អានតួអត្ថបទ
ឥណ្ឌា-ប៉ាគីស្ថាន

ឥណ្ឌា និង​ប៉ាគីស្ថាន​សន្យា​កាត់​បន្ថយ​អំពើហិង្សា​នៅ​តំបន់​កាស្មៀ

លោក​នាយករដ្ឋមន្រ្តី​ឥណ្ឌា និង​ប៉ាគីស្ថាន​បាន​សន្យា​រួម​គ្នា​ក្នុង​ការ​កាត់បន្ថយ​អំពើហិង្សា​នៅ​ក្នុង​តំបន់​កាស្មៀ។ កិច្ចសន្យា​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​ទ្វេភាគី​រវាង​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​បងប្អូន​បង្កើត​គូសត្រូវ​ទំាង​ពីរ​ក្នុង​ទីក្រុង​ញូយ៉ក​កាល​ពី​ថ្ងៃ​អាទិត្យ ទី២៩ កញ្ញា។ សូម​ជម្រាប​ជូន​ថា ឥណ្ឌា និង​ប៉ាគីស្ថាន​ដែល​ជា​ប្រទេស​មហាអំណាច​នុយក្លេអ៊ែរ​ដូច​គ្នា​នៅ​អាស៊ី បាន​ឈ្លោះ​គ្នា​ដណ្តើម​តំបន់​កាស្មៀ​តំាង​ពី ៦៥ឆ្នំា​កន្លង​មក នោះ​បើ​ទោះបី​ជា​តំបន់​នោះ​ត្រូវ​បាន​ពុះចែក​គ្នា​ជា​ពីរ​ចំណែក​រួច​ហើយ​ក៏​ដោយ​ក្តី។

លោក​នាយករដ្ឋមន្រ្តី​ឥណ្ឌា Manmohan Sing (រូបឆ្វេង) និង​លោក​នាយករដ្ឋមន្រ្តី​ប៉ាគីស្ថាន Nawaz Sharif
លោក​នាយករដ្ឋមន្រ្តី​ឥណ្ឌា Manmohan Sing (រូបឆ្វេង) និង​លោក​នាយករដ្ឋមន្រ្តី​ប៉ាគីស្ថាន Nawaz Sharif Wikimedia.org/Montage-RFI
ផ្សាយពាណិជ្ជកម្ម

នេះ​ជា​លើកទី១ គិត​តំាង​ពី​​ឆ្នំា ២០១០ និង​នៅ​ក្រៅ​ក្របខ័ណ្ឌ​នៃ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ក្នុង​ទីក្រុង​ញូយ៉ក សហរដ្ឋអាមេរិក ដែល​លោក​ប្រមុខ​រដ្ឋាភិបាល​ឥណ្ឌា និង​ប៉ាគីស្ថាន​បាន​ព្យាយាម​បំបាត់​ភាព​តានតឹង​រវាង​គ្នា។ ភាព​តានតឹង​ដែល​ត្រូវ​បាន​កត់សម្គាល់​ដោយ​ការ​បន្ត​ដណ្តើម​គ្នា​កាន់កាប់​តំបន់​កាស្មៀ។ នៅ​ក្នុង​ជំនួប​ទល់មុខ​គ្នា​រយៈពេល​១ម៉ោង​នៅ​ថ្ងៃ​អាទិត្យ ទី២៩ កញ្ញា​ក្នុង​ទីក្រុង​ញូយ៉ក លោក​នាយករដ្ឋមន្រ្តី​ឥណ្ឌា​ម៉ាន់ម៉ូហាន់ ស៊ីន និង​លោក​នាយករដ្ឋមន្រ្តី​ប៉ាគីស្ថាន​ណាវ៉ា សារីស្វ​បាន​ព្រមព្រៀង​គ្នា​ថា ការ​បង្កើន​ទំនាក់ទំនង​រវាង​ប្រទេស​ជិតខាងទំាង​ពីរ​ត្រូវ​តែ​ឆ្លង​កាត់​តាម​ការ​គោរព​បទឈប់​បាញ់​គ្នា​នៅ​តំបន់​កាស្មៀ។

លោក​ស៊ីវសានការ មឺណុន ទីប្រឹក្សាសន្តិសុខជាតិ​ឥណ្ឌា​បាន​ប្រាប់​ឲ្យ​ដឹង​ថា ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ទំាង​ពីរ​បាន​ចាត់​ឲ្យ​ថ្នាក់ដឹកនំា​ជាន់ខ្ពស់​យោធា​នៃ​ប្រទេស​ទំាង​ពីរ​ជា​អ្នក​ស្វែង​រក​មធ្យោបាយ​ប្រកប​ដោយ​ប្រសិទ្ធិភាព​ក្នុង​ការ​អនុវត្តន៍​បទឈប់បាញ់​នៅ​តាម​ខ្សែបន្ទាត់​ខ័ណ្ឌចែក​តំបន់​កាស្មៀ​ជា​ពីរ។ តែ​រូប​លោក​ទីប្រឹក្សាសន្តិសុខជាតិ​ឥណ្ឌា​ដដែល​បាន​គូសបញ្ជាក់​ថា គេ​ត្រូវ​រង់ចំា​នៅ​ប៉ុន្មាន​ខែ​ខាង​មុខ​ដើម្បី​ចង់​ដឹង​ថា តើ​ជំនួប​រវាង​ថ្នាក់ដឹកនំាកំពូល​នៃ​ប្រទេស​គូសត្រូវ​ទំាង​ពីរ​នា​ពេល​នេះ​នឹង​ផ្តល់​ផលវិជ្ជមាន ឬ​ក៏​អត់។ ទន្ទឹម​គ្នា​នេះ និង​បើ​យោងតាម​លោក​មឺណុន​ដដែល លោក​ម៉ាន់ម៉ូហាន់ ស៊ីន និង​លោក​ណាវ៉ា សារីស្វ​ក៏​បាន​អញ្ជើញ​គ្នា​ទៅវិញ ទៅ​មក​ឲ្យ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន តែ​នៅ​មិន​ទាន់​បាន​បញ្ចាក់​ពី​ថ្ងៃខែ​ច្បាស់លាស់​ទេ។

សូម​ជម្រាប​ជូន​ថា តំាង​ពី​ឥណ្ឌា និង​ប៉ាគីស្ថាន​ទទួល​បាន​ឯករាជ្យ​រៀងៗខ្លួន​ក្នុង​ឆ្នំា ១៩៤៧​មក បងប្អូន​បង្កើត​គូសត្រូវ​ទំាង​ពីរ​បាន​ធ្វើ​សង្រ្គាម​ប្រឆំាង​គ្នា​ចំនួន ២ដង​ដើម្បី​ដណ្តើម​កាន់កាប់​តំបន់​កាស្មៀ។ បច្ចុប្បន្ន​នេះ​ទៀត និង​បើ​ទោះ​បី​ជា​ដី​កាស្មៀ​ត្រូវ​បាន​ពុះ​ចែក​គ្នា​ជា​ពីរ​ក៏​ដោយ ក៏​អំពើហិង្សា​នៅ​តែ​កើត​មាន​ជា​រឿយៗ​នៅ​តាម​ខ្សែបន្ទាត់​ដែល​ខ័ណ្ឌ​ចែក​តំបន់​នោះ។ ឥណ្ឌា​តែងតែ​ទម្លាក់​កំហុស​ដាក់​ប៉ាគីស្ថាន តែ​ប៉ាគីស្ថាន​បាន​បដិសេធ​ជានិច្ច។ គ្រាន់​តែ​ក្នុង​រយៈពេល ២ខែ​ចុងក្រោយ​នេះ ការ​ផ្ទុះ​អាវុធ​ដាក់​គ្នា​បាន​បណ្តាល​ឲ្យ​ស្លាប់​ទាហាន​ប្រទេស​ទំាង​ពីរ​ចំនួន ៨នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ