ទីភ្នាក់ងារថាមពលបរិមាណូអន្តរជាតិកត់សម្គាល់ពីភាពចម្រើននៅក្នុងកិច្ចសហប្រតិបត្តិការជាមួយអ៊ីរ៉ង់
ទីភ្នាក់ងារថាមពលបរិមាណូអន្តរជាតិហៅកាត់ជាភាសាបារាំង AIEA បានយល់ឃើញនាថ្ងៃសុក្រ ទី៤ តុលាថា អ៊ីរ៉ង់បានបោះជំហានទៅមុខលើផ្លូវត្រូវដោយបានរួមសហការណ៍ជាមួយ AIEA ស្តីពីកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។ តែនេះមិនមែនមានន័យថា បញ្ហាទាំងអស់ត្រូវបានដោះស្រាយចប់សព្វគ្រប់នោះទេ នេះជាការបន្ថែមរបស់ AIEA។ គួររម្លឹកថា បេសកកម្មរបស់ AIEA នៅអ៊ីរ៉ង់មានពីរចំណុច ទី១ ផ្ទៀតផ្ទាត់មើលថាតើអ៊ីរ៉ង់បានគោរពត្រឹមត្រូវលើសន្ធិសញ្ញាមិនសាយភាយអាវុធនុយក្លេអ៊ែរឬអត់ និងទី២ ផ្ទៀតផ្ទាត់មើលថាតើអ៊ីរ៉ង់បានគោរពត្រឹមត្រូវលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ឬអត់។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:៣២
កំណត់សម្គាល់របស់ AIEA បានធ្វើឡើងដោយនាយកស្តីទី AIEA លោកក័រនែល ហ្វេរូតានៅចំពោះក្រុមអ្នកកាសែតក្នុងទីក្រុងវីយែន ប្រទេសអូទ្រីស។ លោកហ្វេរូតាបានគូសបញ្ជាក់ពីការចូលរួមរបស់អ៊ីរ៉ង់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ បន្ទាប់ពីលោកបានជួបពិភាក្សាជាមួយក្រុមអ្នកជំនាញ AIEA ទទួលបន្ទុកត្រួតពិនិត្យលើសកម្មភាពរបស់អ៊ីរ៉ង់។ តាមលោកហ្វេរូតា នេះពិតជាឆន្ទៈល្អរបស់អ៊ីរ៉ង់ តែនេះគ្រាន់ជាការបោះមួយជំហានលើផ្លូវត្រូវប៉ុណ្ណោះ ពោលមិនមែនមានន័យថា បញ្ហាទាំងអស់ត្រូវបានដោះស្រាយទាំងស្រុងនោះ។
គួររម្លឹកថា AIEA មានបេសកកម្មចំនួនពីរនៅអ៊ីរ៉ង់ ទី១ ផ្ទៀតផ្ទាត់ពីការគោរពរបស់អ៊ីរ៉ង់លើសន្ធិសញ្ញាមិនសាយភាយអាវុធនុយក្លេអ៊ែរដែលទីក្រុងតេហេរ៉ង់បានចុះហត្ថលេខា និងទី២ ផ្ទៀងផ្ទាត់ពីការគោរពរបស់អ៊ីរ៉ង់លើកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ ២០១៥ ដែលទីក្រុងតេហេរ៉ង់បានចុះហត្ថលេខាជាមួយក្រុមប្រទេសមហាអំណាច។ នាយកស្តីទី AIEA លោកហ្វេរូតាបានបន្ថែមថា គឺទាក់ទងនឹងសន្ធិសញ្ញាមិនសាយភាយអាវុធនុយក្លេអ៊ែរដែល AIEA និងអ៊ីរ៉ង់កំពុងជជែកគ្នាយ៉ាងស៊ីជម្រៅ។ តែលោកហ្វេរូតាមិនបានលំអិតពីចំណុចដែលក្រុមអ្នកជំនាញ AIEA បានលើកយកទៅជជែកជាមួយអ៊ីរ៉ង់ទេ។
បើតាមប្រភពការទូតក្នុងទីក្រុងវីយែន AIEA កំពុងរង់ចាំព័ត៌មានបន្ថែមទាក់ទងនឹងការត្រួតពិនិត្យរបស់ក្រុមអធិការនៅកន្លែងស្តុកមួយស្ថិតក្បែរទីក្រុងតេហេរ៉ង់។ គឺនៅកន្លែងស្តុកនោះឯងដែលកាលពីឆ្នាំ ២០១៨ នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោកនេតាន់យ៉ាហ៊ូបានចោទអ៊ីរ៉ង់ពីបទធ្វើសកម្មភាពនុយក្លេអ៊ែរដោយលួចលាក់។ កាលពីពាក់កណ្តាលខែកញ្ញា រូបនាយកស្តីទី AIEA ដដែលបានព្រមានឲ្យអ៊ីរ៉ង់ឆ្លើយនឹងចម្ងល់របស់ AIEA ហើយអឺរ៉ុបក៏បានអំពាវនាវឲ្យអ៊ីរ៉ង់រួមសហការណ៍ជាមួយ AIEA។ គួរបញ្ជាក់ថា អ៊ីរ៉ង់មានកាតព្វកិច្ចសហការណ៍ជាមួយ AIEA ទាក់ទងនឹងសន្ធិសញ្ញាមិនសាយភាយអាវុធនុយក្លេអ៊ែរក៏ដូចជាកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ ២០១៥។
តែគេមិនត្រូវភ្លេចនិយាយទេថា តាំងពីលោកដូណាល់ ត្រាំបានដកអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ ២០១៥ និងបានដាក់ទណ្ឌកម្មជាថ្មីលើអ៊ីរ៉ង់មក ទីក្រុងតេហេរ៉ង់បានឈប់គោរពកិច្ចសន្យាមួយចំនួននៅក្នុងកិច្ចព្រមព្រៀងនោះតាំងពីខែឧសភា។ ចំណែក AIEA ក៏បានកត់សម្គាល់ឃើញពីការឈប់គោរពរបស់អ៊ីរ៉ង់ដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ