អានតួអត្ថបទ

ប្រធានាធិបតីអ៊ីរ៉ង់ផ្តើមទស្សនកិច្ចមួយជុំទ្វីបអាមេរិកឡាទីននៅក្នុង ៣ប្រទេសជាមិត្ត

ប្រធានាធិបតី​អ៊ីរ៉ង់​លោក​អេប្រាហ៊ីម រ៉ៃស៊ី​ផ្តើម​ទស្សនកិច្ច​មួយ​ជុំ​ទ្វីបអាមេរិកឡាទីន​ចាប់​ពី​ថ្ងៃ​អាទិត្យ ទី១១ មិថុនា។ មាន ៣ប្រទេស​ជា​មិត្ត​ដែល​លោក​រ៉ៃស៊ី​បំពេញ​ទស្សនកិច្ច គឺ​វេណេស៊ុយអេឡា គុយបា និង​ប្រទេស​នីការ៉ាហ្កា។ កម្មវត្ថុ​នៃ​ទស្សនកិច្ច គឺ​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ប្រទេស​ជា​មិត្ត​ទាំង ៣ នៅ​អាមេរិកឡាទីន​ក្នុង​ការ​ប្រឈម​នឹង​សហរដ្ឋអាមេរិក​ដែល​ជា​សត្រូវ​រួម។ គួរ​បញ្ជាក់​ថា អ៊ីរ៉ង់ វេណេស៊ុយអេឡា គុយបា និង​នីការ៉ាហ្កា​ជា​ប្រទេស​ដែល​ជាប់​ទណ្ឌកម្ម​អាមេរិក​ដូច​គ្នា។

ប្រធានាធិបតី​អ៊ីរ៉ង់​លោក​អេប្រាហ៊ីម រ៉ៃស៊ី​។
ប្រធានាធិបតី​អ៊ីរ៉ង់​លោក​អេប្រាហ៊ីម រ៉ៃស៊ី​។ AFP - -
ផ្សាយពាណិជ្ជកម្ម

តាម​បណ្តាញ​សារព័ត៌មាន​ផ្លូវការ​របស់​អ៊ីរ៉ង់ ទស្សនកិច្ច​របស់​លោក​អេប្រាហ៊ីម រ៉ៃស៊ី​នៅ​ក្នុង​ប្រទេស​វេណេស៊ុយអេឡា គុយបា និង​នីការ៉ាហ្កា​ត្រូវ​បាន​អមដំណើរ​ដោយ​គណៈប្រតិភូ​អ៊ីរ៉ង់​មួយ​ក្រុម​ធំ។ ចំណែក​ប្រធានបទ​ដែល​លោក​រ៉ៃស៊ី​ត្រូវ​លើក​យក​ទៅ​ជជែក គឺ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច នយោបាយ និង​វិទ្យាសាស្រ្ត។ ដំណើរ​ទៅ​កាន់​ប្រទេស​វេណេស៊ុយអេឡា​របស់​ប្រធានាធិបតី​អ៊ីរ៉ង់​ពេល​នេះ​ធ្វើ​ឡើង បន្ទាប់​ពី​ទស្សនកិច្ច​របស់​ប្រធានាធិបតី​វេណេស៊ុយអេឡា​លោក​ម៉ាឌុយរ៉ូ​នៅ​អ៊ីរ៉ង់​កាល​ពី​ឆ្នាំ ២០២២ និង​ថ្មីៗ​នេះ គឺ​ទស្សនកិច្ច​របស់​ប្រមុខ​ការទូត​អ៊ីរ៉ង់​នៅ​ក្នុង​តំបន់។

តាម​ពិត អ៊ីរ៉ង់ និង​ប្រទេស​ទាំង ៣ នេះ​នៅ​អាមេរិកឡាទីន​មាន​កិច្ចព្រមព្រៀង​ជាមួយ​គ្នា​ស្រាប់​នៅ​ក្នុង​វិស័យ​ប្រេង ឬ​ផលិតផល​ស្បៀង។ តែ​បរិមាណ​នៃ​ការ​ដោះដូរ​នៅ​មាន​តិចតួច​នៅ​ឡើយ នេះ​បើ​តាម​ការ​អះអាង​របស់​អ្នកជំនាញ​ប្រទេស​អ៊ីរ៉ង់​លោក Jonathan Piron។ តាម​អ្នក​ជំនាញ​រូប​នេះ​ដដែល គេ​បាន​សង្កេត​ឃើញ​អ៊ីរ៉ង់​ជួយ​ធ្វើ​ទំនើបកម្ម​វិស័យ​ប្រេង​របស់​វេណេស៊ុយអេឡា និង​បាន​បន្ថែម​ថា អ្វី​ដែល​សំខាន់​សម្រាប់​អ៊ីរ៉ង់ គឺ​ការ​សហការ​ជាមួយ​ធនាគារ​នៅ​អាមេរិកឡាទីន​ដែល​អាច​អនុញ្ញាត​ឲ្យ​អ៊ីរ៉ង់​គេច​ពី​ភាព​ឯកោ និង​ពង្វាង​ពី​ទណ្ឌកម្ម​អាមេរិក។

គួរ​បញ្ជាក់​ថា ជម្រើស​របស់​ប្រធានាធិបតី​អ៊ីរ៉ង់​លោក​អេប្រាហ៊ីម រ៉ៃស៊ី​ទៅ​កាន់​ប្រទេស​វេណេស៊ុយអេឡា គុយបា និង​នីការ៉ាហ្កា​ពេល​នេះ​មិនមែន​ជា​ជម្រើស​ចៃដន្យ​ទេ ព្រោះ​ប្រទេស​ទាំង ៣ នេះ​មាន​អាមេរិក​ជា​សត្រូវ​ដូច​អ៊ីរ៉ង់ និង​កំពុង​ជាប់​ទណ្ឌកម្ម​សេដ្ឋកិច្ច​អាមេរិក​ដូច​គ្នា។ គួរបញ្ជាក់​ថា លោក​រ៉ៃស៊ី​មិនមែន​ជា​ប្រធានាធិបតី​អ៊ីរ៉ង់​ទី១ ដែល​ទៅ​ទស្សនកិច្ច​នៅ​គុយបា វេណេស៊ុយអេឡា និង​នៅ​នីការ៉ាហ្កា​ទេ។ ក្នុង​ឆ្នាំ ២០១៦ លោក​ហាសាន រ៉ូហានី​បាន​ទៅ​ទស្សនកិច្ច​នៅ​គុយបា និង​វេណេស៊ុយអេឡា ហើយ​កាល​ពី​ឆ្នាំ ២០០៧ គឺ​ទស្សនកិច្ច​របស់​លោក​ម៉ាមូដ អាម៉ាឌីនណេហ្សាដ​នៅ​ក្នុង​ប្រទេស​នីការ៉ាហ្កា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ