អានតួអត្ថបទ
ហ្កាហ្សា

ហ្កាហ្សា ៖ ក្រុមជីហាតអ៊ីស្លាមប៉ាឡេស្ទីន ​ និង​អ៊ីស្រាអែល ព្រមព្រៀង​ផ្អាក​បាញ់

បន្ទាប់​ពី​​វាយប្រហារ​យ៉ាង​សន្ធាប់​អស់រយៈ​ពេល​បីថ្ងៃពេញ លើ​តំបន់​ហ្កាហ្សា ដែល​បណ្តាល​ស្លាប់​ជីវិត​ជន​ប៉ាឡេស្ទីន​៤៤នាក់ កម្លាំង​ប្រដាប់​អាវុធ​ប៉ាឡេស្ទីន​ ជីហាត​អ៊ីស្លាម និង​ភាគី​អ៊ីស្រាអែល បាន​ព្រមព្រៀង​គ្នាផ្អាក​​បាញ់។ ​ការ​ព្រមព្រៀង​ឈប់​បាញ់​ដ៏​ផុយស្រួយ ​បាន​ចូល​ជា​ធរមាន​ នៅវេលា​ម៉ោង​៨កន្លះ​ ម៉ោងសកល យប់​មិញ​ (៧សីហា២០២២)។ ច្រក​ចេញចូល​តំបន់​ហ្កាហ្សា តាម​អ៊ីស្រាអែល ​ក៏​បាន​បើក​វិញដែរ​ ដើម្បីមនុស្សធម៌។

ហ្កាហ្សា ៖ ក្រុមជីហាតអ៊ីស្លាមប៉ាឡេស្ទីន ​ និង​អ៊ីស្រាអែល ព្រមផ្អាក​បាញ់
ហ្កាហ្សា ៖ ក្រុមជីហាតអ៊ីស្លាមប៉ាឡេស្ទីន ​ និង​អ៊ីស្រាអែល ព្រមផ្អាក​បាញ់ REUTERS - IBRAHEEM ABU MUSTAFA
ផ្សាយពាណិជ្ជកម្ម

ជា​មួយ​នឹង​អំណរ និងការ​​ជំរុញ​ឱ្យភាគីបក្ស​ដិបក្ស​ប្រឹង​គោរព​បទ​ឈប់​បាញ់ ​ប្រេសិត​​អង្គការ​សហប្រជាជាតិ​ប្រចាំ​តំបន់​ដើមបូព៌ា​ លោក តូរ វេនណេសឡិន Tor Wennesland យល់​ថា​​កិច្ចព្រមព្រៀងឈប់​​បាញ់រវាង​ក្រុមជីហាតអ៊ីស្លាមប៉ាឡេស្ទីន​និង​អ៊ីស្រាអែល​​​ ​មាន​លក្ខណៈ​ផុយស្រួយ​ណាស់។

ការិយាល័យ​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល យ៉ាអៀរ ឡាពីដ បាន​អះអាង​ថា​បទ​ឈប់​បាញ់​បាន​ចូល​ជា​ធរមាន​នៅវេលា​ម៉ោង​១១កន្លះ​យប់​ម៉ោង​នៅក្នុង​ស្រុក ប៉ុន្តែអ៊ីស្រាអែល​រក្សា​សិទ្ធិ​តបតវិញ ក្នុង​ករណី​មាន​ការ​រំលោភ​កិច្ចព្រមព្រៀង។ ខាង​ក្រុមជីហាត​អ៊ីស្លាម​ប៉ាឡេស្ទីន​នៅ​ហ្កាហ្សា ក៏​បាន​បញ្ជាក់​ដូច​គ្នា​ថា​ឈប់​បាញ់ដែរ តែព្រមាន​នឹង​កាន់​អាវុធ​តតាំង​វិញ​ភ្លាម​​បើ​មាន​ការឈ្លានពាន​ថ្មី​ទៀត ពី​សំណាក់​អ៊ីស្រាអែល។    

បទ​ឈប់​បាញ់​កើត​ចេញ​ជា​រូប​រាង​ ដោយ​សារ​កិច្ច​ខិត​ខំប្រឹងប្រែង​​របស់​​អេហ្ស៊ីបមានប្រវត្តិ​​ធ្វើ​ជា​​​អន្តរការី​ក្នុង​ជម្លោះ​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន​ តាំងពីដើម​មក។ បើ​តាមប៉ាឡេស្ទីន​ កិច្ចព្រមព្រៀង​ឈប់​បាញ់​នេះ ជាលទ្ធផល​នៃ​ការ​ប្តេជ្ញាចិត្ត​របស់​អេហ្ស៊ីប​ក្នុង​ការ​​ជួយរក​សេរីភាព​ឱ្យ​សកម្មជនជាន់ខ្ពស់​​​របស់​ចលនា​ជីហាត​អ៊ីស្លាម​ពីរនាក់​ គឺ Halil Awawdesh ​​​​​ដែលធ្វើ​កូដកម្ម​​អត់អាហារ​តាំងពី​១៥០ថ្ងៃមក និង Bassem el-Saadi ដែល​អ៊ីស្រាអែល បាន​ចាប់​ខ្លួន​កាលពី​ថ្មីៗ នៅស៊ីហ្សកដានី។ ​

បទ​​ឈប់​បាញ់​ ក៏​មាន​ចែង​ផង​ដែរ អំពី​ការ​បើក​ច្រក​ផ្លូវ​ចេញ​ចូល​តំបន់​ហ្កាហ្សា​ឡើង​វិញ​ជា​ធម្មតា ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សេចក្តី​ការ​មនុស្សធម៌ ចាប់​ពី​ថ្ងៃចន្ទ​នេះ​តទៅ។ ប៉ុន្តែ​​សកម្មភាពអាច​​ត្រលប់​ទៅ​រក​ភាព​ដើម​បាន​ ដោយ​អាស្រ័យ​ទាំង​ស្រុង​ទៅលើ​កា​រវិវឌ្ឍ​នៃ​ស្ថានភាព​ និង​ប្រសិនបើ​មាន​ការ​គោរព​សន្តិសុខ។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​ព្រមាន​របស់ស្ថាប័ន​គ្រប់គ្រង​ច្រក​ព្រំដែន​នៃ​​ក្រសួងការពារ​ជាតិ​អ៊ីស្រាអែល។

សូម​រំលឹក​ថា អ៊ីស្រាអែល​បាន​បើក​ប្រតិបត្តិការ​យោធា​​លើ​តំបន់ហ្កាហ្សា នៅ​ថ្ងៃសុក្រ​ទី ៥​សីហា ប្រឆាំង​នឹង​ក្រុម​យោធាជីហាត​អ៊ីស្លាម។ ប្រតិបត្តិការ​បី​ថ្ងៃ​បានផ្តាច់​ជីវិត​​ជន​ប៉ាឡេស្ទីន សរុប​យ៉ាង​ហោច​៤៤នាក់ និង​របួស ៣៦០នាក់។ នៅ​មុន​​​បទឈប់​បាញ់​ចូល​ជា​ធរមាន អ៊ីស្រាអែល​បានបន្ត​​វាយប្រហារ​លើ​តំបន់ហ្កាហ្សា រហូត​ដល់នាទីចុងក្រោយ ដោយ​អះអាងថា​ដៅ​លើ​ទីតាំង​របស់​ពួក​យោធា​ជីហាត​អ៊ីស្លាម ដែល​បាញ់​រ៉ុកកែត​មក​លើ​ដែនដី​អ៊ីស្រាអែល​ភាគ​ខាង​ត្បូង​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ