មហាក្សត្សហ្សកដានីប្រាប់អនុប្រធានាធិបតីអាមេរិកពីក្តីបារម្ភរបស់ព្រះអង្គក្នុងរឿងហ្សេរុយសាឡិម
អនុប្រធានាធិបតីអាមេរិកលោក Mike Pence កំពុងបំពេញទស្សនកិច្ចមួយជុំតំបន់ដើមបូព៌ា។ បន្ទាប់ពីប្រទេសអេហ្ស៊ីប លោក Pence បានទៅទស្សនកិច្ចនៅក្នុងប្រទេសហ្សកដានីនាថ្ងៃអាទិត្យ ទី២១ មករា។ នៅក្នុងកិច្ចសន្ទនាជាមួយអនុប្រធានាធិបតីអាមេរិក មហាក្សត្រហ្សកដានីអាប់ដាឡាបានប្រាប់លោក Pence ពីក្តីបារម្ភរបស់ព្រះអង្គទាក់ទងនឹងទីក្រុងហ្សេរុយសាឡិមដែលលោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំមិនគួរសម្រេចចិត្តជាឯកតោភាគីទេ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:២៥
វត្តមានរបស់លោកអនុប្រធានាធិបតីអាមេរិក Mike Pence នៅក្នុងតំបន់ដើមបូព៌ាពេលនេះបានធ្វើឡើង នៅក្នុងបរិបទនៃភាពតានតឹងបន្ទាប់ពីលោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំបានទទួលស្គាល់ហ្សេរុយសាឡិមជាទីក្រុងផ្តាច់មុខរបស់ប្រទេសអ៊ីស្រាអែល។ « ហ្សេរុយសាឡិម ជាទីក្រុងដ៏សំខាន់សម្រាប់អ្នកកាន់សាសនាអ៊ីស្លាម និងអ្នកកាន់សាសនាគ្រិស្ត ក៏ដូចជាសម្រាប់ជនជាតិជ្វីហ្វដែរ » នេះជាការរម្លឹករបស់មហាក្សត្រហ្សកដានីអាប់ដាឡានៅក្នុងជំនួបជាមួយលោក Mike Pence។
សម្រាប់ព្រះអង្គម្ចាស់អាប់ដាឡា ហ្សេរុយសាឡិមពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សន្តិភាពនៅក្នុងតំបន់ និងសម្រាប់អនុញ្ញាតឲ្យអ្នកកាន់សាសនាអ៊ីស្លាមតស៊ូប្រកបដោយប្រសិទ្ធិភាពទល់នឹងបុព្វហេតុនិយមជ្រុលមួយចំនួន។ មហាក្សត្រហ្សកដានីបានបញ្ជាក់ប្រាប់លោកអនុប្រធានាធិបតីអាមេរិក Mike Pence ត្រង់ៗថា ព្រះអង្គធ្លាប់បានសម្តែងក្តីបារម្ភច្រើនដងក្នុងឆ្នាំ ២០១៧ ទាក់ទងនឹងសេចក្តីសម្រេចចិត្តរបស់លោកដូណាល់ ត្រាំដែលប្រកាសទទួលស្គាល់ហ្សេរុយសាឡិមជាទីក្រុងផ្តាច់មុខរបស់អ៊ីស្រាអែល។
គួរបញ្ជាក់ជូនថា លក្ខន្តិកនៃទីក្រុងហ្សេរុយសាឡិមនៅបន្តជាឧបសគ្គមួយក្នុងចំណោមឧបសគ្គដទៃទៀតនៅក្នុងដំណើរការចរចាសន្តិភាពរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីនដែលបានជាប់គាំងតាំងពីឆ្នាំ ២០១៤។ ប្រជាជនប៉ាឡេស្ទីនចង់បានហ្សេរុយសាឡិមប៉ែកខាងកើតធ្វើជាទីក្រុងរបស់ខ្លួន។ តែតំបន់មួយនេះដែលត្រួតត្រាដោយអ៊ីស្រាអែលតាំងពីឆ្នាំ ១៩៦៧ ត្រូវបានអ៊ីស្រាអែលក្រសោបយកផ្តាច់មុខដែលអង្គការសហប្រជាជាតិចាត់ទុកជារឿងខុសច្បាប់។
យ៉ាងណាក៏ដោយ វត្តមានរបស់អនុប្រធានាធិបតីអាមេរិកលោក Mike Pence នៅក្នុងតំបន់ពេលនេះមានគោលដៅស្វែងរកសេចក្តីទុកចិត្តឡើងវិញ។ សេចក្តីទុកចិត្តដែលមហាក្សត្រហ្សកដានីសង្ឃឹមថា នឹងជួយបង្កើតឲ្យមានរដ្ឋពីរប៉ាឡេស្ទីន និងអ៊ីស្រាអែលរស់ក្បែរគ្នាដោយសុខសន្តិភាព និងដោយយកហ្សេរុយសាឡិមប៉ែកខាងកើតធ្វើជាទីក្រុងរបស់ប្រជាជនប៉ាឡេស្ទីន។ ចំណែកលោក Mike Pence បានរម្លឹកពីការសន្យារបស់អាមេរិកក្នុងការបន្តគោរពតួនាទីរបស់ហ្សកដានីជាឆ្មាំការពារទីកន្លែងសក្ការៈក៏ដូចជាបានបន្តគាំទ្រដំណោះស្រាយរដ្ឋពីរដែរ។
សូមជម្រាបជូនថា ហ្សកដានី និងអេហ្ស៊ីបដែលលោក Mike Pence បានទៅទស្សនកិច្ចជាប្រទេសអារ៉ាប់តែពីរគត់ដែលបានចុះសន្ធិសញ្ញាសន្តិភាពជាមួយអ៊ីស្រាអែល និងដែលអាចដើរតួនាទីស្នូលនៅក្នុងដំណើរស្វែងរកសន្តិភាពឲ្យអ៊ីស្រាអែល និងប៉ាឡេស្ទីន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ