អានតួអត្ថបទ
អ៊ីរ៉ង់-វ៉េណេស៊ុយអេឡា

អ៊ីរ៉ង់ និងវ៉េណេស៊ុយអេឡាចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៃកិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្តរយៈពេល ២០ឆ្នាំ

នៅ​ថ្ងៃ​សៅរ៍ ទី១១ មិថុនា ប្រទេស​អ៊ីរ៉ង់ និង​ប្រទេស​វ៉េណេស៊ុយអេឡា​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នៃ​កិច្ចសហប្រតិបត្តិការ​ជា​យុទ្ធសាស្រ្ត​លើ​វិស័យ​សំខាន់ៗ​រយៈពេល ២០ឆ្នាំ។ ពិធី​ចុះ​ហត្ថលេខា​នេះ​បាន​ធ្វើ​ឡើង​នៅ​ចំពោះ​មុខ​វត្តមាន​ប្រធានាធិបតី​អ៊ីរ៉ង់​លោក​អេប្រាហ៊ីម រ៉ៃស៊ី និង​សមភាគី​វ៉េណេស៊ុយអេឡា​លោក​នីកូឡា ម៉ាឌូរ៉ូ។ លោក​ម៉ាឌូរ៉ូ​ដែល​បាន​ទៅ​បំពេញ​ទស្សនកិច្ច​ក្នុង​ប្រទេស​អ៊ីរ៉ង់​តាំង​ពី​ថ្ងៃ​សុក្រ ទី១០ មិថុនា។ គួរ​បញ្ជាក់​ថា អ៊ីរ៉ង់ និង​វ៉េណេស៊ុយអេឡា​ជា​ប្រទេស​ជង្រុកប្រេង និង​កំពុង​ជាប់​ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​អាមេរិក​ដូច​គ្នា។

​ប្រធានាធិបតី​អ៊ីរ៉ង់​លោក​អេប្រាហ៊ីម រ៉ៃស៊ី (រូបឆ្វេង) និង​សមភាគី​វ៉េណេស៊ុយអេឡា​លោក​នីកូឡា ម៉ាឌូរ៉ូក្នុង​ប្រទេស​អ៊ីរ៉ង់​ថ្ងៃទី១១ មិថុនា ២០២២។
​ប្រធានាធិបតី​អ៊ីរ៉ង់​លោក​អេប្រាហ៊ីម រ៉ៃស៊ី (រូបឆ្វេង) និង​សមភាគី​វ៉េណេស៊ុយអេឡា​លោក​នីកូឡា ម៉ាឌូរ៉ូក្នុង​ប្រទេស​អ៊ីរ៉ង់​ថ្ងៃទី១១ មិថុនា ២០២២។ AP - Vahid Salemi
ផ្សាយពាណិជ្ជកម្ម

កិច្ចព្រមព្រៀង​នៃ​កិច្ចសហប្រតិបត្តិការ​ជា​យុទ្ធសាស្រ្ត​រយៈពេល ២០ឆ្នាំ​រវាង​អ៊ីរ៉ង់ និង​វ៉េណេស៊ុយអេឡា​ផ្តោត​លើ​វិស័យ​នយោបាយ វិស័យ​ការពារ វិស័យ​សេដ្ឋកិច្ច វិស័យ​ធនាគារ វិស័យ​ថាមពល វិស័យ​ប្រេង វិស័យ​ឧស្ម័ន វិស័យ​ផលិតផល​គីមីប្រេង និង​វិស័យ​ទេសចរណ៍។ « ការ​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នៃ​សហប្រតិបត្តិការ​ជា​យុទ្ធសាស្ត្រ​រយៈពេល​២០ឆ្នាំ​បង្ហាញ​ពី​ការ​ប្តេជ្ញាចិត្ត​របស់​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​ក្នុង​ការ​អភិវឌ្ឍន៍​ទំនាក់ទំនង​ទ្វេភាគី​នៅ​លើ​​គ្រប់​វិស័យ » នេះ​ជា​ការ​ថ្លែង​របស់​ប្រធានាធិបតី​អ៊ីរ៉ង់​លោក​អេប្រាហ៊ីម រ៉ៃស៊ី​ដែល​អង្គុយ​ក្បែរ​ប្រធានាធិបតី​វ៉េណេស៊ុយអេឡា​លោក​នីកូឡា ម៉ាឌូរ៉ូ។

លោក​ម៉ាឌូរ៉ូ​ដែល​បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​អ៊ីរ៉ង់​តាំង​ពី​ថ្ងៃ​សុក្រ ទី១០ មិថុនា​បាន​ថ្លែង​សាទរ​លើ​កិច្ចព្រមព្រៀង និង​បាន​លើក​ឡើង​ពី​មិត្តភាព​មិន​អាច​កាត់​ផ្តាច់​បាន​រវាង​អ៊ីរ៉ង់ និង​វ៉េណេស៊ុយអេឡា។ បន្ទាប់​មក លោក​ម៉ាឌូរ៉ូ​ក៏​បាន​ប្រាប់​ឲ្យ​ដឹង​ពី​គម្រោង​នៃ​កិច្ចសហប្រតិបត្តិការ​រួម​ចំនួន​ពីរ​រវាង​ប្រទេស​ទាំង​ពីរ ទី១ ការ​ផលិតផល​ចំណី​អាហារ​នៅ​វ៉េណេស៊ុយអេឡា​ដើម្បី​នាំ​ចេញ​ទៅ​អ៊ីរ៉ង់ និង​ទៅ​កាន់​តំបន់ និង ទី២ ការ​បើក​សម្ពោធ​ជើង​ហោះហើរ​ត្រង់​រវាង​ក្រុង​តេហេរ៉ង់ និង​ក្រុង​ការ៉ាកាស់​ដើម្បី​លើក​កម្ពស់​វិស័យ​ទេសចរណ៍។

គួរ​បញ្ជាក់​ថា អ៊ីរ៉ង់ និង​វ៉េណេស៊ុយអេឡា​ជា​ប្រទេស​ជង្រុកប្រេង និង​ជា​ប្រទេស​ដែល​កំពុង​ជាប់​ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​អាមេរិក​ដូច​គ្នា។ អ៊ីចឹង​ហើយ​បាន​ជា​ប្រធានាធិបតី​អ៊ីរ៉ង់​បាន​ឆ្លៀត​វាយប្រហារ​អាមេរិក​ដោយ​កោតសរសើរ​ពី​ការ​ប្តេជ្ញាចិត្ត​តស៊ូ​របស់​ប្រជាជន ថ្នាក់ដឹកនាំ និង​ប្រធានាធិបតី​វ៉េណេស៊ុយអេឡា​ក្នុង​ការ​ប្រឈម​ទប់​នឹង​ទណ្ឌកម្ម​របស់​អាមេរិក។ តាម​ពិត ប្រទេស​ជង្រុក​ប្រេង​ទាំង​ពីរ​អ៊ីរ៉ង់ វ៉េណេស៊ុយអេឡា​ធ្លាប់​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ខ្លាំង​តាំង​ពី​សម័យ​ប្រធានាធិបតី​វ៉េណេស៊ុយអេឡា​លោក​អ៊ុយហ្គោ ស្ហាវេស​ចន្លោះ​ឆ្នាំ ១៩៩៩ ២០១៣ និង​រឹតតែ​ជិតស្និទ្ធ​ថែម​ទៀត​នៅ​ក្នុង​ជំនាន់​ប្រធានាធិបតី​លោក​នីកូឡា ម៉ាឌូរ៉ូ​បច្ចុប្បន្ន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ