អានតួអត្ថបទ
លីបង់-អ៊ីស្រាអែល

អ្នកសង្កេតការណ៍យោធា​អ.ស.ប.៣​នាក់រងរបួសនៅព្រំដែនលីបង់-អ៊ីស្រាអែល

នៅព្រំដែនលីបង់-អ៊ីស្រាអែល, យ៉ាងហោច​​ អ្នកសង្កេតការណ៍យោធា ៣ នាក់ របស់អង្គការសហប្រជាជាតិ និងអ្នកបកប្រែភាសាម្នាក់ផង បាន​រងរបួស ព្រោះតែ​ការ​ផ្ទុះ​គ្រាប់​បែក​បង្កៃ១ កាលពី​ថ្ងៃសៅរ៍ ទី៣០មីនា នៅពេល​ដែល​ពួក​គេ​ចុះបំពេញ​បេសកម្ម​ជាមួយ​ក្រុម​ទាហាន​មួក​ខៀវ​​ នាប៉ែក​ខាង​ត្បូង​លីបង់។​ ទីកន្លែងនោះ ក៏កំពុងតែ​រង​ការ​វាយ​ប្រហារ​គ្នា​កាន់តែ​ខ្លាំង រវាង​ទាហាន​អ៊ីស្រាអែល និង​ក្រុម​ចលនាប្រដាប់អាវុធ​ហេសបូឡាលីបង់ ចាប់តាំងពីផ្ទុះ​សង្គ្រាម​នៅ​ហ្កាហ្សា។ 

ឡាន​អង្គការ​សហប្រជាជាតិ បើកកាត់​ឡាន​ដែល​រងការ​វាយប្រហារ​របស់​អ៊ីស្រាអែល នៅប៉ែក​ខាងត្បូងលីបង់ ក្នុងខែមីនានេះ។
ឡាន​អង្គការ​សហប្រជាជាតិ បើកកាត់​ឡាន​ដែល​រងការ​វាយប្រហារ​របស់​អ៊ីស្រាអែល នៅប៉ែក​ខាងត្បូងលីបង់ ក្នុងខែមីនានេះ។ AP - Mohammad Zaatari
ផ្សាយពាណិជ្ជកម្ម

អ្នកសង្កេតការណ៍យោធា ៣ នាក់ របស់អង្គការសហប្រជាជាតិ ដែលរងរបួសដោយ​ផ្ទុះ​គ្រាប់​​នោះ ជា​ជនជាតិ​ន័រវេស ឈីលី និង​អូស្ត្រាលី។​ ​​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​វិទ្យុ​បារាំង​RFI ប្រចាំ​លីបង់ បានបញ្ជាក់​​​ថា ការ​ផ្ទុះ​គ្រាប់ បង្កគ្រោះថ្នាក់​នោះ ហាក់មានសភាព​ពុំ​ច្បាស់​សោះ។ ដ្បិតថា ប្រភព​ព័ត៌មាន​ខុសៗគ្នា អះអាងផ្សេងៗគ្នា។​ ពីសំណាក់​ភាគីទាហាន​លីបង់ បាន​ប្រកាស​ថា បុគ្គលិក​របស់អង្គការ​សហប្រជាជាតិទាំងនោះ រងគ្រោះ​ព្រោះតែ​ការ​វាយ​ប្រហារ​ផ្លូវ​អាកាស​ តាមរយៈ​យន្តហោះ​ដ្រូន​របស់អ៊ីស្រាអែល។ ផ្ទុយទៅវិញ រដ្ឋអ៊ីស្រាអែល​ បដិសេធយ៉ាង​ប្រញាប់ ​ទាត់ចោល​ការចោទប្រកាន់​នេះ និងថា ខ្លួន​ពុំ​បាន​វាយប្រហារ​លើ​កន្លែងជួប​​គ្រោះ​ថ្នាក់​​នោះឡើយ​។​

បើយោង​តាម​អ្នក​នាំពាក្យ​របស់ភ្នាក់ងារអង្គការ​សហប្រជាជាតិប្រចាំលីបង់​,​ កន្លែង​​ផ្ទុះ​គ្រាប់នោះ​នៅជិត​នឹង​កន្លែង​របស់​ក្រុម​យាម​ល្បាត​អង្គការ​សហប្រជាជាតិនៅ​លីបង់​។​ កងកម្លាំងបណ្តោះអាសន្នរបស់​​អង្គការ​សហប្រជាជាតិប្រចាំលីបង់ កំពុងបំពេញ​បេសកម្ម​​ចុះសង្កេតការណ៍ និង​ត្រួត​ពិនិត្យ​បទ​ឈប់​បាញ់​រវាង លីបង់​ និង​អ៊ីស្រាអែល អនុលោម​តាម​កិច្ច​ព្រមព្រៀង​ឆ្នាំ១៩៤៩។​

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គូទែរស៍ បាន​សម្តែង​ការ​សោកស្តាយ​ចំពោះ​គ្រោះថ្នាក់នេះ ហើយ​និងថ្លែងក្តី​​បារម្ភ​ចំពោះ​ការ​បាញ់បោះ​ដែល​ចេះ​តែ​បន្ត​អូស​បន្លាយ​​នៅ​ព្រំដែន​លីបង់​និងអ៊ីស្រាអែល។ នាយករដ្ឋមន្ត្រីលីបង់​ និង​ក្រសួង​ការបរទេស​លីបង់ ចាត់ទុក​ថា​ នោះជាគ្រោះថ្នាក់​ដ៏​ធ្ងន់ និង​បំពាន​ច្បាប់​អន្តរជាតិ។​

នៅប៉ែក​ខាងត្បូង​លីបង់​នោះ ពុំ​មែន​ជាលើកទី១នោះឡើយដែលកើតមាន​​​​គ្រោះថ្នាក់​ប៉ះពាល់​ដល់​​សុវត្ថិភាព​បុគ្គលិក​អង្គការ​សហប្រជាជាតិ​ប្រចាំលី​បង់​​​។ ខែវិច្ឆិកា២០២៣ ក្រុម​កង​កម្លាំង​ល្បាតអន្តរជាតិ​​ ក៏ធ្លាប់​ត្រូវ​ទាហាន​អ៊ីស្រាអែលបាញ់​ប្រហារ​ដែរ តែកាលណោះ ​កុសលល្អ គ្មាន​អ្នក​គ្រោះ​ថ្នាក់​។

ការកម្រើកសកម្មភាព​វាយប្រហារ​គ្នា​រវាង​អ៊ីស្រាអែលនិង​ពួក​ហេសបូឡាលីបង់ បាន​ផ្ទុះឡើងកាន់តែ​ខ្លាំង ចាប់ពី​សង្គ្រាម​រវាង​អ៊ីស្រាអែល​និង​ពួក​ហាម៉ាស​ប៉ាឡេស្ទីន នាថ្ងៃទី​៧តុលា​ឆ្នាំទៅមិញ។ ពួក​ហេសបូឡា​គាំទ្រ​ខាង​ពួក​ហាម៉ាស។​ ចន្លោះ​សង្គ្រាម​ប្រមាណ​៦ខែមករា​នេះ នៅខាង​ទឹក​ដី​លីបង់ មាន​ស្លាប់​មនុស្ស​ប្រមាណ ៣៤៧ នាក់ ភាគច្រើន​ជា​ពួក​ប្រដាប់​​អាវុធ​ហេសបូឡា​លីបង់​។​ ក្នុង​ទឹកដី​លីបង់​ដដែល​ អ៊ីស្រាអែលវាយប្រហារ​ផ្លូវកាស​សម្លាប់​ម្តងមួយៗមេក្រុមប្រដាប់អាវុធដែល​ប្រឆាំង​អ៊ីស្រាអែល។ ​​ថ្ងៃសុក្រ​ទី ២៩ មីនា ​អ៊ីស្រាអែល​បាន​កម្ចាត់​ផ្តាច់ជីវិត​​មេកើយហេសបូឡាធំ​ម្នាក់​​ទៀត​។ ចំណែក​ប៉ែក​ខាង​ជើង​អ៊ីស្រា​អែលវិញ ក្នុងរយៈ​ពេលសឹកចម្បាំង​​​ជិត​កន្លះឆ្នាំនេះ​ ទាហាន​អ៊ីស្រាអែល​១០នាក់​និងជន​ស៊ីវិល​៨នាក់ បាត់បង់​ជីវិត​ ព្រោះតែ​ស្នាដៃ​ហេសបូឡា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ