ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 22/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 22/11 12h00 GMT
អឺរ៉ុប

លោកពូទីនថា រុស្ស៊ីនឹងចាប់ដៃជាមួយអារ៉ាប៊ីសាអូឌីតដើម្បីរក្សាស្ថិរភាពប្រេងនៅលើទីផ្សារក្នុងលោក

media  
ប្រធានាធិបតី​រុស្ស៊ី​លោកពូទីន @AFP

ប្រធានាធិបតី​រុស្ស៊ី​លោក​ពូទីន​ផ្តើម​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​អារ៉ាប៊ីសាអូឌីត​នា​ថ្ងៃ​ចន្ទ ទី១៤ តុលា។ ថ្លែង​ក្នុង​ថ្ងៃ​អាទិត្យ ទី១៣ តុលា។ លោក​ពូទីន​បាន​ធានា​ពី​ការ​ប្តេជ្ញាចិត្ត​របស់​រុស្ស៊ី​ដើម្បី​រួម​សហការណ៍​ជាមួយ​អារ៉ាប៊ីសាអូឌីត​ក្នុង​ការ​រក្សា​ស្ថិរភាព​ប្រេង​នៅ​លើ​ទីផ្សារ​ក្នុង​លោក។ ការ​ថ្លែង​របស់​លោក​ពូទីន​បាន​ធ្វើ​ឡើង ខណៈ​ដែល​ភាព​តានតឹង​កំពុង​ឡើង​ខ្លាំង​នៅ​ក្នុង​តំបន់​ឈូងសមុទ្រពែក្ស ក្រោយ​ពី​មាន​ការ​វាយប្រហារ​លើ​ស្ថានីយ៍ប្រេង​របស់​អារ៉ាប៊ីសាអូឌីត​ក្នុង​ខែ​កញ្ញា និង​ការ​ចាប់​ឃាត់​កប៉ាល់ដឹកប្រេង។ ទន្ទឹម​គ្នា​នេះ លោក​ពូទីន​ក៏​បាន​យល់​ឃើញ​ថា រុស្ស៊ី​ដែល​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​គ្រប់​ប្រទេស​អារ៉ាប់​ក្នុង​តំបន់​អាច​ដើរ​តួនាទី​សម្រុះសម្រួល​រវាង​អារ៉ាប៊ីសាអូឌីត និង​ប្រទេស​អ៊ីរ៉ង់។

ប្រធានាធិបតី​រុស្ស៊ី​លោក​ពូទីន​បាន​ថ្លែង​យ៉ាង​ដូច​នេះ​នៅ​ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​កាណាល់ទូរទស្សន៍​អារ៉ាប់​ក្នុង​ថ្ងៃ​អាទិត្យ ទី១៣ តុលា ពោល​មួយ​ថ្ងៃ​មុន​លោក​ដាក់​ជើង​ជាន់​ទឹកដី​អារ៉ាប៊ីសាអូឌីត។ « បើ​នរណា​ម្នាក់​គិត​ថា ទង្វើ​ចាប់​ឃាត់​កប៉ាល់​ដឹកប្រេង​នៅ​ក្នុង​តំបន់​ឈូងសមុទ្រ​ពែក្ស ឬ​មួយ​ក៏​ការ​វាយប្រហារ​លើ​ស្ថានីយ៍ប្រេង​នឹង​អាច​ប៉ះពាល់​ដល់​កិច្ចសហប្រតិបត្តិការ​រវាង​រុស្ស៊ី និង​ក្រុម​មិត្តអារ៉ាប់​របស់​យើង​នោះ ពួក​គេ​ពិត​ជា​យល់​ច្រឡំ​ធំ​ណាស់ » នេះ​ជា​សម្តី​របស់​លោក​ពូទីន​ដោយ​មិន​បាន​និយាយ​ចំ​ឈ្មោះ​ប្រទេស​ណា​មួយ​ទេ។ មនុស្សខ្លាំង​រុស្ស៊ី​រូប​នេះ​ដដែល​បាន​បញ្ជាក់​ថា រុស្ស៊ី​នឹង​រួម​សហការណ៍​ជាមួយ​អារ៉ាប៊ីសាអូឌីត ប្រទេស​ដៃគូ​ផ្សេង​ទៀត និង​ក្រុមប្រទេស​មិត្ត​ក្នុង​ពិភពលោក​អារ៉ាប់​ដើម្បី​ប្រឆាំង​ទប់​នឹង​ការ​ប៉ុនប៉ង​បង្ក​ឲ្យ​មាន​អស្ថិរភាព​ប្រេង​នៅ​លើ​ទីផ្សារ​ក្នុង​លោក។

គួរ​រម្លឹក​ថា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ រុស្ស៊ី​ដែល​ជា​ប្រទេស​ផលិតប្រេង​លំដាប់​ទី៣ ក្នុង​លោក និង​មិនមែន​ជា​សមាជិក​ក្នុង​ក្រុមប្រទេស​នាំ​ប្រេង​ចេញ​ហៅ​កាត់ Opep បាន​សហការណ៍​យ៉ាង​ស្អិត​ជាមួយ Opep ដើម្បី​កម្រិត​ការ​ផ្គង់ផ្គត់​ប្រេង​ក្នុង​លោក។ គោលដៅ គឺ​ជំរុញ​តម្លៃ​ប្រេង​ឲ្យ​ឡើង​ខ្ពស់​វិញ បន្ទាប់​ពី​បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក​កាល​ពី​ឆ្នាំ ២០១៤ ២០១៥។ « កម្មវត្ថុ​របស់​យើង គឺ​រក្សា​ស្ថានភាព​ប្រេង និង​តម្លៃ​របស់​វា​នៅ​ក្នុង​លោក » នេះ​ជា​ការ​បញ្ជាក់​ជា​ថ្មី​របស់​លោក​ពូទីន។ បន្ទាប់​មក លោក​ពូទីន​បាន​និយាយ​ពី​ករណី​វាយប្រហារ​លើ​ស្ថានីយ៍ប្រេង​អារ៉ាប៊ីសាអូឌីត​កាល​ពី​ពាក់កណ្តាល​ខែ​កញ្ញា​ដែល​អារ៉ាប៊ីសាអូឌីត រួម​ទាំង​អាមេរិក និង​ប្រទេស​អឺរ៉ុប​ខ្លះ​បាន​ទម្លាក់​កំហុស​ដាក់​ប្រទេស​អ៊ីរ៉ង់ ហើយ​ដែល​អ៊ីរ៉ង់​បន្ត​បដិសេធ។

ត្រង់​ចំណុច​នេះ​ត្រូវ​បាន​លោក​ពូទីន​បញ្ជាក់​ថា លោក​ធ្លាប់​បាន​និយាយ​ជាមួយ​រាជទាយាទ​អារ៉ាប៊ីសាអូឌីត​បេន សាលម៉ាន​ដោយ​ប្រាប់​ព្រះអង្គ​ពី​ភាព​ចាំ​បាច់​ដែល​គេ​ត្រូវ​បង្ហាញ​ភស្តុតាង​ច្បាស់លាស់ និង​ថា រុស្ស៊ី​បាន​ត្រៀម​ខ្លួន​ដើម្បី​ចូលរួម​នៅ​ក្នុង​ការ​ស៊ើបអង្កេត។ លោក​ពូទីន​បាន​យល់​ឃើញ​ថា រុស្ស៊ី​ដែល​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​គ្រប់​ប្រទេស​នៅ​ក្នុង​តំបន់ មិន​ថា​ជាមួយ​អារ៉ាប៊ីសាអូឌីត ឬ​អ៊ីរ៉ង់​អាច​នឹង​ដើរ​តួនាទី​ដើម្បី​កាត់​បន្ថយ​ភាព​តានតឹង​រវាង​ទីក្រុង​រីយ៉ាដ និង​ទីក្រុង​តេហេរ៉ង់។ ដោយ​មិន​ភ្លេច​កាន់​ជើង​អ៊ីរ៉ង់ លោក​ពូទីន​បាន​អះអាង​ថា ប្រទេស​មហាអំណាច​មួយ​នៅ​ក្នុង​តំបន់​តាំង​ពី​ច្រើន​សតវត្ស​ដូច​អ៊ីរ៉ង់​មិន​អាច​គ្មាន​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ទេ ហើយ​គេ​ត្រូវ​តែ​គោរព៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ