អានតួអត្ថបទ
អឺរ៉ុប-អាហ្រ្វិក

អឺរ៉ុប និង​អាហ្វ្រិក​សម្រេច​បាន​កិច្ចព្រមព្រៀង​ដើម្បី បំបាត់​ទាសភាព​នៅ​លីប៊ី

ថ្នាក់ដឹកនាំ​របស់​ប្រទេស​អឺរ៉ុប និង​អាហ្វ្រិក​ចំនួន ៩ បាន​រកឃើញ​កិច្ចព្រមព្រៀង​អន្តរជាតិ​មួយ ដើម្បី​ដោះស្រាយ​វិបត្តិ​ទាសភាព នៅ​ប្រទេស​លីប៊ី។ យោងតាម​ប្រសាសន៍​របស់​ប្រធានាធិបតី បារាំង លោក​អេម៉ានុយអែល ម៉ាក្រុង ដែល​បាន​ចូលរួម នៅក្នុង​ជំនួប​កំពូល​អឺរ៉ុប និង​អាហ្វ្រិក លើកទី ៥ នៅទីក្រុង​អាប៊ីហ្សង់ សហភាព​អឺរ៉ុប សហភាព​អាហ្រ្វិក និង​អង្គការ​សហប្រជាជាតិ បាន​សម្រេច​ព្រមព្រៀង​គ្នា​ថា នឹងរៀបចំ​បេសកកម្ម មួយ នៅប៉ុន្មាន​ថ្ងៃ​ខាងមុខ ដើម្បី រំដោះ ជម្លៀស ជនអន្តោប្រវេសន៍ ដែល​កំពុង​ធ្លាក់ខ្លួន ធ្វើ​ជា​ទាសករ នៅ​ក្នុង​ប្រទេស​លីប៊ី។

ប្រធានាធិបតីបារាំង​ផ្តល់​បទសម្ភាសន៍​ផ្តាច់មុខ​ឲ្យ​វិទ្យុ​RFI និង​ទូរទស្សន៍​France 24
ប្រធានាធិបតីបារាំង​ផ្តល់​បទសម្ភាសន៍​ផ្តាច់មុខ​ឲ្យ​វិទ្យុ​RFI និង​ទូរទស្សន៍​France 24 ©RFI
ផ្សាយពាណិជ្ជកម្ម

បិទបញ្ចប់​ការជួញដូរ​ទាសករ នៅ​លីប៊ី នេះ​ជា​វិធានការ​បន្ទាន់ ដែល​សហភាព​អឺរ៉ុប និង​សហភាពអាហ្វ្រិក​បាន​យល់ព្រមព្រៀង ធ្វើ​រួមគ្នា នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ។ នៅក្នុង​សន្និសីទ​កាសែត នៅថ្ងៃ​ម្សិលមិញ ប្រធានាធិបតី​បារាំង ដែល​ជាអ្នកផ្តួចផ្តើម​គំនិត​ឲ្យ​មាន​កិច្ចប្រជុំ​ពិសេស​ស្តីពី​ទាសភាព នៅ​លីប៊ី បាន​លើកឡើង​ថា ប្រទេស​នៅអឺរ៉ុប និង​អាហ្វ្រិក​ចំនួន ៩ បាន​សម្រេច​ថា នឹង​បើក​ប្រតិបត្តិការ​បន្ទាន់​មួយ នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ ដើម្បី ជម្លៀស​ចេញ ជនអន្តោប្រវេសន៍ ដែល​កំពុង​ជាប់​អន្ទាក់ ធ្លាក់​ខ្លួន​ធ្វើ​ជា​ទាសករ នៅក្នុង​ទឹកដី​លីប៊ី។

យោងតាម​ប្រធានាធិបតី​បារាំង រដ្ឋាភិបាល​លីប៊ី​បាន​យល់ព្រម​សហការ ដើម្បី កំណត់​ឈ្មោះ ជំរំ ជាទី ដែល​ជនអន្តោប្រវេសន៍ ត្រូវ​បាន​ឈ្មួញទុច្ចរិត បោកបញ្ឆោត និងលក់ដូរ ក្នុង​ទីផ្សារ​ទាសករ។ រូបភាព​វីដេអូ​ដែល​បង្ហាញ​ពី​ផ្សារ​ទិញលក់ ទាសករ នា​សតវត្សរ៍ ទី ២១ នៅក្នុង​ទឹកដី​លីប៊ី បាន​បង្ក​ឲ្យ​មាន​រលក​រិះគន់ខ្លាំង ពី​សហគម​អន្តរជាតិ។ តាម​លោក​ប្រធានាធិបតី បារាំង សហភាពអឺរ៉ុប និង​អាហ្រ្វិក នឹង​ពង្រឹង​ការសហការ ក្នុង​ផ្នែក​សន្តិសុខ និង​ព័ត៌មាន​សម្ងាត់ ដើម្បី គាស់រំលើង​បណ្តាញ​ជួញដូរ​ទាសករ នៅ​លីប៊ី។ ក្រៅតែ​ពី​ចាប់ខ្លួន និង​រឹបអូស​ទ្រព្យសម្បត្តិ​របស់​ឈ្មួញជួញដូរ​មនុស្ស វិធានការ​បន្ទាប់មកទៀត គឺ​ធ្វើ​យុទ្ធនាការ​ឃោសនា​ផ្សព្វផ្សាយ ដើម្បី កុំ​ឲ្យ​យុវជន​អាហ្រ្វិក អាច​ធ្លាក់​ខ្លួន ក្នុង​អន្ទាក់​ទាសភាព​របស់ឈ្មួញ​ទុច្ចរិត។

មួយវិញទៀត ទៅតាម​កិច្ចព្រមព្រៀង នៅ​ថ្ងៃ​ម្សិលមិញ នៅ​ក្រុង​អាប៊ីហ្សង់ ប្រទេស​កូតឌីវ័រ សហភាពអឺរ៉ុប អាហ្វ្រិក និង​អង្គការ​សហប្រជាជាតិ នឹង​គាំទ្រ សកម្មភាព​របស់​អង្គការ​អន្តោប្រវេសន៍​អន្តរជាតិ IOM​ដែល​ធ្វើការ​ទៅលើ​ការវិលត្រឡប់​របស់​ជនអន្តោប្រវេសន៍ អាហ្វ្រិក ទៅក្នុង​ប្រទេស​កំណើត។ នៅ​ក្នុង​ពិធី​បើក​សម្ពោធ​ជំនួបកំពូល​អឺរ៉ុប អាហ្វ្រិក ប្រធានាធិបតី​ម្ចាស់ផ្ទះ​របស់​ប្រទេស​កូតឌីវ័រ បាន​អំពាវនាវ​កុំ​ឲ្យ​យុវជន​អាហ្វ្រិក ចាញ់​ពាក្យ​ឃោសនា និង​ផ្សងព្រេង​ប្រថុយ​ជីវិត ដើម្បី ធ្វើ​ដំណើរ​មក​អឺរ៉ុប។ គេ​វាយតម្លៃ​ថា ៦០ភាគរយ​នៃ​ប្រជាជន​អាហ្វ្រិក មាន​អាយុ​ក្រោម ២៥​ឆ្នាំ។ ដោយសារ​តែ​ភាពក្រីក្រ គ្មាន​ការងារ​ធ្វើ ពួកគេ​ជាច្រើន​សែននាក់ បាន​ប្រថុយ​គ្រោះថ្នាក់ ឆ្លងកាត់​ប្រទេស​លីប៊ី ដើម្បី ចង់​ធ្វើ​អន្តោប្រវេសន៍ ចូល​ទឹកដី​អឺរ៉ុប៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ