អានតួអត្ថបទ
បារាំង-អាល់ហ្សេរី

លោកម៉ាក្រុង​ អះអាង​ថា​ទៅ​អាល់ហ្សេរី ​ក្នុង​នាម​ជាមិត្ត ​មិន​ចង់​ជាប់​ក្នុង​រនាំង​អតីតកាល​ទេ

លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង បាន​អញ្ជើញ​ទៅ​ដល់​ទីក្រុង​អាល់ហ្សេ​ ប្រទេស​អាល់ហ្សេរី កាលពីរសៀលថ្ងៃពុធ​ ទី៦ធ្នូ។ ដំណើរទស្សនកិច្ច ដែលមាន​រយៈពេល​តែ​ជាង​១០​ម៉ោង​នេះ ត្រូវបាន​លោក​ប្រធានាធិបតី​បារាំង អះអាង​ថា ​លោក​​ទៅក្នុង​នាម​ជាមិត្ត ​ហើយ​ថា​លោក មិនចង់​ឲ្យ​​បារាំង​ និង​អាល់ហ្សេរី ​នៅ​ជាប់គាំង ​ថ្នាំងថ្នាក់​ចិត្តនឹង​គ្នា ដោយសារ​តែ​រនាំង​អតីតកាល​នោះទេ។

លោកប្រធានាធិបតីបារាំង លើកដៃ​ស្វាគមន៍​ប្រជាជន​ នៅ​តាម​ផ្លួវ​​ក្រុង​​អាល់ហ្សេ ប្រទេស​​អាល់ហ្សេរី។ ថ្ងៃទី​៦ ធ្នូ​២០១៧​
លោកប្រធានាធិបតីបារាំង លើកដៃ​ស្វាគមន៍​ប្រជាជន​ នៅ​តាម​ផ្លួវ​​ក្រុង​​អាល់ហ្សេ ប្រទេស​​អាល់ហ្សេរី។ ថ្ងៃទី​៦ ធ្នូ​២០១៧​ REUTERS/Zohra Bensemra
ផ្សាយពាណិជ្ជកម្ម

ខ្ញុំមកនេះ គឺមកក្នុងនាមជាមិត្តរបស់អាល់ហ្សេរី”។ នេះគឺជាប្រសាសន៍របស់លោល អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង ថ្លែងប្រាប់ទៅកាន់អ្នកកាសែត ពេលចុះពីយន្តហោះ នៅក្រុងអាល់ហ្សេ។ មកទទួលលោក ម៉ាក្រុង គឺមានលោកប្រធានសភាជាន់ទាបអាល់ហ្សេរី លោកនាយករដ្ឋមន្ត្រី Ahmed Ouyahia និងលោករដ្ឋមន្រ្តីក្រសួងការបរទេស។

លោកម៉ាក្រុង បាននិយាយបន្ថែមថា លោកប្រាថ្នាចង់ឲ្យទំនាក់ទំនង រវាងបារាំង និងអាល់ហ្សេរី កាន់តែល្អប្រសើរ។ គឺជាទំនាក់ទំនង ដែលស្មើភាពគ្នា។ លោកបន្តថា អាល់ហ្សេរី និងបារាំង ធ្លាប់បានហែលឆ្លងអតីតកាលជូរចត់នឹងគ្នា ក៏ប៉ុន្តែចាប់ពីពេលនេះ ប្រទេសទាំងពីរ ត្រូវបិទទំព័រប្រវត្តិសាស្ត្រនេះ កុំឲ្យវាមករំខាន ក្នុងការចាប់ដៃគ្នាកសាងអនាគត។ ក្រោមសំលេងហ៊ោរកងរំពងស្វាគមន៍ តាមផ្លូវក្នុងក្រុងអាល់ហ្សេ លោកម៉ាក្រុង បាននិយាយទៅកាន់យុវជនអាល់ហ្សេរីម្នាក់ថា លោកចង់ឲ្យយុវជនអាល់ហ្សេរី បានរីកចំរើន កសាងសមត្ថភាព និងអនាគត ដោយមានបារាំងចាំជួយជានិច្ច។

លោកប្រធានធិបតីវ័យក្មេង ម៉ាក្រុង បានទទួលស្គាល់ថា ទោះបីលោកកើតក្រោយសង្រ្គាមអាល់ហ្សេរី ក៏ពិតមែន តែលោកទទួលស្គាល់ប្រវត្តិសាស្ត្រជានិច្ច។ តែយ៉ាងណាលោក មិនចង់ជាប់អន្ទាក់អតីតកាលនេះ ធ្វើឲ្យងងឹត មិនអាចសំឡឹងមើលទៅអនាគតបានទេ។

សូមរំលឹកថា អាល់ហ្សេរី ធ្លាប់ស្ថិតនៅក្រោមអាណានិគមបារាំង រយៈពេល១៣០ឆ្នាំ ពីឆ្នាំ១៨៣០ ដល់ឆ្នាំ១៩៦២។ សង្រ្គាមដណ្តើមឯករាជ្យនៅទសវត្សឆ្នាំ៦០ បានធ្វើឲ្យប្រជាជាតិទាំងពីរ នៅតែមានចិត្តប្រកាន់នឹងគ្នារហូតដល់បច្ចុប្បន្ន បើទោះបីជាមានការប្រឹងប្រែង បង្កើនចំណងសហប្រតិបត្តិការ យ៉ាងណាក៏ដោយ។ បច្ចុប្បន្ននេះ បារាំង គឺជាអ្នកបោះទុនវិនិយោគ និងបង្កើតការងារនៅអាល់ហ្សេរី ច្រើនជាងគេ។

សម្រាប់បារាំង អាល់ហ្សេរី គឺជាស្ពានចំលង បារាំង ពីតំបន់ម៉េឌីទែរ៉ាណេ ទៅកាន់ទ្វីបអាហ្វ្រិក ភាគកណ្តាលនិងភាគខាងត្បូង។ ជាងនេះទៅទៀត បារាំង ត្រូវការវត្តមានរបស់អាល់ហ្សេរី ដើម្បីជួយ ក្នុងប្រតិបត្តិការរក្សាសន្តិភាព នៅតំបន់សាហែល នៅភាគខាងជើងម៉ាលី។ អាល់ហ្សេរី មានឥទ្ធិពល និងតួនាទីចាំបាច់ ក្នុងការកសាងសន្តិភាព ស្ថិរភាព នៃតំបន់សាហារ៉ាទាំងមូល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ