អានតួអត្ថបទ

ចិន និងអារ៉ាប៊ីសាអូឌីតកំពុងបន្តបង្កើនកិច្ចសហប្រតិបត្តិការរវាងគ្នានៅលើគ្រប់វិស័យ

នៅ​ថ្ងៃ​អាទិត្យ ទី១១ មិថុនា​នេះ ប្រទេស​អារ៉ាប៊ីសាអូឌីត​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​សន្និសីទពាណិជ្ជកម្ម​រវាង​ចិន និង​អារ៉ាប៊ីសាអូឌីត។ មាន​អ្នក​ចូលរួម​ជាង ២ ០០០នាក់​មក​ពី ២៣ប្រទេស​នៅ​ក្នុង​សន្និសីទ​ក្រោម​ប្រធានបទ « សហការ​ដើម្បី​ភាព​រុងរឿង »។ នេះ​ជា​រូបភាព​ថ្មី​នៃ​ការ​បន្ត​បង្កើន​កិច្ចសហប្រតិបត្តិការ និង​ការ​រឹតចំណង​រវាង​ចិន និង​អារ៉ាប៊ីសាអូឌីត​នៅ​លើ​គ្រប់​វិស័យ។

ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ចិន​លោក​ស៊ី ជីនពីង (រូបឆ្វេង) ​នៅ​អារ៉ាប៊ីសាអូឌីត​កាល​ពីថ្ងៃទី៨ ​ខែ​ធ្នូ ឆ្នាំ ២០២២។
ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ចិន​លោក​ស៊ី ជីនពីង (រូបឆ្វេង) ​នៅ​អារ៉ាប៊ីសាអូឌីត​កាល​ពីថ្ងៃទី៨ ​ខែ​ធ្នូ ឆ្នាំ ២០២២។ AP - Yue Yuewei
ផ្សាយពាណិជ្ជកម្ម

នេះ​ជា​លើកទី១០ ដែល​ចិន និង​អារ៉ាប៊ីសាអូឌីត​បាន​រៀបចំ​ឲ្យ​មាន​សន្និសីទ​ពាណិជ្ជកម្ម​រវាង​គ្នា។ តែ​អារ៉ាប៊ីសាអូឌីត​ធ្លាប់​បាន​សន្យា​ថា ការ​រៀបចំ​លើកទី១០ នេះ​ជា​ការ​រៀបចំ​ដ៏​សំខាន់ និង​អស្ចារ្យ​មិន​ធ្លាប់​មាន​ពី​មុន​មក​ទេ។ មាន​ប្រធានបទ​ជា​ច្រើន​ដែល​ត្រូវ​លើក​យក​ទៅ​ជជែក​នៅ​ក្នុង​សន្និសីទ រួម​មាន​នៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា កសិកម្ម អចលនទ្រព្យ ឬ​មួយ​ក៏​នៅ​ក្នុង​វិស័យ​នវានុវត្តន៍​ជា​ដើម។ គួរ​បញ្ជាក់​ថា នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ចិន​លោក​ស៊ី ជីនពីង​នៅ​អារ៉ាប៊ីសាអូឌីត​កាល​ពី​ខែ​ធ្នូ ឆ្នាំ ២០២២ កន្លង​ទៅ លោក​ស៊ី​បាន​សន្យា​ការ​ផ្តើម​សករាជ​ថ្មី​នៅ​ក្នុង​ទំនាក់ទំនង​រវាង​ទីក្រុង​ប៉េកាំង និង​ទីក្រុង​រីយ៉ាដ។

តាំង​ពី​ពេល​នោះ​មក ចិន​បាន​រៀបចំ និង​ដើរ​តួនាទី​ជា​អាជ្ញាកណ្តាល​ឲ្យ​មាន​ការ​រំកិល​រក​គ្នា​ជា​ថ្មី​រវាង​អារ៉ាប៊ីសាអូឌីត និង​អ៊ីរ៉ង់​ដែល​ជា​សត្រូវ​ស៊ូពូជ​នឹង​គ្នា​នៅ​ក្នុង​តំបន់។ ជា​លទ្ធផល ប្រទេស​ទាំង​ពីរ​បាន​ភ្ជាប់​ទំនាក់ទំនង​ការទូត​រវាង​គ្នា​ឡើង​វិញ។ ក្នុង​ពេល​ជាមួយ​គ្នា អារ៉ាប៊ីសាអូឌីត​បាន​ចូលរួម​ជាមួយ​អង្គការ​នៃ​កិច្ចសហប្រតិបត្តិការ​ក្រុង​សៀហៃ​ដែល​ដឹកនាំ​ដោយ​ចិន។ តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា រាត្រី​ទឹកឃ្មុំ​ដែល​កំពុង​បន្ត​មាន​រវាង​ចិន និង​អារ៉ាប៊ីសាអូឌីត​នេះ​មិន​អាច​កំបាំង​មុខ​អ្នក​ផ្សេង​បាន​ឡើយ ពិសេស​គឺ​អាមេរិក​ដែល​ជា​សម្ព័ន្ធមិត្ត​ប្រវត្តិសាស្រ្ត​របស់​អារ៉ាប៊ីសាអូឌីត។

ក្នុង​សប្តាហ៍​នេះ ប្រមុខ​ការទូត​អាមេរិក​លោក​អង់តូនី ប៊្លីនកិន​បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​អារ៉ាប៊ីសាអូឌីត។ ទស្សនកិច្ច​នេះ​បាន​ធ្វើ​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ មុន​នឹង​អារ៉ាប៊ីសាអូឌីត​រៀបចំ​សន្និសីទពាណិជ្ជកម្ម​ជាមួយ​ចិន​ក្នុង​ថ្ងៃ​អាទិត្យ ទី១១ មិថុនា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ