រដ្ឋាភិបាលសហភាពជាតិលីប៊ីបានចោទបារាំងពីបទគាំទ្រឧត្តមសេនីយហាវតារ តែទីក្រុងប៉ារីសបានបដិសេធ
នៅក្នុងប្រទេសលីប៊ី រដ្ឋាភិបាលសហភាពជាតិរបស់នាយករដ្ឋមន្រ្តីលោកហ្វាយេ អាល់ សារ៉ាដែលទទួលស្គាល់ដោយសហគមន៍អន្តរជាតិបានចោទបារាំងពីបទបានគាំទ្រសេនាប្រមុខខាលីហ្វា ហាវតារ។ បទចោទប្រកាន់នេះបានធ្វើឡើងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយរបស់ក្រសួងមហាផ្ទៃលីប៊ីចេញផ្សាយក្នុងថ្ងៃព្រហស្បតិ៍ ទី១៨ មេសា។ តែបារាំងបានច្រានចោល និងទុកជាការចោទប្រកាន់គ្មានភស្តុតាង។ គួររម្លឹកថា ឧត្តមសេនីយហាវតារដែលកាន់កាប់តំបន់ប៉ែកខាងកើតបានបើកការវាយប្រហារដណ្តើមយកទីក្រុងទ្រីប៉ូលីតាំងពីថ្ងៃទី៤ មេសា។ លោកហ្កាសសាន សាឡាម៉េ ប្រេសិតរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសំណុំរឿងលីប៊ីបានព្រមានពីហានិភ័យនៃភាពវឹកវរ និងចលាចលទូទៅនៅក្នុងប្រទេស។ ដោយឡែក លោកយ៉ាលែល ហារស្ហាវី អ្នកជំនាញប្រទេសលីប៊ីបានមើលឃើញផលវិបាកធំចំនួន ៣ ដែលនឹងកើតមានឡើង។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០១:៣៥
« វាប្រាកដណាស់ថា នឹងមានកំណើនជនអន្តោប្រវេសន៍ច្រើនជាងមុនទៅកាន់ប្រទេសទុយនីស៊ី និងប្រទេសអ៊ីតាលី នឹងមានកំណើនពួកភេរវជនអង្គការរដ្ឋអ៊ីស្លាម និងអាល់កៃដា ហើយវានឹងធ្វើឲ្យរំខានដល់ការធ្វើអាជីវកម្មប្រេងឆៅ ផលវិបាកទាំង ៣ករណីនេះនឹងកើតមានឡើងដោយចៀសមិនរួច។
តែជាទូទៅ ផលវិបាកអស់ទាំងនេះអាចនឹងកើតមានឡើងនៅប៉ុន្មានខែទៀតខាងមុខ ពោលមិនមែនភ្លាមៗពេលនេះទេ។ គេអាចនិយាយបានថា នេះជារូបភាពមួយដែលគ្រប់គ្នាកំពុងបានរងចាំ រួមទាំងសេនាប្រមុខខាលីហ្វា ហាវតារផង។ ចូរកុំភ្លេចថា ពេលដែលឧត្តមសេនីយហាវតារបានទៅបំពេញទស្សនកិច្ចនៅបរទេស ក្នុងទីក្រុងមូស្គូ ក្នុងទីក្រុងអាប៊ូដាប៊ី ក្នុងទីក្រុងប៉ារីស ពិសេសក្នុងទីក្រុងរីយ៉ាដ គាត់មិនបានសន្យាថា នឹងធ្វើសង្រ្គាមដែលមានរយៈពេលដល់ទៅ ៣ឆ្នាំទេ។
គាត់បានសន្យានៅពេលនោះថា ជាសង្រ្គាមមួយងាយស្រួល មិនស្មុគស្មាញ មានរយៈពេលខ្លី និងមានអ្នកឈ្នះម្នាក់ជាក់ច្បាស់ពិតប្រាកដ។ តែអស់លោកមានបានឃើញទេថា អ្វីដែលសេនាប្រមុខហាវតារកំពុងធ្វើពេលនេះ គឺផ្ទុយទាំងស្រុងនឹងអ្វីដែលគាត់បានសន្យា។ លើសពីនេះ អ្វីដែលគាត់កំពុងធ្វើក៏កំពុងទទួលបានការគាំទ្រពីក្រុមប្រទេសមួយចំនួនដែរ។
ដូច្នេះនាពេលឆាប់ៗខាងមុខ វានឹងផ្ទុះឡើងនូវវិបត្តិធំចំនួន ៣ ដែលជាក្តីបារម្ភរបស់បស្ចិមលោក។ តែគឺបស្ចិមលោកមួយភាគធំដែលជាអ្នកដើរតួនាទីដើម្បីបង្កើតឲ្យមានវិបត្តិទាំងនេះឡើងវិញ »៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ