អានតួអត្ថបទ
ស៊ីរី

ផែនការ​លម្អិត​នៃ​ការកម្ទេច​អាវុធ​គីមី​ស៊ីរី​

អង្គការ​ហាមឃាត់​អាវុធ​គីមី បាន​អនុម័ត​ផែនការ​កម្ទេច​អាវុធគីមីស៊ីរី​ហើយ ! អាវុធ​គីមី របស់​រដ្ឋាភិបាល​លោក បាស្ហារ​ អាល់អាសាទ ទាំង​ជាង​១០០០​តោន នឹងត្រូវ​បំផ្លាញ​ចោល​ទាំង​ស្រុង យ៉ាង​យូរ​បំផុត នៅ​ថ្ងៃទី ៣០​មិថុនា ២០១៤ នៅ​ក្រៅ​ដែនដី​ស៊ីរី។ ផែនការ​មាន​លក្ខណៈ​លម្អិត មាន​​ការ​ចង្អុល​ទិស​ដៅ​ត្រូវ​ធ្វើ​តាម​លំដាប់​លំដោយ ប៉ុន្តែ​នៅ​មាន​សំនួរ​ជា​ច្រើន​ គ្មាន​ចម្លើយ​នៅ​ឡើយ។

ជំនាញ​ការ​អាវុធ​គីមី​អង្គការ​សហប្រជាជាតិ​កំពុង​បំពេញ​បេសកកម្ម​នៅ​ក្នុង​ទឹកដី​ស៊ីរី
ជំនាញ​ការ​អាវុធ​គីមី​អង្គការ​សហប្រជាជាតិ​កំពុង​បំពេញ​បេសកកម្ម​នៅ​ក្នុង​ទឹកដី​ស៊ីរី REUTERS/Mohamed Abdullah/Files
ផ្សាយពាណិជ្ជកម្ម

ផែនការ​ បាន​​កំណត់​ ពេល​វេលា និង​ កាលបរិច្ឆេទ យ៉ាង​ច្បាស់​ ដាច់​ពី​​គ្នា ៖ អាវុធគីមី​ទាំង​អស់​ នឹង​ត្រូវ​ដឹក​ចេញ​ពី​ស៊ីរី ឱ្យ​បានមុន​ថ្ងៃ​ទី ៤ ​ខែ​កុម្ភៈ២០១៤  ដើម្បី​ឱ្យ​ប្រតិបត្តិការ​កម្ទេច​ប្រព្រឹត្ត​ទៅ​ដោយ​ប្រាកដ និង​យ៉ាង​លឿន។ ​រោងចក្រ និង​មជ្ឈមណ្ឌល​ផលិត​អាវុធគីមី​ នឹង​ត្រូវ​រំលាយ​ចោល​ នៅ​រវាង​ថ្ងៃ​ទី ១៥ ធ្នូ ២០១៣ ដល់​ថ្ងៃ​ទី ១៥​មីនា ២០១៤។ ចុងក្រោយ គឺ​ការ​កម្ទេច​អាវុធ​គីមី​ត្រូវ​បញ្ចប់​ទាំង​ស្រុង​នៅ​ថ្ងៃ​ទី​៣០​មិថុនា ​ឆ្នាំ​២០១៤ …

លោក Christan Chartier អ្នក​នាំ​ពាក្យ​អង្គការ​ ហាមឃាត់​អាវុធ​គីមី OIAC ៖

« មាន​ទិសដៅ​ពីរ​ច្បាស់​លាស់ ទីមួយ​គឺ​អាវុធ​គីមី​ស៊ីរី​ត្រូវ​បំផ្លាញ​ចោល នៅ​ក្រៅ​ប្រទេស​ស៊ីរី។ ទីពីរ រាល់​អាវុធ​គីមី​ស៊ីរី នឹង​ត្រូវ​កម្ទេច​ចោល​ឱ្យ​អស់​ ជា​ចុង​ក្រោយ​នៅ​ថ្ងៃទី ៣០​មិថុនា ២០១៤។ ជា​កម្ទេច​ទាំងស្រុង និង​មិន​អាច​បក​ក្រោយ​វិញ​បាន​ទេ។ ចំណែក​ភ្នាក់ងារ​គីមី​ពុល​ខ្លាំង​បំផុត​ ត្រូវ​តែ​ដឹក​ចេញ​ពី​ប្រទេស​នេះ​យ៉ាងយូរ​នៅ​ថ្ងៃ​ទី ៣១​ធ្នូ២០១៣។ គ្រាប់​គីមី​ ថ្នាំ​ពុល​គីមី​មិន​ពុល​ខ្លាំង នឹង​ត្រូវ​យក​ចេញ​ពី​ស៊ីរី នៅ​ថ្ងៃទី​៤ កុម្ភៈ ២០១៤។ នៅ​ក្នុង​ប្រទេសវិញ ​ស៊ីរី​ត្រូវ​កម្ទេច​ឱ្យ​អស់​សម្បក​គ្រាប់ គ្មាន​ផ្ទុក​សារធាតុ​គីមី​ នៅ​ថ្ងៃទី ៣១​មករា​២០១៤ ឯ​រោងចក្រ​ និង​មជ្ឈមណ្ឌល​ទាំង​អស់​ស៊ីរី​ ត្រូវ​រំសាយ​និង​កម្ទេច​ចោលទាំង​ស្រុង​ ​នៅ​ថ្ងៃ​ទី​១៥​មីនា ២០១៤ »។

ប៉ុន្តែ​ ​សួរ​ថា​តើគេ​​ត្រូវ​ដឹក​អាវុធ​គីមី​ដ៏​សន្ធឹក​សន្ធាប់​នោះ ​ទៅ​កម្ទេ​ច​នៅ​ទី​ណា ?! គ្មានទេ​ចម្លើយ ហើយ​មិន​ទាន់​ទាំង​បាន​អី​ផង អាល់បានី ​ បាន​បដិសេធ ជាស្រេច​ ​មិន​ឱ្យ​អង្គការ​ហាមឃាត់​អាវុធគីមីខ្ចី​ដី​ប្រើ​ទេ ព្រោះ​មាន​​​​សម្ពាធ​ប្រជាជន​។ ពាក់ព័ន្ធ​នឹង​បញ្ហា​ហិរញ្ញវត្ថុ​វិញ ក៏​គ្មាន​ដែរ​ចម្លើយ ថា​តើ​នរណា​ជា​អ្នក​ចេញថ្លៃ​ ប្រតិបត្តិការ និង​សម្ភារៈនោះ។ អង្គការ​ហាមឃាត់​អាវុធ​គីមី នឹង​ត្រូវ​ពិនិត្យ​ពិច័យ​ចំណុច​នេះ នៅ​សប្តាហ៍​ខាង​មុខ។ គេ​បាន​ដឹង​ខ្លះៗ​ថា ប្រទេស​ស្វីស​បាន​ស្នើ​ផ្តល់​សម្ភារៈ ម៉ូស្គូ​ផ្តល់​ជំនួយការ​​បច្ចេកទេស​ ន័រវេស និ​ងដាណឺម៉ាក​ ឱ្យ​ខ្ចី​នាវា​សម្រាប់​ដឹក​អាវុធ​គីមី​ចេញ​​ទឹក​ដី​ស៊ីរី៕
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ