អានតួអត្ថបទ
រុស្ស៊ី

ទីក្រុង​ម៉ូស្គូ​សាទរ​ចំពោះ​ការ​ស្តារ​ឡើងវិញ​ទំនាក់ទំនង​ការទូត​អាមេរិក-​គុយបា

ម៉ូស្គូ ​ចាត់ទុក​ជា​វិជ្ជមាន ​និង​ជា ​ជំហាន​ឈាន​តាម​ផ្លូវ​ត្រូវ ​សេចក្តី​ថ្លែង​ការណ៍ ក្រុង​វ៉ាស៊ីនតោន ​ស្តី​អំពី​ការ​ស្តារ​ឡើងវិញ ​ទំនាក់ទំនង​ការទូត ​ជាមួយ​គុយបា​។​ មតិនេះ ​សំដែង ព្រឹកមិញ ​ដោយ​លោក​អនុរដ្ឋ​មន្ត្រី​ការបរទេស​រុស្ស៊ី ​Serguei Riabkov ​ទាំង​ឆ្លៀត​កត់​សម្គាល់​ថា ​ទណ្ឌកម្ម​ជា​ឯកតោ​ភាគី ​ពីខាង​អាមេរិក​ ដាក់​ទល់​នឹង​ប្រទេស​ណា​ក៏ដោយ ​គឺ​គ្មាន ​មូលដ្ឋាន ​ស្រប​ច្បាប់​ឡើយ។

បដា​រូបភាព​​ជំនាន់​ឆ្នាំ​​១៩៦០​ មាន រូប​លោក ហ្វ៊ីឌែល កាស្រ្តូ ចាប់​ដៃ​គ្នា​​ជាមួយ​លោក ក្រូចឆេវ សរសេរ​ថា "ជយោ មិត្តភាព​អមតៈ ​ម៉ឹន​ឆ្នាំ​ រវាង​ប្រជាជាតិ​សូវៀត និង​ គុយបា"
បដា​រូបភាព​​ជំនាន់​ឆ្នាំ​​១៩៦០​ មាន រូប​លោក ហ្វ៊ីឌែល កាស្រ្តូ ចាប់​ដៃ​គ្នា​​ជាមួយ​លោក ក្រូចឆេវ សរសេរ​ថា "ជយោ មិត្តភាព​អមតៈ ​ម៉ឹន​ឆ្នាំ​ រវាង​ប្រជាជាតិ​សូវៀត និង​ គុយបា"
ផ្សាយពាណិជ្ជកម្ម

លោក​អនុរដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី Serguei Riabkov  ក្នុង​សេចក្តី​ថ្លែងការណ៍​ ទាក់ទង ​នឹង​ការ​ស្តារ​ឡើងវិញ​ ទំនាក់ទំនង​ការទូត ​រវាង​ក្រុង វ៉ាស៊ីនតោន និង ឡាហាវ៉ាន ​ ក៏​ចង្អុល​ឲ្យ ឃើញ​ថា រៀងរាល់​តែ​លើក ពី​លើ​វេទិកា​ជាន់​ថ្នាក់​ខ្ពស់ៗ ​រុស្ស៊ី​ តែង​បាន​ចេញ​មុខ​ថ្លែង ​យ៉ាង​ខ្ជាប់ខ្ជួន ​ដើម្បី​ឲ្យ សហរដ្ឋអាមេរិក​ លុប​ទៅវិញ​ទៅ​​ ទណ្ឌកម្ម​ប្រឆាំង​ គុយបា ​ពីព្រោះ​នយោបាយ​ទណ្ឌកម្ម ​គឺវា​រីងរៃ​ ​អស់​ខ្លឹមសារ​ទៅ​ហើយ។

 
តាម​មតិ​អ្នក​ការទូត​រុស្ស៊ី ​បើ​ការ​ស្តារ​ឡើង​វិញ ​ទំនាក់ទំនង​គុយបា-​អាមេរិក ​កើត​មាន​មែន នោះ ​គឺ​មុខ​ជា​នឹង​ជម្រុញ​ដល់​ការ​សំអាត​ស្ថានការណ៍​ជា​ទូទៅ ​ជុំវិញ​គុយបា។ ខណៈ​នោះ សម្រាប់​ម៉ូស្គូ ​គឺ​ជា​កាលៈទេសៈ​វិជ្ជមាន​មែន។

ចំណែក ​នាយកដ្ឋាន​ព័ត៏មាន​នៃ​ក្រសួង​ការបរទេស​រុស្ស៊ី ក្នុង​សេចក្តី​ថ្លែងការណ៍​ខ្លួន លើក​ឡើង ​ជាអាទិ៍​ថា​ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍ គឺ​ថា សូម្បី​តែ​លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា​ខ្លួនឯង​ផ្ទាល់ ក៏​បាន​សារភាព​ទទួល​ស្គាល់​ដែរ​ថា ​ការ​ប៉ុនប៉ង​អស់​ជាច្រើន​ឆ្នាំ ​បង្ខាំង គុយបា ឲ្យ​នៅ​ឯកោ ​គឺ​មិន​បាន​ហុច​ជា​លទ្ធផល​អ្វី​ណា​ទេ។ ដូច្នេះ ​គេ​អាច​សង្ឃឹម​ថា ទីក្រុង​វ៉ាស៊ីនតោន ​មុខ​ជា​នឹង​យល់​ដឹង​ក្នុង​ចិត្ត ​ពុំ​ខាន ​អំពី​អប្រសិទ្ធិភាព ​នៃ​សម្ពាធ​បែប​នេះ តាម​ផ្លូវ​ដាក់​ទណ្ឌកម្ម ​ទល់​នឹង​ប្រទេស​ឯទៀត។

ពាក់ព័ន្ធ​នឹង ​ការ​ស្តារ​ឡើងវិញ​នូវ ទំនាក់ទំនង​ការទូត​អាមេរិក-គុយបា ឧបនាយក​រដ្ឋមន្ត្រី​រុស្ស៊ី ​ទទួល​បន្ទុក​ខាង​ឧស្សាហកម្ម​យោធា ​លោក ​Dmitri Rogozin ​ដែល​ក្នុង​ពេល​ជាមួយ​គ្នា ក៏​ជា​ប្រធាន​នៃគណៈកម្មការ​អន្តររដ្ឋាភិបាល​រុស្ស៊ី-គុយបា ​ខាង​សហប្រតិបត្តិការ វិទ្យាសាស្ត្រ-​បច្ចេកទេស បាន​ថ្លែង​ដៀមដាម​ថា ​ចាប់​ពី​អំណេះ​តទៅ​ សហរដ្ឋ​អាមេរិក​ នឹង​ឱបរឹត​គុយបា​ផង ​ច្របាច់​ក​គុយបា​ផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ