អានតួអត្ថបទ
អេហ្ស៊ីប-សម្ព័ន្ធអារ៉ាប់

ហេតុអ្វី​បាន​ជា​អង្គការ​សម្ព័ន្ធអារ៉ាប់​សម្រេច​បង្កើត​ឲ្យ​មាន​កម្លំាង​យោធា​អារ៉ាប់រួម​នៅ​ក្នុង​តំបន់?

ថ្ងៃ​អាទិត្យ ទី២៩ មីនា​នេះ ជា​ថ្ងៃ​ទី២ និង​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ជំនួបកំពូល​របស់​អង្គការ​សម្ព័ន្ធអារ៉ាប់​នៅ​ក្នុង​ទីក្រុង​ស្ហាមែល ឆែក​ក្នុង​ប្រទេស​អេហ្ស៊ីប។ មាន​សេចក្តីសម្រេចចិត្ត​ជា​ច្រើន​ដែល​ជំនួបកំពូល​អនុម័ត ពិសេស​គឺ​ការ​បង្កើត​ឲ្យ​មាន​កម្លំាង​ពហុជាតិ​អារ៉ាប់​មួយ​សម្រាប់​ការពារ​សន្តិសុខ សុវត្ថិភាព និង​ផលប្រយោជន៍​របស់​ប្រទេស​អារ៉ាប់​នៅ​ក្នុង​តំបន់ ពោល​គឺ​ជា​កម្លំាង​អន្តរាគមន៍​រហ័ស។ ការ​បង្កើត​ឲ្យ​មាន​កម្លំាង​ពហុជាតិ​អារ៉ាប់​មួយ​នៅ​ក្នុង​តំបន់​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​ប្រទេស​អារ៉ាប៊ីសាអូឌីត រួម​ជា​មួយ​ប្រទេស​ជិត ១០ ទៀត​កំពុង​បន្ត​វាយប្រហារ​ផ្លូវអាកាស​លើ​ពួក​ឧទ្ទាម​ហ៊ូទី្ស​ក្នុង​ប្រទេស​យេម៉ែន។ 

ហេតុអ្វី​បាន​ជា​អង្គការ​សម្ព័ន្ធអារ៉ាប់​សម្រេច​បង្កើត​ឲ្យ​មាន​កម្លំាង​យោធា​អារ៉ាប់រួម​នៅ​ក្នុង​តំបន់?
ហេតុអ្វី​បាន​ជា​អង្គការ​សម្ព័ន្ធអារ៉ាប់​សម្រេច​បង្កើត​ឲ្យ​មាន​កម្លំាង​យោធា​អារ៉ាប់រួម​នៅ​ក្នុង​តំបន់? AFP PHOTO / HO / EGYPTIAN PRESIDENCY
ផ្សាយពាណិជ្ជកម្ម

អង្គការ​សម្ព័ន្ធអារ៉ាប់​បាន​ប្រសូត្រ​ឡើង​ក្នុង​ថ្ងៃទី២២ មីនា ឆ្នំា ១៩៤៥ ជាមួយ​នឹង​សមាជិក​ចំនួន ៧ប្រទេស តែ​មក​ដល់​សព្វថ្ងៃ ចំនួន​សមាជិក​បាន​កើន​ដល់ ២២ប្រទេស។ គិត​មក​ដល់​ពេល​បច្ចុប្បន្ន អង្គការ​អារ៉ាប់​មួយ​នេះ​មាន​អាយុ ៧០ឆ្នំា។ ក្នុង​រយៈពេល ៧០ឆ្នំា​កន្លង​ទៅ អង្គការ​សម្ព័ន្ធអារ៉ាប់​ក៏​ធ្លាប់​បាន​គិតគូរ​ពី​គម្រោង​ស្រដៀង​គ្នា​នេះ​ដែរ តែ​ត្រូវ​បាន​ខកខាន​ដោយសារ​តែ​ភាព​ខុស​គ្នា​នៅ​ក្នុង​រង្វង់​ប្រទេស​សមាជិក​ទាក់ទង​នឹង​និន្នាការ​នយោបាយ និង​សាសនា។ ទន្ទឹម​គ្នា​នេះ បរិបទ​ពិភពលោក​កាល​ពី ៧០ឆ្នំា​មុន ក៏​មិន​ដូច​គ្នា​នឹង​បរិបទ​ពិភពលោក​បច្ចុប្បន្ន​នេះ​ដែរ ពិសេស​នៅ​តំបន់​បជ្ឈិមបូព៌ា។

តំាង​ពី​ក្រោយ​មហាភេរវកម្ម​ថ្ងៃ១១ កញ្ញា ២០០១ នៅ​សហរដ្ឋមេរិក​មក ពិភពលោក​បាន និង​កំពុង​បន្ត​ប្រឈម​មុខ​នឹង​ការ​គំរាមកំហែង​ពី​អង្គការ​ភេរវនិយម​ចំនួន​ពីរ គឺ​អង្គការ​អាល់កៃដា និង​អង្គការ​រដ្ឋអ៊ីស្លាម ហើយ​គឺ​នៅ​តំបន់​ដើមបូព៌ា​ដែល​ជា​ជង្រុក ជា​ប្រភព និង​ជា​កន្លែង​ដែល​កំពុង​ប្រឈម​មុខ​ខ្លាំង​ជាង​គេ។ គឺ​នៅ​ក្នុង​តំបន់​ដើមបូព៌ា​នោះ​ឯង​ដែល​សង្រ្គាម​សាសនា​អ៊ីស្លាម​កំពុង​ពុះកញ្ជ្រោល​ខ្លំាង​រវាង​ក្រុម​និកាយ​ឈីអ៊ីត និង​ក្រុម​និកាយ​ស៊ុយនីត។ ទំាង​នេះ គឺ​ហេតុផល​ដែល​បាន​ជម្រុញ​ឲ្យ​អង្គការសម្ព័ន្ធអារ៉ាប់​ប្រសូត្រ​ចេញ​នូវ​កម្លំាងបង្រួបបង្រួម​អារ៉ាប់​មួយ​នៅ​ពេល​នេះ។

មាន​កិច្ចការ​ជា​ច្រើន​ដែល​ត្រូវ​បន្ត​ធ្វើ

រហូត​មក​ដល់​ពេល​នេះ គេ​នៅ​មិន​ទាន់​ដឹង​ពី​រចនាសម្ព័ន្ធ​លម្អិត​របស់​កម្លំាង​យោធា​អារ៉ាប់​រួម​នោះ​ទេ ព្រោះ​នៅ​មាន​កិច្ចការ​ជា​ច្រើន​ទៀត​ដែល​ប្រទេស​សមាជិក​នីមួយៗ​ត្រូវ​លើក​យក​ទៅ​ជជែក​ពិភាក្សា​គ្នា​ជា​បន្ត​នៅ​ថ្ងៃ​ខាង​មុខ។ អ្វី​ដែល​ប្រមុខ​រដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​ទំាង ២២ប្រទេស​ជា​សមាជិក​នៅ​ក្នុង​អង្គការសម្ព័ន្ធ​អារ៉ាប់​បាន​សម្រេច​ពេល​នេះ គឺ​គ្រាន់​តែ​ជា​គ្រោង​ឆ្អឹង​ប៉ុណ្ណោះ ចំណែក​តួ​ដែល​ត្រូវ​ផ្គុំ​ឲ្យ​ចេញ​ជា​រូបរាង​យ៉ាង​ណា​នោះ គឺ​ជា​ភារកិច្ច​របស់​ថ្នាក់​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ។ សេចក្តីជូនដំណឹង​មួយ​ពី​ជំនួបកំពូល​ឲ្យ​ដឹង​ថា ការ​ចូលរួម​របស់​ប្រទេស​សមាជិក​នៅ​ក្នុង​អនាគត​កម្លំាង​យោធា​អារ៉ាប់​រួម​នឹង​ត្រូវ​ធ្វើ​ឡើង​ដោយ​ការ​ស្ម័គចិត្ត មាន​ន័យ​ថា ប្រទេស​ណា​ចង់​ចូល​រួម​ក៏​ចូលរួម​ទៅ មិន​ចូលរួម​ក៏​ហី​ទៅ។

យ៉ាង​ណា​ក៏​ដោយ គេ​ត្រូវ​រង់ចំា​មើល​ការ​ពិត​ជាក់ស្តែង​នៅ​ពេល​ខាង​មុខ ព្រោះ​បទពិសោធន៍​ស្រដៀង​គ្នា​នៅ​ក្នុង​អតីតកាល​ធ្លាប់​ទទួល​បាន​បរាជ័យ​រួច​ហើយ។ គួរ​បញ្ជាក់​ជូន​ថា ការ​បង្កើត​ឲ្យ​មាន​កម្លំាង​យោធា​អារ៉ាប់​រួម​មួយ​នៅ​ក្នុង​តំបន់​ពេល​នេះ គឺ​ជា​គំនិត​ផ្តួចផ្តើម​ដំបូង​របស់​លោក​ប្រធានាធិបតី​អេហ្ស៊ីប​អាប់ដែល ហ្វាតា អាល់ស៊ីស៊ី។ លោក​អាល់ស៊ីស៊ី​ដែល​បារម្ភ​ពី​កំណើន​ឥទ្ធិពល​របស់​ចលនា​ភេរវនិយម ពិសេស​អង្គការ​រដ្ឋអ៊ីស្លាម​នៅ​ប្រទេស​ស៊ីរី ឬ​អ៊ីរ៉ាក់ និង​ដែល​ពួក​ជ្រុលនិយម​នេះ​បាន និង​កំពុង​បន្ត​ឆ្លង​វាតទី​ចូល​ក្នុង​ប្រទេស​លីប៊ី និង​តំបន់​ស៊ីណៃ​ក្នុង​ប្រទេស​អេហ្ស៊ីប។

យេម៉ែន​កំពុង​ក្លាយ​ជា​សមរភូមិ​ប្រជែង​កម្លំាង​រវាង​អារ៉ាប៊ីសាអូឌីត និង​អ៊ីរ៉ង់?

កម្លំាង​យោធា​អារ៉ាប់​រួម​ដែល​អង្គការសម្ព័ន្ធ​អារ៉ាប់​សម្រេច​បង្កើត​ពេល​នេះ គឺ​មិន​ដូច​គ្នា​នឹង​កម្លំាង​ដែល​ប្រទេស​អារាប៊ីសាអូឌីត​កំពុង​ដឹកនំា​ជា​មួយ​កម្លំាង​របស់​ប្រទេស​ជិត ១០ ទៀត​វាយប្រហារ​ផ្លូវអាកាស​លើ​ពួក​ឧទ្ទាម​ហ៊ូទី្ស​ក្នុង​ប្រទេស​យេម៉ែន​នោះ​ទេ។ អ្វី​ដែល​អារ៉ាប៊ីសាអូឌីត​កំពុង​ធ្វើ​នេះ គឺ​ជា​គំនិត​ផ្តួចផ្តើង​ឡើង​ដោយ​រដ្ឋាភិបាល​អារ៉ាប៊ីសាអូឌីត​តែ​ម្នាក់​ឯង និង​ក្នុង​កាលៈទេសៈ​បន្ទាន់​មួយ​ប៉ុណ្ណោះ ពោល​ក្នុង​ពេល​ដែល​ពួកឧទ្ទាម​ហ៊ូទី្ស​កំពុង​វាតទី​ក្តាប់​អំណាច​នៅ​យេម៉ែន​ដែល​អារ៉ាប៊ីសាអូឌីត​ចាត់​ទុក​ជា​រឿង​គ្រោះថ្នាក់​ចំពោះ​សន្តិសុខ​ខ្លួន។ មួយ​វិញ​ទៀត ក្រៅ​ពី​ប្រទេស​អារ៉ាប់ ក៏​មាន​ប្រទេស​អាស៊ី​ប៉ាគីស្ថាន និង​ប្រទេស​អាហ្រ្វិក​ស៊ូដង់ និង​ម៉ារ៉ុក។

ចំណែក កម្លំាង​យោធា​អារ៉ាប់​រួម គឺ​ជា​កម្លំាង​អចិន្រ្តៃយ៍​មួយ​ចូលរួម​តែ​ពី​ក្រុមប្រទេស​អារ៉ាប់ និង​សម្រាប់​តែ​ការពារ​សន្តិសុខ និង​សន្តិភាព​នៅ​ក្នុង​សមាជិក​ខ្លួន​ប្រឈម​នឹង​ការ​គំរាមកំហែង​ពី​ខាង​ក្រៅ។ គេ​អាច​ប្រៀប​ប្រដូច​កម្លំាង​យោធា​អារ៉ាប់​រួម​ពេល​នេះ​ទៅ​នឹង​កម្លំាង​របស់​អង្គការ​អូតង់។

ជា​ការ​ពិត កម្មវត្ថុ​នៃ​ការ​វាយប្រហារ​នៅ​យេម៉ែន​ពី​សំណាក់​អារ៉ាប៊ីសាអូឌីត គឺ​សំដៅ​ស្តារ​ស្ថានភាព​នៅ​យេម៉ែន​ឡើង​វិញ តែ​កម្មវត្ថុ​នេះ​ក៏​មាន​បង្កប់​ដោយ​យុទ្ធសាស្រ្ត​តំបន់​មួយ​ទៀត គឺ​ព្រមាន​ទប់​នឹង​ការ​ពង្រីក​ឥទ្ធិពល​របស់​អ៊ីរ៉ង់​និកាយ​ឈីអ៊ីត​ទប់​នឹង​អារ៉ាប៊ីសាអូឌីត​និកាយ​ស៊ុយនីត។ ខណៈ​នេះ អ៊ីរ៉ង់​នៅ​មិន​បាន​បញ្ចេញ​ប្រតិកម្ម​អ្វី​ធំ​ដុំ​ទេ តែ​គេ​ក៏​មិន​ច្បាស់​ថា អ៊ីរ៉ង់​នឹង​បន្ត​ធ្វើ​ជា​ទស្សនិកជន​ចំពោះ​ទង្វើ​របស់​អារ៉ាប៊ីសាអូឌីត​នា​ពេល​នេះ​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ