អ៊ុយក្រែនដាក់ទិសចូលជាសមាជិកបក្សសម្ព័ន្ធអូតង់
អ៊ុយក្រែននឹងចាប់ផ្តើមពិភាក្សាជាមួយអូតង់ ផែនការសកម្មភាពដែលនឹងអនុញ្ញាតឲ្យខ្លួន ចូលជាសមាជិកនៃអង្គការការពារនេះ ហើយប្តេជ្ញាធ្វើកំណែទម្រង់ លុះទាល់តែក្នុង៣ឆ្នាំទៀត ទៅទល់ឆ្នាំ២០២០ ឆ្លើយឲ្យបានស្របនឹងបទដ្ឋានរបស់បក្សសម្ព័ន្ធអាត្លង់ទិកខាងជើង - សេចក្តីនេះ ប្រកាសថ្ងៃចន្ទ ទី១០កក្កដា ដោយលោកប្រធានាធិបតីអ៊ុយក្រែន ប៉េត្រូ ប៉ូរ៉ូឆេនកូ។
ចុះផ្សាយនៅថ្ងៃ៖
សេចក្តីថ្លែងការណ៍ខាងលើ ត្រូវបានលោកប្រមុខរដ្ឋអ៊ុយក្រែន ប៉េត្រូ ប៉ូរ៉ូឆេនកូ ធ្វើនៅក្រុងគៀវ ពេលជួបជាមួយលោកអគ្គលេខាធិការអូតង់ Jens Stoltenberg ក្នុងក្របខ័ណ្ឌ សម័យប្រជុំឧទ្ទិសដល់ខួប២០ឆ្នាំ នៃសហប្រតិបត្តិការរវាងអ៊ុយក្រែននិងអូតង់។
លោក Stoltenberg ពីចំណែកគាត់ បានថ្លែងសាទរ ចំពោះកំណែទម្រង់នៅអ៊ុយក្រែន ដែលជាជំហានបង្ខិត ប្រទេសនេះ ទៅកាន់តែជិតនឹងអូតង់។ គាត់លំអិតថា អូតង់បានផ្តល់ដល់អ៊ុយក្រែន បរិក្ខារថ្មីៗ ដែលនឹងជួយប្រទេសនេះ ឲ្យវែកមុខរកឃើញពួកដែលប្រព្រឹត្តការវាយប្រហារ Cyberattaque ប៉ះលើអ៊ុយក្រែន និងប្រទេសឯទៀត ក្នុងខែមិថុនាកន្លងទៅ។
ថ្លែងទៅពួកអ្នកកាសែត លោកប្រធានាធិបតី ប៉ូរ៉ូឆេនកូ ប្រកាសជាអាទ៏៖ អ៊ុយក្រែន បានកំណត់យ៉ាងច្បាស់លាស់ អនាគតនយោបាយខ្លួន និងអនាគតខ្លួនក្នុងវិស័យសន្តិសុខ។ គាត់លើកឡើងតមកទៀត ៖ ឥឡូវ យើងបានបង្ហាញឲ្យឃើញយ៉ាងច្បាស់ថា យើងចង់ចាប់ផ្តើមការពិភាក្សាអំពីកម្មវិធីដើម្បីឲ្យអ៊ុយក្រែនបានចូលក្នុងបក្សអូតង់ ហើយសំណើយើងដើម្បីធ្វើការពិភាក្សានេះ បានត្រូវទទួលយកដោយសោមនស្ស។
ជាប់ក្នុងជម្លោះជាមួយរុស្ស៊ី ដែលគាំទ្រដល់តំបន់បះបោរប៉ែកខាងកើតអ៊ុយក្រែន អ៊ុយក្រែន ក្នុងខែមិថុនា បានអនុម័តច្បាប់លើកជាអាទិភាពនៃនយោបាយក្រៅប្រទេស គឺចូលជាសមាជិកអូតង់។ អូតង់ពីចំណែកខ្លួន ក្នុងឆ្នាំ២០០៨ បានយល់ព្រមថា អ៊ុយក្រែន ក្នុងថ្ងៃណាមួយ នឹងក្លាយជាសមាជិកបក្សសម្ព័ន្ធនេះ។ រីឯអ៊ុយក្រែន ធ្លាប់បានផ្តល់ទៅអូតង់នូវអង្គភាពទ័ពខ្លួន សម្រាប់ប្រតិបត្តិការ ជាអាទ៏នៅអាហ្វហ្កានីស្ថាន។
ផែនការផ្លូវការសម្រាប់អ៊ុយក្រែនចូលជាសមាជិកអូតង់ តម្រូវឲ្យប្រទេសនេះ ឡើងដល់កម្រិតជាក់លាក់ខាងធ្វើកំណែទម្រង់នយោបាយ សេដ្ឋកិច្ច និង ក្នុងវិស័យការពារប្រទេស។ មួយឆ្នាំម្តង អ៊ុយក្រែនត្រូវរាយការណ៍ទៅអូតង់ អំពីលទ្ធផលនៃកំណែទម្រង់នេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ