អានតួអត្ថបទ
រុស្ស៊ី​

ជន​ដែល​បាន​បំផ្ទុះ​គ្រាប់បែក​ក្នុង​មេត្រូ​ក្រុង​រុស្ស៊ី​ Saint-Petersbourg ​ជា​ជាតិ​ Kirghiz​

គឺ​ស្ថាប័ន​សន្តិសុខ​Kirghizistan ផ្ទាល់​ដែលព្រឹក​ថ្ងៃនេះ បាន​បញ្ជាក់​មក​សមភាគី​រុស្ស៊ីថា អ្នក​ដែលបាន​ប្រព្រឹត្ត​អំពើ​ភេរវកម្ម​បំផ្ទុះ​គ្រាប់បែក​ក្នុង​មេត្រូ​ ក្រុងទី២​នៅ​រុស្ស៊ី គឺ​ក្រុង Saint-Petersbourg នា​រសៀល​ថ្ងៃ៣មេសា​ម្សិលមិញ បណ្តាលឲ្យ​ស្លាប់​អ្នកដំណើរ​អស់​ជាង១០នាក់ គឺជាបុរស​អាយុ​២២ឆ្នាំ មាន​ដើមកំណើត​ជា​ជាតិ Kirghiz ដែល​ឥឡូវ​កាន់​អត្តសញ្ញាណបណ្ណ​ជា​ពលរដ្ឋ​សហព័ន្ធ​រុស្ស៊ី​ទៅផង ដោយ​នា​ប៉ុន្មានឆ្នាំ​ចុងក្រោយ រស់នៅ​និង​ធ្វើការ​សិក្សា​ក្នុង​ក្រុងនេះ​តែម្តង។  

ក្រុម​សង្គ្រោះ​នៅ​ជិត​ស្ថានីយ​មេត្រូ Sennaya Ploshchad ក្នុង​ក្រុង Saint-Pétersbourg ថ្ងៃ៣មេសា ក្រោយ​ការផ្ទុះ​​គ្រាប់បែក​
ក្រុម​សង្គ្រោះ​នៅ​ជិត​ស្ថានីយ​មេត្រូ Sennaya Ploshchad ក្នុង​ក្រុង Saint-Pétersbourg ថ្ងៃ៣មេសា ក្រោយ​ការផ្ទុះ​​គ្រាប់បែក​ REUTERS/Anton Vaganov
ផ្សាយពាណិជ្ជកម្ម

គណៈ​កម្មាធិការ​រដ្ឋកៀហ្សីស៊ីស្ថាន​ខាង​សន្តិសុខ​ជាតិ ហៅ​កាត់ថា GKNB ព្រឹក​ថ្ងៃ​ទី៤​មេសានេះ បាន​ប្រកាស​ថា ជន​ដែល​ទំនង​ជា​បាន​ប្រព្រឹត្ត​អំពើ​ភេរវកម្ម​បំផ្ទុះ​គ្រាប់បែក​ក្នុងក្រុង​រុស្ស៊ី Saint-Petersbourg កាលពី​រសៀល​ម្សិលមិញ គឺជា​បុរស​ឈ្មោះ Akbarjon Djalilov កើតឆ្នាំ​១៩៩៥ នៅក្រុង Osh ប៉ែក​ខាងត្បូង សាធារណរដ្ឋKirghizistan នៃ​តំបន់​អាស៊ី កណ្តាល។ បច្ចុប្បន្ន បុរស​នេះ​មាន​លក្ខន្តិកៈ​ជា​ពលរដ្ឋ​សហព័ន្ធ​រុស្ស៊ី។

សេចក្តី​ប្រកាស​នេះ​របស់​ភាគី​កៀហ្ស៊ីស៊ីស្ថាន គឺ​មានន័យ​ជា​ការបញ្ជាក់​លើ​សេចក្តី​សន្និដ្ឋាន របស់​ក្រុម​អង្កេត​រុស្ស៊ី ដែល​នៅ​កណ្តាល​អធ្រាត្រ​ឆ្លងចូល​មក​ថ្ងៃនេះ បាន​រកឃើញ​នៅនឹង​កន្លែង​ផ្ទុះ ក្នុង​ទូមួយ​នៃ​ក្បួន​រថភ្លើង​មេត្រូ​ក្រោមដី គឺ​បំណែក​នៃ​ខ្លួនប្រាណ​បុរសនោះ ហើយ​ដែល​តាម​សមត្ថកិច្ច​រុស្ស៊ី បាន​បំពេញ​តួនាទី​ជា​ភេរវជន​អត្តឃាត ទាំង​ប្រតិបត្តិ​ទង្វើនោះ ទៅ​តាម​សេណារីយ៉ូ​រៀបចំឡើង​ដោយ​ក្រុម​របស់​គេ។

ទូរទស្សន៍​រដ្ឋ​រុស្ស៊ី ដោយ​ផ្សាយដំណឹង​នេះ សង្កត់ធ្ងន់​ថា បុរស​នោះ​មាន​ខ្សែរយៈ​ពាក់ព័ន្ធនឹង​អង្គការ​ភេរវនិយម​រដ្ឋអ៊ីស្លាម។ ជាការ​កត់​សម្គាល់ លោក​ប្រធានាធិបតី​រុស្ស៊ី ពូទីន យោងទៅ​លើ​តួលេខ​ផ្តល់​ជូនគាត់ ដោយ​ស្ថាប័ន​សន្តិសុខ​ជាតិ FSB ធ្លាប់បាន​ថ្លែងថា មានដល់​៤ពាន់នាក់ ពលរដ្ឋ​ទៅពី​អតីត​សាធារណរដ្ឋ​សូវៀត​នានា​នៃ​តំបន់​អាស៊ី​កណ្តាល ដែលពាក់ព័ន្ធ​នឹង​អង្គការ​រដ្ឋអ៊ីស្លាម​នោះ។

តាម​ដំណឹង​ចុងក្រោយ​ផ្សាយដោយ​ក្រសួង​សុខាភិបាល ពីក្នុង​ចំណោម​អ្នក​របួសធ្ងន់ ថ្ងៃនេះ បាន​ដាច់​ខ្យល់ស្លាប់​ក្នុង​មន្ទីរពេទ្យ អស់​៣នាក់​ទៀត ដូច្នេះ​ចំនួន​អ្នកស្លាប់​ក្នុង​សោកនាដកម្ម នៅក្រុង Saint-Petersbourg ឡើងដល់​១៤នាក់។ តាំងពី​យប់មិញ​ម៉្លេះ លោកពូទីន បាន​អញ្ជើញ​ទៅ​ដាក់ផ្កា​នៅផ្ទាល់​នឹង​កន្លែង​សោកនាដកម្ម​នោះ។

ក្នុងទិវា​កាន់ទុក្ខ​ចំពោះ​សោកនាដកម្ម​នេះ មាន​មេដឹកនាំ​មហាអំណាច​ធំៗ​ក្នុងលោក បែបយ៉ាង លោក​ប្រធានាធិបតី​សរអា Donald Trump លោកស្រី​នាយក​រដ្ឋមន្ត្រី​អាល្លឺម៉ង់ Angela Merkel លោក​ប្រធានាធិបតី​បារាំង François Hollande បាន​ទូរស័ព្ទ​មក​សំដែង​សាមគ្គីភាព​ជាមួយ​លោកពូទីន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ