អានតួអត្ថបទ
អ៊ីស្រាអែល-ក្រុមប្រឹក្សាសិទ្ធិមនុស្ស

តើអន្តរជាតិអាច​ចេញបម្រាមមិនឲ្យគេលក់ នាំចូលអាវុធទៅ​អ៊ីស្រាអែលដែរឬទេ?

ភាពមានះ​​របស់អ៊ីស្រាអែលដើម្បី​​គាស់រំលើង​ក្រុមហាម៉ាសនៅហ្កាហ្សា ដោយ​មិនខ្វល់​ពីអាយុជីវិត​របស់​ប្រជាជន​ស៊ីវិលប៉ាឡេស្ទីន​កំពុង​ហុចផល​អវិជ្ជមាន​បណ្តើរដល់​រដ្ឋាភិបាលអ៊ីស្រាអែល។ នៅក្រោយ​ការវាយប្រហារ​មីស៊ីល​​សម្លាប់​បុគ្គលិក​មនុស្សធម៌បរទេស៦នាក់របស់​អង្គការ​ក្រៅរដ្ឋាភិបាលអាមេរិក កាលពីថ្ងៃ​ចន្ទ ​អ៊ីស្រាអែលបាន​​ទទួល​ស្គាល់​ថាវាជា​កំហុសឆ្គង និង​បាន​បណ្តេញ ដកតំណែង​ប្រធានអង្គភាពដ្រូន​ដែលទទួលខុសត្រូវ​បាញ់មីស៊ីល​បំផ្លាញ​រថយន្ត​របស់​អង្គការ​អាមេរិកាំង។ ប៉ុន្តែ ការសារភាពទទួលកំហុស​មិន​បាន​ធ្វើ​ឲ្យ​​អ៊ីស្រាអែល​រួចខ្លួននោះទេ ផ្ទុយទៅវិញ សំឡេងដង្ហើយឲ្យអ៊ីស្រាអែល​បើកការស៊ើបអង្កេត និង​បញ្ឈប់​សង្រ្គាម​នៅហ្កាហ្សា​មាន​កាន់តែ​ច្រើនឡើងៗ។ បន្ថែមពីលើនោះ អ៊ីស្រាអែលក៏កំពុង​ប្រឈម​នឹង​រលកតវ៉ា ទាមទារ​ឲ្យគេ​ឈប់លក់អាវុធ​ឲ្យ​អ៊ីស្រាអែល។ នៅថ្ងៃ​សុក្រទី ៥​មេសា  ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​បោះឆ្នោត​លើ​សេចក្តីសម្រេច​ដែលលើកនិយាយ​ពី​ប្រល័យពូជសាសន៍ និងទាមទារ​ឲ្យ​គេ​ឈប់លក់អាវុធ​ទៅ​អ៊ីស្រាអែល​ដែលកំពុងធ្វើ​សង្រ្គាម​នៅ​ហ្កាហ្សា។ ​តើ​ប្រទេស​ណាខ្លះ​ដែល​លក់អាវុធ​ឲ្យអ៊ីស្រាអែល?​ ​

យន្តហោះចម្បាំងអាមេរិក F 35ដែលអ៊ីស្រាអែលទិញបាន​៣០គ្រឿង និងប្រើមុនគេនៅក្នុងសមរភូមិ។
យន្តហោះចម្បាំងអាមេរិក F 35ដែលអ៊ីស្រាអែលទិញបាន​៣០គ្រឿង និងប្រើមុនគេនៅក្នុងសមរភូមិ។ AP - Tsafrir Abayov
ផ្សាយពាណិជ្ជកម្ម

នៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់អង្គការ​សហប្រជាជាតិ អ៊ីស្រាអែលស្ថិតក្រោមភ្លើងហ្វារិះគន់ខ្លាំងៗ ដោយសារ​​តែ​សង្រ្គាមសងសឹករបស់អ៊ីស្រាអែល​នៅ​ហ្កាហ្សា​សម្លាប់​ប្រជាជន​ប៉ាឡេស្ទីន​សឹងជារៀងរាល់ថ្ងៃ។ នៅចំពោះមុខ​ភាពមានះ​របស់អ៊ីស្រាអែល​ដែល​ប្តេជ្ញា​គាស់រំលើង​ក្រុមហាម៉ាស ដោយ​មិន​ខ្វល់​ពីអាយុជីវិត​របស់​ប្រជាជន​ស៊ីវិល​ប៉ាឡេស្ទីន​យ៉ាងដូច្នេះក្រុមប្រឹក្សាសិទ្ធិមនុស្ស​នៅ​ថ្ងៃ​សុក្រទី​៥មេសា​បាន​បោះឆ្នោត​លើ​សេចក្តីសម្រេច​ដែល​ទាមទារ​ឲ្យ​គេ​ឈប់​លក់​អាវុធ​ទៅ​ឲ្យ​អ៊ីស្រាអែល។ សម្រាប់​ប៉ាគីស្ថាន​ដែលជាអ្នក​ស្នើសេចក្តីសម្រេចនៅក្នុង​នាម​ជាអ្នកតំណាង​អង្គការ​សហប្រតិបត្តិការ​អ៊ីស្លាម(ដែលមាន​៥៥ប្រទេស)គ្រប់ប្រទេស​ត្រូវ​ឈប់​លក់ បញ្ជូន អាវុធ គ្រាប់ឬ​សម្ភារៈយោធា​ផ្សេងៗទៀត​ទៅ​ឲ្យអ៊ីស្រាអែល បន្ទាប់ពីមានសេចក្តីរាយការណ៍ថា អ៊ីស្រាអែលប្រើ​គ្រាប់ផ្ទុះ ទៅលើ​តំបន់​ប្រជុំជនស៊ីវិល។ សេចក្តីសម្រេច​នៅបាន​ថ្កោលទោស​អ៊ីស្រាអែលដែលប្រើកម្មវិធីបញ្ញាសិប្បនិម្មិតនៅ​ក្នុងការ​សម្រេចចិត្ត វាយប្រហារទៅលើ​គោលដៅនៅហ្កាហ្សា។

នៅពេល​អ៊ីស្រាអែលប្តេជ្ញា​បន្តធ្វើ​​សង្រ្គាមកម្ទេច​ក្រុមហាម៉ាស ដោយ​មិនខ្វល់ពីអាយុជីវិត ទុក្ខវេទនារបស់ប្រជាជន​ប៉ាឡេស្ទីនយ៉ាងដូច្នេះ ប្រទេស​លោកខាងលិចដែលជាសម្ព័ន្ធមិត្ត​របស់អ៊ីស្រាអែល​ត្រូវ​ប្រឈម​នឹង​ការរិះគន់ រងការដាក់សម្ពាធ​ក្នុងស្រុក និងនៅ​អន្តរជាតិ ដើម្បី​ឲ្យឈប់​​លក់អាវុធ​ទៅឲ្យ​អ៊ីស្រាអែល។

នៅអង់គ្លេស អ្នកច្បាប់ជាង​៦០០នាក់បានធ្វើ​ញត្តិទាមទារ​ឲ្យរដ្ឋាភិបាល​អង់គ្លេសផ្អាក​ការលក់អាវុធទៅ​ឲ្យអ៊ីស្រាអែល នៅក្នុង​ហេតុផលថា វា​អាច​រំលោភច្បាប់អន្តរជាតិ និងអាច​ចូលរួម​នៅក្នុងការប្រព្រឹត្ត​អំពើប្រល័យពូជសាសន៍នៅហ្កាហ្សា។ ​​នៅទីក្រុង​ឡុងដ៍ អ្នកគាំទ្រ​ប៉ាឡេស្ទីន​ជាច្រើន​នាក់​ក៏បានធ្វើបាតុកម្ម​ទាមទារ​ឲ្យ​រដ្ឋាភិបាលឈប់ផ្សំគំនិត​ជាមួយ​អ៊ីស្រាអែល​តាមរយៈការលក់​បញ្ជូនអាវុធទៅ​ឲ្យអ៊ីស្រាអែល ព្រោះ ថាមិនត្រូវទេ អ៊ីស្រាអែល​អាចប្រើវានៅក្នុងការវាយប្រហារមីស៊ីលដែលបាន​​សម្លាប់​អ្នកស្ម័គ្រចិត្ត​របស់អង្គការ​មនុស្សធម៌ ៧នាក់ ដែលនៅក្នុងនោះ ៣នាក់ជា​ជនជាតិអង់គ្លេស។

យោងតាម​រដ្ឋាភិបាល​ក្រុង​ឡុងដ៍ អង់គ្លេស​​លក់សម្ភារៈយោធា​តម្លៃ​៥៣លាន​ដុល្លារទៅ​ឲ្យអ៊ីស្រាអែល​​ក្នុង​ឆ្នាំ​២០២២។ វា​ជាចំនួន​ដ៏តិចតួច​បើប្រៀបធៀប​នឹង​ប្រទេសនាំចេញអាវុធធំៗ ដូចជា​អាមេរិក អាល្លឺម៉ង់ អ៊ីតាលី បារាំង​។

អាមេរិក សម្ព័ន្ធមិត្តរបស់អ៊ីស្រាអែល នាំមុខគេ​ខាងលក់បញ្ជូនអាវុធសន្ធឹកសន្ធាប់ទៅ​ឲ្យអ៊ីស្រាអែល។ វា​ជានយោបាយរបស់អាមេរិកតាំង​ពីចប់សង្រ្គាម​លោកលើកទី២ ដែលថា អ៊ីស្រាអែល​ជាប្រទេសដែល​ត្រូវទទួលបានជំនួយបរទេស​អាទិភាព ​ពីអាមេរិក។ គិត​រហូតមកដល់​បច្ចុប្បន្ន អាមេរិក​បានផ្តល់ជំនួយ​ដល់អ៊ីស្រាអែលប្រមាណ ១៥៨ពាន់លានដុល្លារ នៅក្រោមរូបភាពជំនួយទ្វេភាគី ឬ​កញ្ចប់ថវិកាសម្រាប់​អភិវឌ្ឍផលិត​ប្រព័ន្ធខែលមីស៊ីល Iron Dome។

​វិទ្យាស្ថាន​អន្តរជាតិ SIPRIវាយតម្លៃថា នៅ​ចន្លោះឆ្នាំ ២០១៩ និង​ឆ្នាំ ២០២៣ ៦៩%នៃអាវុធនាំចូលទៅអ៊ីស្រាអែល មានប្រភពពីអាមេរិក ដូចជា​រថក្រោះ គ្រាប់ប្លោង កាំភ្លើងធំ គ្រាប់បែក និងមីស៊ីលមានឧបករណ៍បញ្ជាជាដើម។

ជាទូទៅ អ៊ីស្រាអែល​បាន​ប្រើលុយជំនួយ​យោធាជាង៣ពាន់លាន(​៣៣០០លាន​) ដុល្លារដែលអាមេរិក​ជួយប្រចាំឆ្នាំ ដើម្បីយកទៅចំណាយលើការទិញអាវុធពីបរទេស។

នៅចុងខែ​តុលា ខែដែលអ៊ីស្រាអែល​ផ្តើម​ធ្វើសង្រ្គាម​សងសឹកក្រុមហាម៉ាស​នៅហ្កាហ្សា រដ្ឋបាល​លោក​ចូ បៃដិន​បាន​សុំឲ្យព្រឹទ្ធសភា​បោះឆ្នោតអនុញ្ញាត​ឲ្យ​លក់​សព្វាវុធបន្ថែម តម្លៃ ១៤ពាន់លាន(១៤៣០០លាន)​ដុល្លារ​ទៅ​ឲ្យអ៊ីស្រាអែល។

រដ្ឋអំណាច​អ៊ីស្រាអែល​មិនបាន​បង្ហាញ​ជាផ្លូវការ ចំនួន ប្រភេទសព្វាវុធដែល​អ៊ីស្រាអែល​បានទទួលពីអាមេរិក។ ប៉ុន្តែ កាសែត​ក្នុងស្រុក​អ៊ីស្រាអែល​សរសេរ​ថា ចាប់តាំងពីផ្តើម​សង្រ្គាម​នៅហ្កាហ្សានៅខែតុលា អ៊ីស្រាអែលបានទទួល​យន្តហោះដឹកសម្ភារៈយោធា​ចំនួន​២៥០គ្រឿង នាវាជាង​២០គ្រឿង  និងអាវុធ សម្ភារៈយោធា​រាប់ម៉ឺនតោន។ កាសែត​អាមេរិក New York Times វិញបានចុះផ្សាយពីវត្តមានគ្រាប់ផ្ទុះអាមេរិក​ប្រភេទ​ MK-84នៅហ្កាហ្សា បន្ទាប់ពីអ៊ីស្រាអែលបានទទួលពីអាមេរិកប្រមាណ​៥ពាន់គ្រាប់ នៅ​ខែ​ធ្នូចុងឆ្នាំមុន។

ក្រៅពី​លក់ និង​សហការជាមួយ​អ៊ីស្រាអែល​នៅក្នុងកម្មវិធី​ផលិត​សព្វាវុធជាមួយបច្ចេកវិទ្យាចុងក្រោយ ដូចជា​ប្រព័ន្ធខែលមីស៊ីល​ Iron Domeដែលមានសមត្ថភាពទប់ស្កាត់​គ្រាប់រ៉ូក្កែតរបស់ក្រុមហាម៉ាស និង​ក្រុមហេសបូឡាលីបង់ អាមេរិកនៅបាន​បើកសិទ្ធិ​ឲ្យ​អ៊ីស្រាអែល​ប្រើ​គ្រាប់ក្នុងឃ្លាំងស្តុករបស់អាមេរិកនៅអ៊ីស្រាអែល។ អាមេរិក​បាន​ស្តុកគ្រាប់ សព្វាវុធច្រើនសម្បើម​នៅក្នុងទឹកដីអ៊ីស្រាអែល ដើម្បីសម្រួល​ការដឹកជញ្ជូន នៅក្នុងករណីមានផ្ទុះសង្រ្គាម​ក្នុងតំបន់។ មួយវិញទៀត ចាប់តាំងពី​ឆ្នាំ ១៩៦០ អាមេរិកបាន​ធ្វើយ៉ាងម៉េច​ដើម្បី​អ៊ីស្រាអែល​មាន​មធ្យោបាយយោធា​ខ្លាំងពូកែជាង​ប្រទេស​ជិតខាងនៅក្នុងតំបន់ដើមបូព៌ា។ ហេតុផលនេះហើយដែលធ្វើ​ឲ្យអ៊ីស្រាអែលជា​ប្រទេស​ដំបូងគេ​នៅក្នុងតំបន់ដែលមានសិទ្ធិទទួលបានយន្តហោះចម្បាំងដ៏ទំនើបរបស់អាមេរិក F-35។

បន្ទាប់ពីអាមេរិក គឺ​អាល្លឺម៉ង់ដែលជា​ដៃគូលក់សព្វាវុធ តំណាង​ឲ្យ​៣០%នៃសព្វាវុធបរទេស​នាំចូលទៅអ៊ីស្រាអែល។ បើតាមវិទ្យាស្ថានSIPRI បន្ទាប់ពីកើនឡើង​ទ្វេដងពីឆ្នាំ ២០២២ ដល់​ឆ្នាំ ២០២៣ បរិមាណអាវុធអាល្លឺម៉ង់​លក់ទៅ​ឲ្យអ៊ីស្រាអែលបានហក់កើនឡើងខ្លាំងនៅក្រោយ​ថ្ងៃទី​៧តុលា។

យោងតាម​ការចុះផ្សាយរបស់កាសែត​អាល្លឺម៉ង់ រដ្ឋាភិបាលអាល្លឺម៉ង់​លក់អាវុធ​សម្រាប់វាយប្រហារប្រមាណតែ​២%ប៉ុណ្ណោះ ក្រៅពីនោះជា​សម្ភារៈយោធា ដូចជា​រថពាសដែកសម្រាប់ដឹកជញ្ជូនទាហាន និងគ្រឿងការពារ​ខ្លួនជាដើម។

មន្រ្តីទូតអង់គ្លេស​បាន​បង្ហើប​ឲ្យដឹងថា ទោះជា​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ចេញសេចក្តីសម្រេច​ទាមទារ​ឲ្យគេ​ឈប់​លក់អាវុធទៅ​ឲ្យអ៊ីស្រាអែល ប៉ុន្តែ នៅក្នុងស្ថានភាពជាក់ស្តែង គ្មានថ្ងៃ​ដែល​សហគមន៍អន្តរជាតិ​អាច​ចេញបំរាមហាមមិន​ឲ្យគេលក់នាំចូលអាវុធទៅអ៊ីស្រាអែល ដូចដែលគេធ្លាប់ធ្វើដាក់កូរ៉េខាងជើង ឬ​អ៊ីរ៉ង់។ នោះក៏ព្រោះតែ​ផលប្រយោជន៍ឆ្នាំងបាយ​របស់​ប្រទេសដែលមាន​ឧស្សាហកម្ម​យោធា​នាំមុខដូចជា​អាមេរិក អាល្លឺម៉ង់ អ៊ីតាលី បារាំងជាដើម។ ម្យ៉ាង អាមេរិកត្រូវការពារ ផ្គត់ផ្គង់អ៊ីស្រាអែលឲ្យ​មាន​សព្វាវុធ​គ្រប់គ្រាន់​ដើម្បីឲ្យអ៊ីស្រាអែល​ការពារ​ខ្លួន​នៅក្នុងហ្វូងប្រទេស​ដែលមិនចង់ឃើញ​វត្តមានរបស់អ៊ីស្រាអែលនៅដើមបូព៌ា។​

ផ្ទុយពីបារាំង កាណាដា អ៊ីតាលី ដែល​ប្រកាស​ផ្អាកលក់អាវុធ​ទៅ​ឲ្យអ៊ីស្រាអែល​ក្នុងកាលៈទេសៈដែល​អ៊ីស្រាអែលកំពុង​ធ្វើសង្រ្គាមនៅហ្កាហ្សា អាមេរិក និង​អាល្លឺម៉ង់ជាដើម​នៅតែបន្តលក់​អាវុធទៅ​ឲ្យអ៊ីស្រាអែល។ អាមេរិក អាល្លឺម៉ង់​បានបោះឆ្នោតប្រឆាំង​សេចក្តីសម្រេច​របស់ក្រុមប្រឹក្សា​សិទ្ធិម​នុស្ស​ដែលនិយាយ​ពីការឈប់លក់នាំអាវុធទៅអ៊ីស្រាអែល នោះបើទោះជាឃើញ មានប្រជាជនស៊ីវិល​ប៉ាឡេស្ទីន​ស្លាប់សឹងជារៀងរាល់ថ្ងៃ ដោយសារសព្វាវុធដែល​ ​អ៊ីស្រាអែលបានទទួល ទិញពីបរទេស​។ អាច​និយាយ​ម្យ៉ាងថា នៅលើ​ឆាក ​អាមេរិកជាដើម​បាន​ទាមទារ​ឲ្យ​អ៊ីស្រាអែល​ជំរុញឲ្យមានបទឈប់បាញ់បន្ទាន់ដើម្បីទប់ស្កាត់ការបាត់បង់ជីវិតប្រជាជនស៊ីវិល​ប៉ាឡេស្ទីន។ ប៉ុន្តែ នៅពីក្រោយឆាក លោកខាងលិច​នាំមុខដោយអាមេរិក​នៅតែបន្តលក់អាវុធទំនើបៗ ដែល​អ៊ីស្រាអែលប្រើក្នុងសង្រ្គាមហ្កាហ្សា ហើយអ្នកដែលរងគ្រោះស្លាប់ជីវិត គ្មានអ្នកណាក្រៅតែពីស្រ្តី និងកុមារប៉ាឡេស្ទីន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ