អានតួអត្ថបទ
អារ៉ាប៊ីសាអូឌីត

អារ៉ាប៊ីសាអូឌីត​ស្នើ​ឲ្យ​ផ្អាក​សង្រ្គាម​រយៈពេល ៥ថ្ងៃ​នៅ​យេម៉ែន​ដើម្បី​ដឹក​ជំនួយ​ទៅ​ជួយ​ជនស៊ីវិល

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី៧ ឧសភា ប្រទេស​អារ៉ាប៊ីសាអូឌីត​ដែល​កំពុង​ដឹកនំា​កម្លំាង​សម្ព័ន្ធ​វាយប្រហារ​ផ្លូវអាកាស​លើ​ពួក​ឧទ្ទាម​ហ៊ូទី្ស​ក្នុង​ប្រទេស​យេម៉ែន​បាន​ស្នើ​ឲ្យ​ផ្អាក​ប្រតិបត្តិសឹក​រយៈពេល ៥ថ្ងៃ។ គោលដៅ គឺ​ដើម្បី​អនុញ្ញាត​ឲ្យ​អង្គការ​មនុស្សធម៌​នានា​អាច​ដឹកជញ្ជូន​ជំនួយ​មនុស្សធម៌​ទៅ​ជួយ​ប្រជាជន​យេម៉ែន​ដែល​កំពុង​រងគ្រោះ​ខ្វះ​ស្បៀងអាហារ​ដោយសារ​តែ​សង្រ្គាម។ សំណើ​របស់​ទីក្រុង​រីយ៉ាដ​យ៉ាង​ដូច្នេះ​បាន​ធ្វើ​ឡើង​តាម​សេចក្តី​ស្នើ​សុំ​របស់​លោក​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​ចន ឃ៊ែរី​ដែល​បាន​ទៅ​បំពេញ​ទស្សនកិច្ច​ក្នុង​ប្រទេស​អារ៉ាប៊ីសាអូឌីត​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី៧ ឧសភា។ ខណៈនេះ នៅ​មិន​ទាន់​មាន​ចម្លើយ​តប​យ៉ាង​ម៉េច​ពី​ចលនាឧទ្ទាម​ហ៊ូទី្ស​ចំពោះ​សំណើ​របស់​ប្រទេស​អារ៉ាប៊ីសាអូឌីត​ទេ។

លោក​ប្រមុខ​ការទូត​អាមេរិក ចន ឃ៊ែរី (រូបឆ្វេង) និង​សមភាគី​អារ៉ាប៊ីសាអូឌីត
លោក​ប្រមុខ​ការទូត​អាមេរិក ចន ឃ៊ែរី (រូបឆ្វេង) និង​សមភាគី​អារ៉ាប៊ីសាអូឌីត REUTERS/Andrew Harnik/Pool
ផ្សាយពាណិជ្ជកម្ម

គឺ​នៅ​ក្នុង​សន្និសីទកាសែត​រួម​គ្នា​ជាមួយ​លោក​ប្រមុខ​ការទូត​អាមេរិក​ចន ឃ៊ែរី​ក្នុង​ទីក្រុង​រីយ៉ាដ​ដែល​លោក​ប្រមុខ​ការទូត​អារ៉ាប៊ីសាអូឌីត​អាដែល អាល់យូប៊ែរ​បាន​ថ្លែង​ឲ្យ​ដឹង​ថា អារ៉ាប៊ីសាអូឌីត​បាន​ស្នើ​ឲ្យ​មាន​បទឈប់​បាញ់​រយៈពេល ៥ថ្ងៃ​នៅ​តំបន់​ខ្លះ​ក្នុង​ប្រទេស​យេម៉ែន​ដើម្បី​អនុញ្ញាត​ឲ្យ​មាន​ការ​ដឹកជំនួយ​ទៅ​ជួយ​ជនស៊ីវិល​ដែល​កំពុង​រងគ្រោះ​ដោយសារ​សង្រ្គាម។ តែ​លោក​អាល់យូប៊ែរ​បាន​យល់​ឃើញ​ថា បទ​ឈប់​បាញ់​នឹង​អាច​ធ្វើ​ទៅ​បាន លុះ​ត្រា​ណា​តែ​គ្រប់​ភាគី​ទំាង​អស់​សុខចិត្ត​ទទួល​យក និង​គោរព​ឲ្យ​បាន​ត្រឹមត្រូវ ពិសេស​គឺ​ភាគី​ឧទ្ទាម​ហ៊ូទី្ស និង​ក្រុម​យុទ្ធជន​ប្រដាប់អាវុធ​ដែល​ស្មោះស្ម័គ្រ​នឹង​អតីត​ប្រធានាធិបតី​យេម៉ែន​ធ្លាក់​ពី​អំណាច។

ចំណែក​លោក​ប្រមុខ​ការទូត​អាមេរិក​ចន ឃ៊ែរី​បាន​បញ្ជាក់​ច្បាស់ៗ​ថា បទឈប់​បាញ់​អាច​នឹង​ធ្វើ​បាន គឺ​វា​អាស្រ័យ​ទំាង​ស្រុង​លើ​ឆន្ទៈ​របស់​ពួក​ឧទ្ទាម​ហ៊ូទី្ស ព្រម​ទំាង​ឆ្លៀត​ជម្រុញ​ឲ្យ​ពួក​នេះ និង​ភាគី​ពាក់ព័ន្ធ​ផ្សេង​ទៀត​ទទួល​យក​សំណើ​របស់​ប្រទេស​អារ៉ាប៊ីសាអូឌីត។ ក្រៅ​ពី​ធ្វើ​ការ​អំពាវនាវ​ដោយ​ផ្ទាល់​ចំពោះ​ពួក​ឧទ្ទាម លោក​ឃ៊ែរី​ក៏​បាន​ឆ្លៀត​អំពាវនាវ​ដល់​អ្នក​ដែល​បាន​ចេញ​មុខ​គំាទ្រ​ពួក​ឧទ្ទាម​ហ៊ូទី្ស​ឲ្យ​ប្រើ​ឥទ្ធិពល​របស់​ខ្លួន​ដើម្បី​កុំ​ឲ្យ​ឱកាស​ដ៏​ល្អ​នេះ​កន្លង​ផុត​ទៅ​ឲ្យ​សោះ។ ត្រង់​ចំណុច​នេះ លោក​ឃ៊ែរី​បាន​លើក​ឡើង​ពី​ក្តី​បារម្ភ​របស់​អាមេរិក​ចំពោះ​សកម្មភាព​បង្ក​អស្ថិរភាព​នៅ​ក្នុង​តំបន់​ពី​សំណាក់​ប្រទេស​អ៊ីរ៉ង់។

ទន្ទឹម​គ្នា​នេះ និង​ដើម្បី​បង្ហាញ​ពី​ជំហរ​គំាទ្រ​របស់​អាមេរិក​ចំពោះ​សម្ព័ន្ធមិត្ត​អារ៉ាប៊ីសាអូឌីត លោក​ឃ៊ែរី​បាន​ប្រាប់​ឲ្យ​ដឹង​ពី​ការ​ដែល​អាមេរិក និង​សហគមន៍​អន្តរជាតិ​នឹង​បន្ត​ប្រឹងប្រែង​ទប់​ស្កាត់​ការ​ហូរ​អាវុធ​ចូល​ក្នុង​ប្រទេស​យេម៉ែន ដោយ​អនុលោម​តាម​សេចក្តីសម្រេចចិត្ត​របស់​ក្រុមប្រឹក្សាសន្តិសុខ​អនុម័ត​នា​ខែ​មេសា​កន្លង​ទៅ។ ដោយឡែក លោក​ប្រមុខ​ការទូត​អាមេរិក​បាន​ច្រានចោល​ចំពោះ​គំនិត​នៃ​ការ​បើក​ប្រតិបត្តិការ​វាយ​លុក​ផ្លូវគោក​នៅ​ក្នុង​ប្រទេស​យេម៉ែន។ យោង​តាម​លោក​ឃ៊ែរី អាមេរិក និង​អារ៉ាប៊ីសាអូឌីត​មិន​បាន​លើក​ឡើង​ពី​បញ្ហា​នេះ​ទេ និង​ថា អ្វី​ដែល​អាមេរិក​កំពុង​បារម្ភ​ខ្លំាង​ជាង​គេ​នោះ គឺ​ជោគវាសនា​របស់​ជនស៊ីវិល​ដែល​កំពុង​ជាប់កុន​នៅ​ក្នុង​សង្រ្គាម​សព្វថ្ងៃ។ ខណៈនេះ នៅ​មិន​ទាន់​មាន​ចម្លើយ​តប​យ៉ាង​ម៉េច​ពី​ចលនាឧទ្ទាម​ហ៊ូទី្ស​ចំពោះ​សំណើ​របស់​ប្រទេស​អារ៉ាប៊ីសាអូឌីត​ទេ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ