អានតួអត្ថបទ
ថៃ

រដ្ឋាភិបាល​ថៃ​បាន​អនុម័ត​ច្បាប់​ពិសេស​មួយ​ដើម្បី​ប្រឈម​ទប់​នឹង​មហាបាតុកម្ម

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២២ វិច្ឆិកា រដ្ឋាភិបាល​ថៃ​បាន​អនុម័ត​ច្បាប់ពិសេស​មួយ​ដើម្បី​ប្រឈម​ទប់​នឹង​មហាបាតុកម្ម​ដែល​គ្រោង​រៀបចំ​នា​ចុង​សប្តាហ៍​នេះ​ក្នុង​ទីក្រុង​បាងកក។ ច្បាប់ពិសេស​នេះ​នឹង​ត្រូវ​អនុវត្តន៍​តែ​ទៅ​លើ​ស្រុក​សំខាន់​ចំនួន​បី​ស្ថិត​ប៉ែកកណ្តាល​ក្រុង​បាងកក​សម្រាប់​រយៈពេល ៩ថ្ងៃ។ រដ្ឋាភិបាល​គ្រោង​នឹង​ដាក់​ពង្រាយ​កម្លំាង​សន្តិសុខ​ចំនួន ១ ៧០០០នាក់។

លោកស្រី​នាយក​រដ្ឋមន្រ្តីថៃ យីងឡាក់
លោកស្រី​នាយក​រដ្ឋមន្រ្តីថៃ យីងឡាក់ © Getty Images/ Paula Bronstein
ផ្សាយពាណិជ្ជកម្ម

មួយ​ថ្ងៃ មុន​មហាបាតុកម្ម​ចាប់​ផ្តើម​នៅ​ក្នុង​ទីក្រុង​បាងកក រដ្ឋាភិបាល​បាន​និង​កំពុង​បង្កើន​សន្តិសុខ តាម​រយៈការ​ដាក់​ពង្រាយ​កម្លំាង​នៅ​ទីកន្លែង​សំខាន់ៗ​ក្នុង​ទីក្រុង​បាងកក ពិសេស​គឺ​ការ​អនុម័ត​ច្បាប់ពិសេស​មួយ​នា​ឱកាស​នោះ។ ការ​អនុម័ត​ច្បាប់​ពិសេស​ដែល​ត្រូវ​បាន​លោកស្រី​នាយករដ្ឋមន្រ្តី​យីងឡាក់​សំអាង​លើ​ហេតុផល​មួយ​ចំនួន​របស់​ក្រសួង​ស៊ើកការ​សម្ងាត់​រួម​មាន ក្រុម​អ្នករៀបចំ​បាតុកម្ម​មាន​បំណង​ចង់​ផ្តួលរំលំ​រដ្ឋាភិបាល ក្រុមបាតុករ​ត្រៀម​នឹង​ប្រើ​អំពើហិង្សា​គ្រប់ប្រភេទ​ដោយ​មិន​ខ្លាច​ស្លាប់​ដើម្បី​បំផ្លិចបំផ្លាញ​ប្រយោជន៍​សាធារណៈ ដោយ​គំរាម​ធ្វើ​ការ​វាយលុក​ចូល​ក្នុង​អាគារ​សំខាន់ៗ​ក្នុង​ទីក្រុង។ សម្រាប់​លោកស្រី​យីងឡាក់ រដ្ឋាភិបាល​ត្រូវ​តែ​ការពារ​ប្រព័ន្ធ​លទ្ធិប្រជាធិបតេយ្យ ក្រោម​របប​រាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ។

តាម​គម្រោង មហាបាតុកម្ម​រៀបចំ​ដោយ​ក្រុម​អ្នករាជានិយមជ្រុល​នឹង​ត្រូវ​ចាប់​ផ្តើម​នៅ​ថ្ងៃ​សៅរ៍​ស្អែក និង​អាច​បន្ត​ពេញ​មួយ​ចុង​សប្តាហ៍​នេះ។ លោក​ប្រមុខ​ក្រុមប្រឹក្សា​សន្តិសុខជាតិ ឧត្តមសេនីយ Paradorn Pattanatabut បាន​បញ្ជាក់​ថា ភាព​តានតឹង​នឹង​អាច​កើត​មាន​ដោយ​ចៀស​មិន​រួច ពីព្រោះ​នឹង​មាន​មនុស្ស​ចូលរួម​យ៉ាង​ច្រើន​សម្បើម។ ក្រុម​អ្នករៀបចំ​បាន​ប្រកាស​ឲ្យ​ដឹង​ថា នឹង​អាច​មាន​មនុស្ស​ចូល​រួម​ប្រមាណ​ជា ៥០០ ០០០នាក់ ចំណែក​រដ្ឋអំណាច​លើក​តែ​ចំនួន ៥០ ០០០នាក់​ច្រើន​បំផុត។ យ៉ាង​ណា​ក៏​ដោយ នេះ​គឺ​ជា​គម្រោង​មហាបាតុកម្ម​មួយ​ដែល​លោកស្រី​យីងឡាក់​មិន​ធ្លាប់​ប្រទះ​ទេ តំាង​ពី​បាន​ឡើង​កាន់​តំណែង​នាយក​រដ្ឋមន្រ្តី​ជិត ១ឆ្នំា​កន្លះ​កន្លង​ទៅ។

គួរ​រម្លឹក​ជូន​ឡើង​វិញ​ថា អស់​រយៈពេល​ជា​ច្រើន​ឆ្នំា​កន្លង​មក​ហើយ​ដែល​ប្រទេស​ថៃ​បាន​ស្គាល់​ភាព​បះបោរ​នៅ​តាម​ផ្លូវ និង​ពេល​ខ្លះ ក្រុម​បាតុករ​ថែម​ទំាង​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ទម្លាក់​រដ្ឋាភិបាល​ដែល​ជាប់ឆ្នោត​ស្របច្បាប់​ទៀត​ផង។ ជាក់ស្តែង រដ្ឋប្រហារ​យោធា​ទម្លាក់​លោក​នាយក​រដ្ឋមន្រ្តី​ថាក់ ស៊ីន​ក្នុង​ឆ្នំា ២០០៦ ក្រោយ​ពី​មាន​ក្បួន​បាតុកម្ម​របស់​ក្រុមអាវលឿង។ គឺ​តំាង​ពី​ពេល​នោះ​​ឯង ដែល​ថៃ​បាន​ស្គាល់​វិបត្តិ​នយោបាយ​យ៉ាង​ប្រទាញប្រទង់​គ្នា​រវាង​ក្រុម​អាវក្រហម អ្នកគំាទ្រ​លោក​អតីត​នាយករដ្ឋមន្រ្តី ថាក់ស៊ីន និង​ក្រុមអាវលឿង អ្នកគំាទ្រ​រាជានិយម និង​ក្រុម​ឧត្តមសេនីយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ