អានតួអត្ថបទ
ហ្កាហ្សា-អង្គការមនុស្សធម៌

ហ្កាហ្សា៖ បុគ្គលិកអង្គការមនុស្សធម៌អាមេរិកាំង ៧នាក់ស្លាប់នៅក្នុងការវាយប្រហារ​របស់អ៊ីស្រាអែល

ប្រតិកម្ម​ធ្លាក់ចុះ​ជាបន្តបន្ទាប់ នៅក្រោយ​បុគ្គលិក​របស់អង្គការ​ក្រៅរដ្ឋាភិបាលអាមេរិក​ចំនួន​៦នាក់ ស្លាប់​នៅក្នុងការវាយប្រហារ​របស់​អ៊ីស្រាអែល កាលពីថ្ងៃចន្ទ ទី ១​មេសា។ អាមេរិក អូស្ត្រាលី និងប៉ូឡូញ ដែលមានជនជាតិ​របស់ខ្លួន ស្លាប់ ដោយសារ​ការវាយប្រហារ នៅភាគកណ្តាល​ហ្កាហ្សា បានទាមទារ​ការឆ្លើយបំភ្លឺ​បន្ទាន់​ពី​អ៊ីស្រាអែល។ មេចុងភៅ​អាមេរិក ដែលជា​ប្រធាន​អង្គការ​World Central Kitchen សំដែងទុក្ខសោក​ដោយសារ​ការបាត់បង់ជីវិត​របស់​អ្នកស្ម័គ្រចិត្ត និង​ប្រកាស​ផ្អាក​សកម្មភាពផ្តល់ជំនួយមនុស្សធម៌​របស់ខ្លួន នៅ​ហ្កាហ្សា។

លិខិតឆ្លងដែនរបស់ជនរងគ្រោះដែលជា​បុគ្គលិកស្ម័គ្រចិត្ត​របស់អង្គការមនុស្សធម៌អាមេរិក World Central Kitchenដែលស្លាប់នៅក្នុងការវាយប្រហារ​របស់អ៊ីស្រាអែលកាលពីថ្ងៃចន្ទទី ១មេសា ២០២៤
លិខិតឆ្លងដែនរបស់ជនរងគ្រោះដែលជា​បុគ្គលិកស្ម័គ្រចិត្ត​របស់អង្គការមនុស្សធម៌អាមេរិក World Central Kitchenដែលស្លាប់នៅក្នុងការវាយប្រហារ​របស់អ៊ីស្រាអែលកាលពីថ្ងៃចន្ទទី ១មេសា ២០២៤ AP - Abdel Kareem Hana
ផ្សាយពាណិជ្ជកម្ម

ការវាយប្រហារ​ឥត​ស្រាកស្រាន្ត​របស់​កងទ័ព​អ៊ីស្រាអែល​បាន​ប្រែក្លាយ​ហ្កាហ្សា​ជា​តំបន់​ដ៏គ្រោះថ្នាក់ គ្មាន​សុខ​សុវត្ថិភាព។ នៅថ្ងៃ​ចន្ទ ទី​១​មេសា បុគ្គលិកស្ម័គ្រចិត្ត​៧នាក់​របស់​អង្គការ​ក្រៅរដ្ឋាភិបាល​អាមេរិកមួយ​ឈ្មោះ World Central Kitchen ស្លាប់ នៅក្នុងការវាយប្រហារគ្រាប់ប្លោង នៅ​ភាគកណ្តាល​ហ្កាហ្សា។ នៅក្នុង​សេចក្តីប្រកាស នៅថ្ងៃអង្គារ អង្គការ​ក្រៅរដ្ឋាភិបាល​ World Central Kitchen​សំដែង​ការរន្ធត់ចិត្តខ្លាំង ដែលដឹងថា បុគ្គលិក​របស់ខ្លួន ៧នាក់​ស្លាប់​នៅក្នុងការវាយប្រហារ​របស់​កងទ័ពអ៊ីស្រាអែល។

ក្រសួង​សុខាភិបាល​ហាម៉ាស ​និយាយ​ថា កងទ័ពអ៊ីស្រាអែល​បាន​បាញ់ប្លោង វាយប្រហារ​រថយន្ត​របស់​អង្គការ​ផ្តល់ជំនួយមនុស្សធម៌ World Central Kitchen។

យោងតាម​អង្គការ​មនុស្សធម៌ World Central Kitchen ដែល​មាន​ទីតាំង​នៅអាមេរិក ជនរងគ្រោះ​៦នាក់ មានដើមកំណើតមកពី​ប្រទេស​ចំនួន ៥ ដូចជា​អង់គ្លេស អូស្ត្រាលី ប៉ូឡូញ កាណាដា និងអាមេរិក រួម​ទាំងអ្នកបើករថយន្ត​ជាតិ​ប៉ាឡេស្ទីនម្នាក់ បាន​ស្លាប់ នៅក្នុងពេល​ពួកគេ​កំពុង​បំពេញ​បេសកកម្ម​ផ្តល់ជំនួយ​មនុស្សធម៌ ដល់​ប្រជាជន​ប៉ាឡេស្ទីន ដែលកំពុងជួបគ្រោះអត់ឃ្លាន​ខ្លាំង នៅហ្កាហ្សា។

បង្កើតឡើង​ដោយ​មេចុងភៅ​អាមេរិក អេស៉្បាញ លោក José Andrés អង្គការក្រៅរដ្ឋាភិបាលអាមេរិក World Central Kitchen​បាន​សហការ​ជាមួយអង្គការក្រៅរដ្ឋាភិបាលអេស្ប៉ាញ Open Arms ដើម្បី​ដឹកស្បៀង ២០០​តោន ជា​អង្ករ ម្សៅ និង​ត្រីខ​កំប៉ុង ចេញ​ពី​កំពង់ផែ​ប្រទេស​ស៊ីប ឆ្ពោះ​ទៅកាន់​ហ្កាហ្សា កាលពី​ពាក់កណ្តាល​ខែ មីនា។

នៅក្នុង​សេចក្តីប្រកាស World Central Kitchen​បញ្ជាក់ថា ដោយសារ​តែសោកនាដកម្មកាលពីថ្ងៃចន្ទ អង្គការ​សម្រេចផ្អាក​ប្រតិបត្តិការ​ផ្តល់ជំនួយ​មនុស្សធម៌​របស់ខ្លួន នៅក្នុងតំបន់។

នាយករដ្ឋមន្រ្តី​អូស្ត្រាលី​លោក​អង់តូនី អាល់បាណេស នៅថ្ងៃ​ចន្ទ​បញ្ជាក់ថា មានជនជាតិអូស្ត្រាលី​ម្នាក់​រងគ្រោះ​ស្លាប់​នៅក្នុងការវាយប្រហារ​នៅ​ហ្កាហ្សា។ ដូចរដ្ឋាភិបាល​ប៉ូឡូញ ប្រមុខរដ្ឋាភិបាល​អូស្ត្រាលីទាមទារ​ឲ្យរកមុខ​អ្នកទទួលខុសត្រូវលើ​​វាយប្រហារ​រថយន្ត​ដឹកបុគ្គលិក​មនុស្សធម៌អូស្ត្រាលី។ អាមេរិក​ឯណោះវិញ តាមរយៈអ្នកនាំពាក្យ​របស់ទីប្រឹក្សា​សន្តិសុខ​ជាតិ និយាយ​ថា អាមេរិក​ខូចចិត្ត នឹង​រន្ធត់ខ្លាំងជាបំផុត ដែលដឹងថា ការវាយប្រហារ​របស់​អ៊ីស្រាអែល​បាន​សម្លាប់​បុគ្គលិក​មនុស្សធម៌​យ៉ាងដូច្នេះ។ បើតាមអ្នកនាំពាក្យ​ខាងលើ បុគ្គលិកអង្គការ​មនុស្សធម៌​គួរតែត្រូវ​ទទួលបានការការពារ ពីព្រោះ​ ពួកគេជាអ្នកនាំយកជំនួយ ដែល​ប្រជាជន​ប៉ាឡេស្ទីនកំពុងត្រូវការចាំបាច់។ ដូច្នេះ អាមេរិក​ទាមទារ​អ៊ីស្រាអែលត្រូវ​តែស៊ើបអង្កេត​ឲ្យបានម៉ត់ចត់បំផុត។

កងទ័ពអ៊ីស្រាអែល នៅថ្ងៃអង្គារនិយាយ​ថា ខ្លួន​នឹង​ពិនិត្យ​មើលករណីនេះ​ឲ្យបាន​ស៊ីជម្រៅបំផុត ដើម្បី​ស្វែងយល់ពីឧប្បត្តិហេតុ ដែលមាន​ស្លាប់បុគ្គលិកមនុស្សធម៌បរទេស។ កងទ័ព​អ៊ីស្រាអែលនៅបានអះអាងថា ខ្លួននឹង​បន្តសហការ​ជាមួយអង្គការ​ World Central Kitchen​នៅ​ក្នុង​ការបន្ត​ចែកជំនួយ​របស់​អង្គការ នៅហ្កាហ្សា។ ហ្កាហ្សា​ដែលកំពុង​រងការវាយប្រហារដ៏សន្ធឹក​របស់កងទ័ព​អ៊ីស្រាអែល ៦ខែមកហើយ និង​ដែល​កំពុង​ក្លាយជា​ទីវាលរហោឋាន មាន​ប្រជាជន​ប៉ាឡេស្ទីន ស្លាប់ជាង ៣ម៉ឺននាក់ និងជាង​១លាននាក់​កំពុង​ជួបគ្រោះអត់ឃ្លាន ដោយសារ​តែ​អ៊ីស្រាអែល​បិទខ្ទប់​ការដឹកជញ្ជូនជំនួយ​មនុស្សធម៌តាមផ្លូវគោក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ