អានតួអត្ថបទ
ជម្លោះ​​អ៊ីស្រាអែល​-ក្រុមហាម៉ាស

អូស្ត្រាលីតែង​តាំង​ទីប្រឹក្សាពិសេស​​ដើម្បីធានាតម្លាភាពនៃការ​​ស៊ើប​អង្កេត​​នៅហ្កាហ្សា

សង្គ្រាម​នៅហ្កាហ្សា ឈាន​ចូល​ខែ​ទី​៧​ហើយ។ ៦ខែ​កន្លងទៅ​នេះ ប្រជា​ពលរដ្ឋ​ប៉ាឡេស្ទីន​នៅ​តំបន់​ហ្កាហ្សា​ ស្លាប់​ស្ទើរជារៀង​រាល់ថ្ងៃ អស់​ជាង​៣ម៉ឺននាក់​ ព្រោះតែ​ការ​វាយប្រហារ​​របស់​ទាហានអ៊ីស្រាអែល ក្នុង​ហេតុផល​តាម​កម្ចាត់​ក្រុម​ហាម៉ាស។​ ​ ​​ប្រមុខ​ការទូត​អូស្ត្រាលី ​បានប្រកាសពីថ្ងៃ​សៅរ៍​ទី​៦មេសា ​ថារដ្ឋាភិបាល​អូស្ត្រាលី​នឹង​​ចាត់តាំង​ទីប្រឹក្សា​ពិសេស ដើម្បី​ស៊ើបអង្កេត​​ចំពោះ​ការស្លាប់​អ្នក​ធ្វើ​កិច្ចការ​​មនុស្សធម៌​ ៧ នាក់​​ ​ព្រោះតែ​ការ​វាយប្រហារ​ដ្រូន​របស់​អ៊ីស្រាអែល​​។ ការ​ចាត់តាំងអ្នក​​ស៊ើបអង្កេត​​ពិសេស​នេះ ​បន្ទាប់ពី​អ៊ីស្រាអែលបាន​ផ្តល់​មូលហេតុមួយ​ចំនួន​ ប៉ុន្តែ​ អូស្ត្រាលី យល់ថា​ មិន​គ្រប់​គ្រាន់។​​​

លោកស្រី ផែន្នី វង្ស រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី បញ្ជាក់ថារដ្ឋាភិបាលអូស្ត្រាលី ចង់បានស៊ើបអង្កេតដែលមាន«តម្លាភាពត្រឹមត្រូវ»ចំពោះការបាត់បង់ជីវិតពលរដ្ឋខ្លួន។
លោកស្រី ផែន្នី វង្ស រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី បញ្ជាក់ថារដ្ឋាភិបាលអូស្ត្រាលី ចង់បានស៊ើបអង្កេតដែលមាន«តម្លាភាពត្រឹមត្រូវ»ចំពោះការបាត់បង់ជីវិតពលរដ្ឋខ្លួន។ via REUTERS - AAP
ផ្សាយពាណិជ្ជកម្ម

​ក្នុង​សន្និសីទ​សារព័ត៌មាន​ នៅរដ្ឋធានី​កង់បេរ៉ា, លោកស្រី ផែន្នី វង្ស រដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី បញ្ជាក់​​ចំពោះ​មុខ​អ្នក​កាសែត ​ថាអូស្ត្រាលីនឹងចាត់តាំង​ទីប្រឹក្សា​ពិសេស​ម្នាក់ ដើម្បី​ស៊ើប​អង្កេត​សំណុំ​រឿងករណី​មរណភាព​របស់​អ្នក​ធ្វើ​កិច្ចការមនុស្សធម៌អន្តរជាតិ ៧ រូប ដែលបាន​​ស្លាប់​បាត់បង់​ជីវិត​ ព្រោះតែការវាយប្រហារដ្រូន​របស់អ៊ីស្រាអែល កាលពីថ្ងៃ​ចន្ទ​ទី​១មេសា។ ក្នុងចំណោម​​អ្នក​ធ្វើ​កិច្ចការ​​មនុស្សធម៌ ដែល​ស្លាប់​​ទាំង ៧ នាក់ មាន​ជនជាតិ អង់គ្លេស កាដាណា ប៉ូឡូញ ប៉ាឡេស្ទីន និង​ ​អូស្ត្រាលី។ ក្រោយ​ពី​ហេតុការណ៍នេះ អ៊ីស្រាអែលបានសារភាព​ថា​ជា«​កំហុស​ធ្ងន់» និង​បាន​​បញ្ឈរ​ជើង​អ្នក​ទទួល​ខុសត្រូវ​ ២​ នាក់ ដែល​ជាអ្នក​មើលការ​​ខុសត្រូវ​ចំពោះ​ការ​វាយប្រហារ​ដ្រូន​ថ្ងៃ​នោះ។​​

ទោះជាយ៉ាងនេះក្តី  រដ្ឋាភិបាល​អូស្ត្រាលី នៅចង់​បាន​ស៊ើប​អង្កេត​ដែល​មាន«​តម្លាភាព​ត្រឹមត្រូវ»​​ចំពោះ​ការ​បាត់​បង់ជីវិត​ពលរដ្ឋខ្លួន​។​ ការប្រកាស​​ចាត់តាំង​​អ្នក​ស៊ើប​អង្កេតពិសេស​ នៅពេលនេះ ​បន្ទាប់ពី​ អ៊ីស្រាអែល បាន​ផ្តល់ព័ត៌មាន​និង​​មូលហេតុមួយ​ចំនួន​ដែរ តែ អូស្ត្រាលី អះអាង​យ៉ាង​ច្បាស់​ថា​ មិន​គ្រប់​គ្រាន់ដូច​អ្វី​ដែល​អូស្ត្រាលីរំពឹង​រង់ចាំ​ចង់​បាន​ទេ​។ ចំពោះ​រដ្ឋបាល​ក្រុង​កង់ប៉េរ៉ា, ទង្វើ​ឧក្រិដ្ឋ​របស់​អ៊ីស្រាអែល បង្ហាញឲ្យ​ឃើញច្បាស់​ថា អ៊ីស្រាអែលបាន​​រំលោភបំពាន​នឹង​ច្បាប់​មនុស្សធម៌​អន្តរជាតិ​។ ទន្ទឹម​នឹងគ្នានេះ លោក José Andrés ប្រធាន​មូលនិធិ World Center Kitchen ដែលទទួល​កិច្ចការ​​យក​ជំនួយ​ស្បៀងមនុស្សធម៌​ទៅចែក​នៅ​តំបន់​ហ្កាហ្សា បាន​ថ្លែង​ប្រាប់​វិទ្យុABCអូស្ត្រាលី​ថា​ ការវាយប្រហារ​របស់​អ៊ីស្រាអែល​មិនមែនតាម​កម្ទេច​មនុស្សឃោរឃៅទេ​ តែជា​សង្គ្រាម​​ប្រឆាំង​នឹង​​មនុស្សធម៌​។​

តុល្យការសង្គ្រាម​នៅហ្កាហ្សា រយៈពេល​​ ៦ ខែមកនេះ  ខាង​អ៊ីស្រាអែល ស្លាប់​មនុស្ស​អស់ ជាង​ ១ ១០០ នាក់ ចំណែក​ខាងតំបន់​ប៉ាឡេស្ទីន បើតាម​អាជ្ញាធរ​សុខាភិបាល​ក្រុម​ហាម៉ាស​ មាន​ជន​រងគ្រោះ​ ស្លាប់​ ប្រមាណជាង​ ៣៣ ០០០ នាក់។​

កម្មវត្ថុ​ចម្បង​បំផុត​របស់ទាហាន​​អ៊ីស្រាអែល ដែល​នាយករដ្ឋមន្ត្រី បេនចាមិន នេតាន់យ៉ាហ៊ូ តែងតាំងអះអាងនោះ គឺការតាម​កម្ទេច​ឫសគល់​រចនាសម្ព័ន្ធ​ក្រុម​ហាម៉ាស និង រំដោះ​ចំណាប់​ខ្មាំងអ៊ីស្រាអែល​មកវិញ។ ប៉ុន្តែ បើ​តាម​អ្នក​វិភាគស្ថានការណ៍, វត្ថុបំណង​នេះមិន​អាចទៅរួច​ឡើយ  ព្រោះថា សង្គ្រាម​វាយប្រហារ​ស្ទើររាល់ថ្ងៃ ៦ ខែហើយ​ មិន​អាចជីក​រំលើងក្រុម​ហាម៉ាស ហើយការចរចា​​រំដោះចំណាប់​ខ្មាំង​ ក៏គ្មាន​បាន​លទ្ធផលច្រើន​សោះ បើទោះបីជា​មាន​សេចក្តី​សម្រេច​​ឲ្យ​ឈប់​បាញ់​ ពី​សំណាក់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​​ ហើយ​យ៉ាងណា​ក្តី​។

សឹកចម្បាំង​នៅហ្កាហ្សា​​នេះ ក៏​បាន​ធ្វើ​ឲ្យ​សង្គម​អ៊ីស្រាអែលបែកបាក់​​ប្រេះឆា​សាមគ្គីគ្នា​​ដែរ។ បាតុកម្មច្រើនឡើង​ៗ​នៅ​បណ្តា​ទីប្រជុំ​ជន​ ពិសេស​នៅ​ក្រុង​ហ្សេរ៉ូស្សាឡឹម និង​ក្រុង​តេល-អាវ៉ីវ ដើម្បី​ទាមទារ​បញ្ចប់​សង្គ្រាម, ទាមទារ​ ដោះលែង​ចំណាប់​ខ្មាំង, ទាមទារ​ឲ្យនាយករដ្ឋមន្ត្រី នេតាន់​យ៉ាហូ ចុះចេញពីតំណែង​​ ហើយ​និង​រៀប​ចំ​បោះឆ្នោត​មុន​អាណត្តិ​។​ ក្រុម​អ្នកប្រឆាំង​នឹង​រដ្ឋាភិបាល​អ៊ីស្រាអែល យល់ថា លោក​ នេតាន់​យ៉ាហូ បន្ត​ធ្វើសង្គ្រាម ព្រោះ​តែ ចង់នៅរក្សា​អំណាច​ដឹកនាំអ៊ីស្រាអែលតទៅទៀត​​​​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ