អានតួអត្ថបទ
សង្គ្រាមហ្កាហ្សា

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល​ប្រកាសថា​ជិត​ឈ្នះ ឯយោធា​សម្រេច​​ដក​ទ័ព​ចេញ​ពី​តំបន់​ហ្កាហ្សា

ក្នុង​ខណៈ​ដែល​ការ​ចរចា​ស្វែង​រក​បទ​ឈប់​កំពុង​ចាប់​ផ្តើម​ជា​ថ្មី​ នៅ​ថ្ងៃអាទិត្យ​ទី​៧​មេសាដែល​ត្រូវ​ជា​គម្រប់​៦ខែ​នៃ​ការ​វាយឆ្មក់​របស់​ចលនា​ហាម៉ាស​មក​លើ​អ៊ីស្រាអែល យោធា​អ៊ីស្រាអែល​បានប្រកាស​ដក​កងទ័ព​ថយ​ចេញ​ពី​ភាគ​ខាងត្បូង​ហ្កាហ្សា។ ឯ​ចំណែក​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក​នេតាន់យ៉ាហ៊ូ បាន​ធានា​អះអាង​ថា ​​ជ័យ​ជំនះនៅ​កៀក​បង្កើយ​សម្រាប់អ៊ីស្រាអែល។

រថក្រោះ​របស់​យោធាអ៊ីស្រាអែល នៅ​ជីត​ព្រំ​ប្រទល់​ហ្កាហ្សា ភាគ​ខាង​ត្បូង​
រថក្រោះ​របស់​យោធាអ៊ីស្រាអែល នៅ​ជីត​ព្រំ​ប្រទល់​ហ្កាហ្សា ភាគ​ខាង​ត្បូង​ AP - Leo Correa
ផ្សាយពាណិជ្ជកម្ម

នៅ​សល់​តែ​មួយ​ជំហានទៀត​​ទេ អ៊ីស្រាអែលនឹងឈ្នះ​សង្គ្រាម​នៅ​ហ្កាហ្សា​ហើយ ប៉ុន្តែការ​ខាត​បង់មាន​លក្ខណៈ​​ធ្ងន់ធ្ងរ​និង​ចុកចាប់​ខ្លាំងណាស់​​! នេះ​ជា​ប្រសាសន៍​របស់​លោក​នាយករដ្ឋមន្ត្រី នេតាន់យ៉ាហ៊ូ ទៅ​កាន់​​រដ្ឋាភិបាល​អ៊ីស្រាអែល​ទាំងមូល។ ជាមួយ​នឹង​ការ​ផ្តល់​តួលេខ​ថា​យោធា​អ៊ីស្រាអែល​​កម្ទេច​អស់​ពួក​ហាម៉ាសចំនួន​​១៩​កង​ ក្នុង​ចំណោម​២៤កង លោក​នេតាន់យ៉ាហ៊ូ បានសន្យា​ជា​ថ្មីថា​នឹង​បន្ត​កម្ចាត់​ពួក​ហាម៉ាស​ឱ្យទាល់​តែផុតពូជ ​មិន​ថា​ពួក​នោះ​លាក់​ខ្លួន​នៅទីណាឡើយ។ សូម្បី​តែ​ក្នុងក្រុង​រ៉ាហ្វា ក្រុង​ភាគ​ខា​ង​ត្បូង​បំផុត​នៃ​ហ្កាហ្សា​ជាប់​ព្រំប្រទល់​អេហ្ស៊ីប​ ក៏​​អ៊ីស្រាអែល​មិន​ខ្លាច​នឹង​ចូល​ទៅ​បោស​សម្អាតចលនា​ប្រដាប់​អាវុធ​នេះ​ដែរ។ នេះ​បើ​តាម​​សំដី​របស់​លោក​នេតាន់យ៉ាហ៊ូ ដែល​ព្រមានទៀត​ថា​ ​ បើ​គ្មាន​ការ​ដោះលែង​ចំណាប​ខ្មាំងទេ​ គ្មានឡើយ​​ការ​ឈប់​បាញ់។

សេចក្តីថ្លែងការណ៍​​របស់​លោក​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល ដែល​បើក​ផ្លូវ​ត្រៀម​ទទួល​យក​កិច្ចព្រមព្រៀង​ឈប់​បាញ់ផង​នោះ ​បាន​ធ្វើ​ឡើង​តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​ពី យោធា​អ៊ីស្រាអែល បាន​ប្រកាស​ដក​ទ័ព​ចេញ​តំបន់​ភាគ​ខាង​ត្បូង​ហ្កាហ្សា និង​តំបន់ Khan Younès។ មាន​ន័យ​ថា​ ​ប្រតិបត្តិការ​ជើង​គោក​​របស់​អ៊ីស្រាអែល​ត្រូវ​​បិទ​បញ្ចប់។

កងពលកម្មង់ដូ​​ទី​៩៨ បានបញ្ចប់​បេសកកម្ម និង​បាន​​ចាក​ចេញទាំង​ស្រុង​​ពី​ដែន​ដី​ប៉ាឡេស្ទីន នៅ​សល់​តែ​កង​ពល​ធំ​ទី​១៦២​ និង​កងពល​តូចណាហាល់ ដែល​បន្ត​ឈរ​ជើង​នៅ​តាម​បណ្តោយ​គំនូស​ផ្លូវ​កាត់​ចែក​តំបន់​ហ្កាហ្សាជាពីរ។ គឺ​ជា​ខ្សែ​ការពារ​​ចាំ​​រារាំង​មិន​ឱ្យ​ពលរដ្ឋ​ហ្កាហ្សា​ខាង​ត្បូង​អាច​ឆ្លង​ទៅតំបន់​​ហ្កាហ្សា​ខាង​ជើងផង និង​ចាំ​បើក​ផ្លូវ​ឱ្យ​យោធា​អ៊ីស្រាអែល​ក្រែង​ត្រូវ​ចេញ​ធ្វើ​ប្រតិបត្តិការ​ម្តងម្កាលផង។

អ្នក​នាំពាក្យ​យោធា​អ៊ីស្រាអែល​បាន​គូស​បញ្ជាក់​ថា ​ទន្ទឹមនឹង​ការ​ដក​ទ័ព​ អ៊ីស្រាអែល​បាន​នឹង​ពង្រាយកម្លាំង​ឡើង​វិញ​នៅ​ជុំ​វិញ​តំបន់​ហ្កាហ្សា​ ជាមួយ​យុទ្ធសាស្ត្រ​ថ្មី គឺ​វាយប្រហារ​ចោះៗ​ នៅ​ពេល​បាន​ទទួល​ព័ត៌មានច្បាស់​លាស់​ពី​ភ្នាក់ងារ​ចារកិច្ច​ និង​សន្តិសុខ​។ សម្រាប់​ក្រុម​យោធា​អ៊ីស្រាអែល ការ​ពង្រាយទ័ព​ប្តូរ​យុទ្ធសាស្ត្រ​នេះ គ្មានពាក់​ព័ន្ធ​នឹងសម្ពាធ​​នយោបាយ​ ឬ​ឱសានវាទ​ណាមួយ​ពី​សំណាក់​សហរដ្ឋ​អាមេរិក​ទេ។ ​កាលពី​ថ្ងៃព្រហស្បតិ៍ លោកប្រធានាធិបតី​អាមេរិក​ចូបៃដិនព្រលយ​ជា​លើក​ទីមួយអំពី​ជំនួយ​យោធា​ឥត​លក្ខខណ្ឌ​​អាមេរិក​ចំពោះ​អ៊ីស្រាអែល​ បើ​ស្ថានភាព​មនុស្ស​នៅហ្កាហ្សា​មិន​ប្រសើរ។ ចំណែក​អង់គ្លេស​សម្ព័ន្ធ​មិត្ត​សំខាន់​ម្នាក់​ទៀត ក៏​បាន​ស្រែក​​ដែរ​ថា​ការគាំទ្រ​របស់​ឡុងដ៍ ​អាស្រ័យ​លើសកម្មភាព​អ៊ីស្រាអែល​ក្នុង​​ការ​គោរព​សិទ្ធិ​មនុស្សធម៌​អន្តរជាតិ។

ប៉ុន្តែយ៉ាងណា​ក៏​ដោយ​ ក៏​នេះ​ជា​សញ្ញា​ដ៏​ជាក់លាក់​​មួយ​ដែល​ថា​អ៊ីស្រាអែលកំពុង​​បើក​ផ្លូវ​ទៅ​រក​កិច្ចព្រមព្រៀង​ជាមួយ​ហាម៉ាស។ ​ការ​ចរចា​ស្វែង​រក​បទ​ឈប់​បាញ់​កំពុង​ចាប់​ផ្តើម​ជា​ថ្មី នៅ​ ​ថ្ងៃ​នេះ នៅ​​ក្រុង​គែរប្រទេស​អេហ្ស៊ីប៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ