Ronen Zvulun
ផ្សាយពាណិជ្ជកម្ម

គេ​នៅ​មិន​ទាន់​ដឹង​ថា បើ​លោក​នេតាន់យ៉ាហ៊ូ​នឹង​ទទួល​ការ​ចោទប្រកាន់​ក្នុង​រឿងអាស្រូវ​ពុករលួយ តើ​នឹង​មាន​ផលប៉ះពាល់​អ្វី​ខ្លះ​លើ​លោក​សម្រាប់​ការ​បោះឆ្នោត​សភា​នា​ថ្ងៃទី៩ មេសា​ខាង​មុខ?។ តែ​នាយករដ្ឋមន្រ្តី​ផុតអាណត្តិ និង​ដែល​បាន​ឈរ​ឈ្មោះ​ជា​ថ្មី​រូប​នេះ​កំពុង​បារម្ភ​ពី​ការ​បាត់បង់​សម្លេង​គាំទ្រ ប្រសិន​បើ​មាន​ការ​ចោទ​ប្រកាន់​លើ​លោក​មែន​នោះ។ ក្តីបារម្ភ​យ៉ាង​ដូច​នេះ​ហាក់​កំពុង​បន្ត​មាន​ជាមួយ​នឹង​ការ​ឡើង​សម្លេង​របស់​គូប្រជែង​ដ៏​សំខាន់​ម្នាក់​របស់​លោក គឺ​អតីត​មេបញ្ជាការ​កងទ័ព​លោក​បេននី ហ្កង់។ អ៊ីចឹង​ហើយ​បាន​ជា​នៅ​សប្តាហ៍​មុន ក្រុម​មេធាវី​របស់​លោក​នេតាន់យ៉ាហ៊ូ​បាន​ជួប​រដ្ឋអាជ្ញា​លោក Avichai Mandelblit ដែល​ជា​ឥស្សរជន​ម្នាក់​គត់​មាន​សិទ្ធិអំណាច​កំណត់​វាសនា​ផ្លូវច្បាប់​ចំពោះ​លោក​នេតាន់យ៉ាហ៊ូ។

នៅ​ក្នុង​ជំនួប​នោះ ក្រុម​មេធាវី​របស់​លោក​នេតាន់យ៉ាហ៊ូ​បាន​ស្នើ​រដ្ឋអាជ្ញា​កុំ​ឲ្យ​សម្រេចចិត្ត​នៅ​មុន​ការ​បោះឆ្នោត។ អ្វី​ដែល​ក្រុមមេធាវី​បារម្ភ គឺ​ខ្លាច​លោក Avichai Mandelblit សម្រេចចិត្ត​ក្នុង​សម័យ​ឃោសនា​បោះឆ្នោត។ តែ​សំណើ​មួយ​នេះ​ត្រូវ​បាន​រដ្ឋអាជ្ញា​ច្រានចោល​កាល​ពី​ថ្ងៃ​សុក្រ ទី១ កុម្ភៈ។ លោក Avichai Mandelblit បាន​យល់​ឃើញ​ថា វា​ជា​ផលប្រយោជន៍​សាធារណៈ​ដែល​ការ​សម្រេចចិត្ត​ត្រូវ​ធ្វើ​ឡើង​នៅ​មុន​ការ​បោះឆ្នោត និង​ថា លោក​មាន​ការ​ទទួល​ខុសត្រូវ​ក្នុង​ការ​បិទបញ្ចប់​សំណុំរឿង​មួយ​នេះ​ឲ្យ​បាន​ឆាប់​បំផុត​ដែល​អាច​ធ្វើ​ទៅ​បាន។ ចំណែក​លោក​នេតាន់យ៉ាហ៊ូ​បាន​ថ្លែង​តាំង​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី៣១ មករា​ដោយ​ចោទ​រូប​រដ្ឋអាជ្ញា​ពី​បទ​បាន​ច្រាន​ចោល​សំណើ​របស់​ក្រុមមេធាវី​លោក។

សម្រាប់​លោក​នេតាន់យ៉ាហ៊ូ លោក​បាន​មើល​ឃើញ​ពី​ទង្វើ​របស់​លោក​រដ្ឋអាជ្ញា Avichai Mandelblit ដែល​ធ្វើ​ឡើង​តាម​គំនាប​ពី​ក្រុមឆ្វេងនិយម និង​ពី​ប្រព័ន្ធផ្សព្វផ្សាយ​ព័ត៌មាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ